គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលចំនួនជាង៤០នាក់ ដែលអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង ២០ ហៅកាត់ថា G20 នៅប្រទេសឥណ្ឌូណេស៊ី (Indonesia) គ្មាននរណាម្នាក់ ឆ្លងកូវីដ១៩ នោះទេ លើកលែងតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់ឯងប៉ុណ្ណោះ។ នេះជាការប្រកាសលទ្ធផលធ្វើតេស្ត CPR រកជំងឺកូវីដ១៩ (Covid-19) របស់ក្រសួងសុខាភិបាល។
រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បត្តិ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឲ្យដឹងថា សុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសភាពធម្មតា និងពុំមានចេញរោគសញ្ញាអ្វីឡើយ។ ទោះជាយ៉ាង លោក ហ៊ុន សែន បារម្ភពីសុខភាពរបស់មេដឹកនាំប្រទេសជាច្រើនទៀត ដែលប្រាស្រ័យទាក់ទងជាមួយលោកដោយផ្ទាល់ នៅពេលដែលថ្នាក់ដឹកនាំទាំងនោះ បានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត។
ពាក់ព័ន្ធនឹងការរិះគន់ចំពោះការវិលត្រឡប់មកកម្ពុជាវិញដោយតក់ក្រហល់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បកស្រាយក្នុងខ្សែអាត់សំឡេងកាលពីយប់ថ្ងៃទី១៦ វិច្ឆិកាថា លោកមិនអាចចាត់តំណាង ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 បានឡើយ ព្រោះកម្ពុជាមិនមែនជាសមាជិកក្រុមប្រទេស G20។ លោកថា ការចូលរួមរបស់លោក គឺក្នុងឋានៈជាប្រធានអាស៊ាន តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះ។
ក្រៅពីខកខានកិច្ចប្រជុំកំពូល G20 ហើយ លោក ហ៊ុន សែន ក៏មិនអាចចូលរួមក្នុងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា អេពិច (APEC) ដែលគ្រោងធ្វើនៅប្រទេសថៃ ចាប់ពីថ្ងៃទី ១៧ ដល់ ១៨ វិច្ឆិកា បាននោះដែរ។ លោកបកស្រាយថា កិច្ចប្រជុំនេះ ក៏គេអញ្ជើញលោក ក្នុងឋានៈជាប្រធានប្ដូរវេនអាស៊ាន ដូចករណីកិច្ចប្រជុំ G20 ដែរ ដូច្នេះលោកគ្មានសិទ្ធចាត់តំណាងឱ្យទៅចូលរួមបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។