​ពលរដ្ឋ​​និង​សង្គមស៊ីវិល​ថា ក្រសួង​កសិកម្ម​បរាជ័យ​ទប់ស្កាត់​នាំ​ជ្រូក​មាន​ជំងឺ​ចូល​ពី​វៀតណាម

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា វៀតណាម និង​មន្ត្រី​សង្គមវិល​វាយ​តម្លៃ​ថា ក្រសួង​កសិកម្ម បាន​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​ហូរ​ចូល​ជ្រូក​មាន​ជំងឺ​ពី​ប្រទេស​វៀតណាម មក​កម្ពុជា​។ ការ​អះអាង​បែប​នេះ ដោយសារ​ពួកគេ​មើល​ឃើញ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម​នៅតែ​លួចលាក់​នាំ​ជ្រួក​ចូល​មក​កម្ពុជា​តាម​ច្រក​របៀង​នៅ​ពេល​យប់។

ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម ខេត្ត​ស្វាយរៀង អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ពិនិត្យ​ឡើង​វិញ ពី​ករណី​មន្ត្រី​ពាក់ព័ន្ធ នៅ​តាម​ច្រក​ព្រំដែន ដោយសារតែ​ពួកគេ​សង្កេត​ឃើញ​ថា មន្ត្រី​ជំនាញ​ទាំងនោះ នៅតែ​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ការ​នាំ​ជ្រូក​ចូល​ពី​ប្រ​ទេ​វៀតណាម តាម​ច្រក​របៀង​ដូង ស្រុក​រមាសហែក និង​ច្រក​របៀង​មួយ​ចំនួន​ទៀត របស់​ខេត្ត​ស្វាយរៀង។

ពលរដ្ឋ​រស់នៅ​ឃុំ​ដូង ស្រុក​រមាសហែក លោក កុយ ពេជ្រ ឱ្យ​ដឹង​នៅ​ថ្ងៃទី២២ មិថុនា ថា ពាណិជ្ជករ​រៀតណាម នៅតែ​លួចលាក់​នាំ​ជ្រូក​ចូល​មក​កម្ពុជា​នៅ​ពេល​យប់ និង​មាន​ជ្រូក​ខ្លះ កាប់​សាច់​ជា​កង់ៗ ច្រក​ការុង​ដាក់​រថយន្ត​។ ចំណែក​មន្ត្រី​ជំនាញ​តាម​ព្រំដែន មិន​បាន​ពិនិត្យ​គុណភាព​ទំនិញ​ទាំងនោះ ត្រឹមត្រូវ​ទេ​។ លោក​ថា ការ​បណ្ដោយ​ឱ្យ​នាំ​ជ្រូក​ពី​វៀតណាម​មក​លក់​នៅ​កម្ពុជា មិន​ត្រឹមតែ​ប៉ះពាល់​សុខភាព​នោះ​ទេ ថែមទាំង​ប៉ះពាល់​មុខ​របប ពលរដ្ឋ​ខ្មែរ​ដែល​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ៖ «គេ​កាប់​សាច់​ហើយ គេ​ដាក់​ទៃ​ (​ ការុង​ ) មានបាន​ពី​ណា​ពិនិត្យ​អី លួចលាក់​ជាមួយ​សមត្ថកិច្ច និង​ពេទ្យសត្វ លក្ខណៈ​ខ្លះ​គេ​រហូត​ទៅ ញាត់​ការុង​មក​ទៀត គេ​កាប់​នៅ​នោះ​រៀប​ភ្លឺ នាំចូល​ដឹក​ទាំង​ទៃៗ​មក​។ អ្នក​រកស៊ី​ដឹង​តែ​ផល​ចំណេញ ផល​ប៉ះពាល់​អី​គេ​មិនបាន​គិត​ទេ»។

បុរស​ដដែល​បារម្ភ​ថា ពលរដ្ឋ​នៅតែ​ភ័យខ្លាច បរិភោគ​សាច់​ជ្រូក និង​បន្លែ​ផ្លែឈើ​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម ខណៈ​សមត្ថកិច្ច​តាម​ច្រក​ព្រំ​នៅតែ​ធូររលុង ឱ្យ​ឈ្មួញ​វៀតណាម នាំ​ទំនិញ​ខូចគុណភាព ចូល​មក​លក់​នៅ​ទីផ្សារ​កម្ពុជា៖ «បារម្ភ​វា​ហួស​និយាយ​ហើយ ជូន​កាល​យក​សាច់​ជ្រូក​ស្ល​មក ចេញ​សុទ្ធតែ​ទឹក វា​មិន​ដឹង​ចិញ្ចឹម​របៀប​ម៉េច ជ្រូក​វៀតណាម​ចិញ្ចឹម​សុទ្ធតែ ២ ទៅ ៣ ខែ វា​ប៉ះពាល់​សុខភាព​ណាស់​ពីព្រោះ​គេ​ប្រើ​ថ្នាំ»។

អាស៊ីសេរី​បាន​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី២២ មិថុនា។ ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មិន​លើក​ទូរស័ព្ទ។

កន្លងទៅ​ក្រសួងកសិកម្ម​ធ្លាប់​ប្រកាស​ទទួលស្គាល់​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក (African Swine Fever) បាន​ផ្ទុះឡើង​ដំបូង កាលពី​ពាក់​កណ្ដាល​ខែ​មីនា ឆ្នាំ​២០១៩ ក្នុងស្រុក​អូរយាដាវ ខេត្ត​រតនគិរី ដែល​ស្ថិត​នៅ​ជាប់​នឹង​ព្រំប្រទល់ ខេត្ត​យ៉ាឡាយ របស់​ប្រទេស​វៀតណាម​។ ក្រសួង​សាមី និង​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​មិនទាន់​បង្ហាញ​មូលហេតុ ករណី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ផុស​ឡើង​ដោយសារ​ការ​ធ្វេស​ប្រហែល​របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ ដែល​បណ្ដោយ​ឱ្យ​មាន​ការ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​នៅ​ឡើយ​ទេ​។ មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ណា ថា​ជំងឺ​ជ្រូក​នេះ រាលដាល​ទៅ​ខេត្ត​ផ្សេង​ទៀត​នៅឡើយ​ទេ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ សង្កេត​ឃើញ​ថា រហូត​មក​ទល់​ពេលនេះ នៅ​តែ​មាន​ការ​លួច​នាំ​ជ្រូក​ចូល​មក ប្រទេស​កម្ពុជា ហើយ​គ្មាន​មន្ត្រី​ព្រំដែន​ណាមួយ​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​នោះ​ទេ​។ លោក​ថា កន្លងទៅ​អភិបាលខេត្ត​មួយ​ចំនួន និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ធ្លាប់​ប្រកាស ដក​តំណែង​ប្រធាន​មន្ទីរ​ណា ដែល​បណ្ដោយ​ឱ្យ​នាំ​ជ្រូក​ពី​វៀតណាម ក៏ប៉ុន្តែ​សារ​ព្រមាន​នេះ​គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ដែល​ជា​ហេតុ​នាំ​ឱ្យ​ពលរដ្ឋ​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​ចំណីអាហារ៖ «មើល​មិន​ឃើញ​ពី​វិធានការ​អី​ផ្សេងៗ ក្រៅពី​ការអនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ហ្នឹង​ទេ រហូតមកដល់​ពេលនេះ ជ្រូក​នៅតែ​លួច​នាំ​ចូល​មក​ប្រទេស​កម្ពុជា ហើយ​អ្នក​នាំចូល​នៅតែ​នាំចូល​បាន ហើយ​គ្មាន​មន្ត្រី​ព្រំដែន​ណាមួយ​ត្រូវ​បាន​ប្រឈមមុខ​ផ្លូវច្បាប់​នោះ​ទេ ជា​លទ្ធផល​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ភ័យ​ព្រួយ​ជាមួយ​បរិភោគ​សាច់​ជ្រូក និង​ទី​២ ប្រព័ន្ធ​អនុវត្ត​ច្បាប់​ធូររលុង អ្នក​ដែល​ចំណេញ​គឺ​អ្នក​ដែល​រកស៊ី​ជ្រូក»។

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម​អះអាង​ថា ពលរដ្ឋ​វៀតណាម ចិញ្ចឹម​ជ្រូក​មាន​ស្តង់ដារ​ពី ទី​១ ជ្រូក​ល្អៗ​សម្រាប់​លក់​ក្នុង​ប្រទេស​របស់​គេ រីឯ​ជ្រូក​ណា​ផ្ទុក​ជំងឺ និង​មាន​សារធាតុ​គីមី គឺ​សម្រាប់​នាំ​ចូល​មក​លក់​នៅ​ស្រុក​ខ្មែរ បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​ពលរដ្ឋ​។ ពួកគេ​សង្កេត​ឃើញ​ថា កាលពី​សម័យ​សង្គមរាស្ត្រនិយម និង អំឡុង​ទសវត្សរ៍​ទី ៨០ និង ៩០ ពុំ​មានការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ទេ គឺ​មាន​តែ​នាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​លក់​នៅ​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។