ក្រសួង​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ពិនិត្យ​កន្លែង​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ស្រុក​បាភ្នំ​ខេត្ត​ព្រៃវែង

ដោយ អាស៊ីសេរី
2018.02.17
ផ្ដាសាយ​បក្សី ព្រៃវែង ៦២២ មន្ត្រី​ជំនាញ​ចុះ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​ក្នុង​ភូមិ​ព្រៃផ្ដៅ ឃុំ​ស្ដៅកោង ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
រូបថត​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុង​បញ្ជូន​មន្ត្រី​ជំនាញ​បសុពេទ្យ​ខេត្ត​ព្រៃវែង និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក្រសួង​កសិកម្ម ឲ្យ​ចុះ​ទៅ​ពិនិត្យ​តំបន់​ដែល​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។

​វិធានការ​របស់​ក្រសួង​កសិកម្ម​នេះ ក្រោយ​ទទួល​បាន​ដំណឹង​ថា មាន​ករណី​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ក្នុង​ភូមិ​ព្រៃផ្ដៅ ឃុំ​ស្ដៅកោង ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ។  រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​បញ្ជា​ឲ្យ​បញ្ជូន​មន្ត្រី​ជំនាញ​បសុពេទ្យ​ខេត្ត​ចំនួន ៨​នាក់ និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម ចំនួន ៥​នាក់​ទៀត ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដែល​ផ្ទុះ​នូវ​ជំងឺ​ផ្ដាសាយ​បក្សី​ក្នុង​ភូមិសាស្ត្រ​នេះ។

គេហទំព័រ​ហ្វេសប៊ុក (Facebook) របស់​ក្រសួង​កសិកម្ម ចេញ​ផ្សាយ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បង្ហាញ​ថា យុទ្ធនាការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​ផ្ដាសាយ​បក្សី​ក្នុង​ទឹក​ដី​ខេត្ត​ព្រៃវែង ក្រុម​មន្ត្រី​ជំនាញ​បាន​ណែនាំ​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​នេះ មិន​ឲ្យ​បរិភោគ​សត្វ​បក្សី​ដែល​ឈឺ​ឡើយ ត្រូវ​ដុត​កម្ទេច​ចោល​រាល់​បក្សី​ដែល​មាន​ជំងឺ ឬ​ងាប់ និង​បក្សី​ដែល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​ផ្ដាសាយ​បក្សី ត្រូវ​ហាម​ក្មេងៗ​មិន​ឲ្យ​ប៉ះពាល់​សត្វ​បក្សី​ឈឺ​ទាំង​អស់​ជា​ដាច់​ខាត។ ក្នុង​យុទ្ធនាការ​ដដែល​នោះ មន្ត្រី​ជំនាញ​បាន​ដុត​កម្ទេច​ចោល​សត្វ​មាន់ និង​ទា ដែល​មាន​ជំងឺ​ផ្ដាសាយ​បក្សី​ជាង ៣០០​ក្បាល (៣១១)។

​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ លោក វេង សុខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​ទប់ស្កាត់​ការ​ចរាចរណ៍​សត្វ​ចេញ​ពី​ភូមិ​ព្រៃផ្ដៅ ឃុំ​ស្ដៅកោង ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ក្រោយ​ពី​រក​ឃើញ​ករណី​ជំងឺ​ផ្ដាសាយ​បក្សី H5N1 នៅ​ក្នុង​តំបន់​នោះ។ រោគ​សញ្ញា​ជំងឺ​នេះ​មាន​ដូចជា គ្រុនក្ដៅ​លើស​ពី ៣៨,៥​អង្សា​សេ និង​មាន​រោគសញ្ញា​ក្អក ឬ​ឈឺ​ក ឬ​ដក​ដង្ហើម​ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុង​អំឡុង​ពេល ៧​ថ្ងៃ​មុន​ចេញ​រោគសញ្ញា។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បញ្ជាក់​ថា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ត្រូវ​ចាត់​វិធានការ​បសុព្យាបាល​ជា​បន្ទាន់ នៅ​តំបន់​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី។ ត្រូវ​បំផ្លាញ​ចោល​ចំពោះ​បក្សី​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅ​តាម​វិធាន​បច្ចេកទេស។ ផ្អាក​បណ្ដោះអាសន្ន​នូវ​ការ​ទិញ ការ​លក់ និង​ការ​ដឹក​ជញ្ជូន​បក្សី​គ្រប់​ប្រភេទ ចេញ ចូល ឆ្លង​កាត់​ក្នុង​តំបន់ ៣​គីឡូម៉ែត្រ​ជុំវិញ។ ឃ្លាំមើល​តំបន់​ផ្ទុះ​ជំងឺ​នោះ​រយៈពេល ៣០​ថ្ងៃ និង​ត្រូវ​ចុះ​សិក្សា​ជុំវិញ​តំបន់​នោះ​ក្នុង​រយៈ​ចម្ងាយ ១០​គីឡូម៉ែត្រ។

​មក​ទល់​ពេល​នេះ ក្រសួង​កសិកម្ម​នៅ​មិន​ទាន់​បញ្ជាក់​ថា តំបន់​ដែល​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ខេត្ត​ព្រៃវែង នេះ មាន​មនុស្ស​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី AI ឬ H5N1 នៅ​ឡើយ​ទេ។

កាល​ពី​ចុង​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ក៏​មាន​ករណី​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ក្នុង​ខេត្ត​កំពង់ចាម និង​ខេត្ត​កំពង់ធំ ដែរ តែ​ត្រូវ​បាន​ទប់ស្កាត់​ទាន់​ពេល​វេលា។ ចាប់​តាំង​ពី​ឆ្នាំ​២០០៥ ដល់​២០១៤ ប្រទេស​កម្ពុជា ធ្លាប់​កើត​មាន​ជំងឺ​ផ្ដាសាយ​បក្សី​ដែល​បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន ៥៦​ករណី ក្នុង​នោះ​មនុស្ស ៣៧​នាក់​បាន​ស្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។