អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់ជិត ១ពាន់ ៣រយនាក់ (១.២៨៣) ហើយ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា បន្ទាប់ពីអ្នកជំងឺ ២៩នាក់ទៀតបានស្លាប់។ ចំពោះករណីឆ្លងថ្មីវិញ មានជាង ៨រយនាក់ (៨១៩) នៅថ្ងៃដដែលនេះ ក្នុងនោះជាងពាក់កណ្តាល (៤២៣) ជាករណីនាំចូលពីក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកក្កដា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ៧ម៉ឺន ២ពាន់នាក់ (៧២.៩២៣) ក្នុងនោះ អ្នកជាសះស្បើយមានជាង ៦ម៉ឺន ៥ពាន់នាក់ (៦៥.២៦៤)។
ទាក់ទងរឿងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩វិញ ក្រសួងសុខាភិបាលប្រកាសថា រដ្ឋាភិបាលបានចាក់ជូនពលរដ្ឋបានជិត ៧លាននាក់ហើយ ក្នុងចំណោមពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងចំនួន ១០លាននាក់ គិតត្រឹមថ្ងៃ២៤ ខែកក្កដា។
ទោះជាបែបនេះក្តី ជាច្រើនសប្តាហ៍មកនេះ តួលេខអ្នកឆ្លងថ្មី និងអ្នកស្លាប់នៅតែស្ថិតក្នុងកម្រិតខ្ពស់ខ្លាំង។ អ្នកឆ្លងថ្មីមានចន្លោះពីជាង ៨រយនាក់ ដល់ជាង ១ពាន់នាក់ ខណៈអ្នកស្លាប់វិញ មានចន្លោះពីជិត ២០នាក់ រហូតដល់ជិត ៤០នាក់ ក្នុងមួយថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។