អ្នកជំងឺកូវីដ១៩ ចំនួន ៣ នាក់បន្ថែមទៀតបានស្លាប់ នៅថ្ងៃអាទិត្រនេះ។ ចំណែកករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាលបញ្ជាក់ថា មានចំនួនជាង ៣រយ(៣៥០) នាក់ ខណៈអ្នកជាសះស្បើយមានរហូតដល់ជាង ១ពាន់ ៣រយ (១.៣៨០) នាក់។
នៅថ្ងៃដដែលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា វ៉ាក់សាំងក្រុមហ៊ុនចិនស៊ីណូវ៉ាក់(Sinovac) ចំនួន ៥ សែនដូសបន្ថែមទៀត បានដឹកមកដល់កម្ពុជាទៀតហើយនៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ ។ នេះគឺជាវ៉ាក់សាំងលើកទី៤ហើយដែលរដ្ឋាភិបាល បានបញ្ជាទិញពីក្រុមហ៊ុនចិនស៊ីណូវ៉ាក់ (Sinovac)។ លោក ហ៊ុន សែន បង្ហោះសារនៅលើទំព័រហ្វេសប៊ុក(Facebook)ថា រដ្ឋាភិបាលនឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០ លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០ លាននាក់ ដើម្បីបង្កើតភាពសាំ និងឲ្យទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ។
មកដល់ពេលនេះ ប្រជាពលរដ្ឋជាង ២ លាននាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា កម្ពុជាមានអ្នកកើតជំងឺកូវីដជាង ២ម៉ឺន ២ពាន់ (២២ ១៨៤) នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបជាង ១ម៉ឺន ២ពាន់(១២.១២០)នាក់ និងអ្នកស្លាប់មានចំនួន ១៥០ នាក់។ ក្រៅពីនេះ អ្នកជំងឺរាប់ពាន់នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។