ពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលឆ្លងជំងឺកូវីដ១៩ នោះ សោកស្ដាយយ៉ាងខ្លាំង ដែលរដ្ឋាភិបាលខ្មែរនិងថៃ មិនជួយសង្គ្រោះអាយុជីវិតរបស់ពួកគាត់នាគ្រាអាសន្ននេះ។
ពលករខ្មែរធ្វើការសំណង់នៅទីក្រុងបាងកកលោក រាប សារឹន ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២២ ខែមិថុនាថា លោកនិងពលករខ្មែរជាច្រើននាក់ទៀត គ្មានលទ្ធភាពព្យាបាលជំងឺដោយខ្លួនឯងនោះទេ។ ពលករវ័យ ៣៦ ឆ្នាំរូបនេះ ព្រួយបារម្ភខ្លាចស្ថានភាពជំងឺរបស់ខ្លួនកាន់តែធ្ងន់ធ្ងរ ហើយមិនអាចទប់នឹងជំងឺកាចសាហាវនេះបាន ព្រោះនៅពេលនេះ លោកឈឺបំពង់ក និងណែនដើមទ្រូងពិបាកដកដង្ហើមបណ្ដើរៗហើយ។ លោកបន្តថា មានពលករខ្លះសុខភាពទ្រុឌទ្រោមខុសប្រក្រតីយ៉ាងលឿន ក្រោយពេលពួកគាត់ឆ្លងជំងឺកូវីដ១៩ ជាពិសេសទារកអាយុក្រោម ៩ ខែចំនួន ២ នាក់មានសុខភាពទន់ខ្សោយខ្លាំង៖ «កូនខ្ចីកូនង៉ាក្ដៅខ្លួនយំ សុំគេទៅពេទ្យគេមិនឱ្យទៅផង គេថាពេទ្យគេអត់មានគ្រែដេក។ កំសត់ណាស់ ខ្ញុំមានអារម្មណ៍ថា គេមិនសូវគិតគួររឿងខ្មែរយើង គេទុកឱ្យយើងព្យាបាលខ្លួនតាមដំណើរបើរស់ក៏រស់ទៅ បើស្លាប់ក៏ស្លាប់ទៅ។ ព្រួយជាងគេ គឺក្មួយខ្ញុំនឹងឯង អាយុ ៥ ខែ ហើយកូនគាត់មួយទៀតអាយុ ២ ខែ ហើយម្ដាយគ្មានកម្លាំងកំហែងឱ្យកូនបៅដោះទេ។ ខ្ញុំសុំឱ្យគេតែកូនក្មេងតូចៗនឹងយកគ្នាទៅមើលសិនទៅ កុំទុកឱ្យគ្នានៅវេទនាអីចឹងអី»។
ពលករខ្មែរធ្វើការនៅកណ្ដាលទីក្រុងបាងកកមួយក្រុមនេះមានគ្នាប្រមាណ ៥០ នាក់ ពួកគេបានឆ្លងជំងឺកូវីដ១៩ ជាង ១ សប្ដាហ៍មកហើយ គឺពុំមានអាជ្ញាធរណាបញ្ជូនពួកគាត់ទៅមន្ទីរពេទ្យដើម្បីព្យាបាលនៅឡើយទេ។ បន្ថែមពីនេះពួកគាត់ត្រូវបានថៅកែថៃបង្ខាំងឱ្យនៅមួយកន្លែងក្នុងតង់សំពត់កៅស៊ូនៅកន្លែងធ្វើការ ដោយផ្ដល់ស្បៀងអាហារបន្តិចបន្តួចសម្រាប់ហូបចុកប៉ុណ្ណោះ។
ជាមួយគ្នានេះកាលពីថ្ងៃទី១៩ ខែមិថុនា មានពលករខ្មែរម្នាក់ឈ្មោះ សឿង សូត អាយុ ៤៥ ឆ្នាំបានដេកស្លាប់នៅក្នុងបន្ទប់ម្នាក់ឯងនៅទីក្រុងបាងកក។ អាជ្ញាធរថៃបានបញ្ជូនសពពលករខ្មែររូបនេះទៅធ្វើកោសល្យវិច័យរកឃើញឆ្លងជំងឺកូវីដ១៩។ បច្ចុប្បន្នសពរបស់ពលកររូបនេះ ត្រូវបានអាជ្ញាធរថៃបូជារួចហើយ ខណៈដែលប្រពន្ធរបស់សពកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅឡើយ។
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ដើម្បីសុំអត្ថាធិប្បាយជុំវិញពីក្ដីកង្វល់របស់ក្រុមពលករខ្មែរទាំងនេះបានទេនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែមិថុនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែមន្ត្រីស្ថានទូតខ្មែរបានប្រាប់ពលករទាំងនោះថា ស្ថានទូតគ្មានលទ្ធភាពជួយពួកគាត់ក្នុងគ្រាអាសន្ននេះបានទេ។ បន្ថែមពីនេះ មន្ត្រីស្ថានទូតថា ថៅកែជនជាតិថៃបានផ្ដល់ស្បៀងអាហារនិងកន្លែងស្នាក់នៅជូនដល់ពួកគាត់នោះ គឺជាការសមល្មមហើយ។
ទោះជាយ៉ាងណា មន្ត្រីការពារសិទ្ធិពលករខ្មែរនៅប្រទេសថៃលោក ទិត្យ ផល្លា មានប្រសាសន៍ថា រឿងនេះអាជ្ញាធរខ្មែរនិងថៃគួរតែជួយដល់ពលករខ្មែរទាំងនោះជាបន្ទាន់ ជាពិសេសកុមារតូច ត្រូវតែបញ្ជូនពួកគេទៅព្យាបាលនៅមន្ទីរពេទ្យឱ្យបានឆាប់។ លោកបញ្ជាក់ថា ការដែលពលកររស់នៅតាមយថាកម្មបែបនេះ គឺជាការប្រឈមនឹងគ្រោះដល់អាយុជីវិត ដោយសារពួកគាត់ភាគច្រើនហូបអាហារមិនមានជីវជាតិគ្រប់គ្រាន់ និងមានសុខភាពខ្សោយ៖ «ករណីបែបនេះមានច្រើនមែនទែនដែលឆ្លងហើយគាត់មិនទទួលការរក្សាព្យាបាលឱ្យទាន់ពេលវេលា។ ពួកគាត់ឡាយ (live)តាមហ្វេសប៊ុកសុំការជួយសង្គ្រោះ ឬសុំជំនួយអីនឹងថៅកែរបស់ពួកគាត់ហ្នឹងកន្លែងខ្លះគេហាមឃាត់មិនឱ្យពួកគាត់ឡាយសុទ្ធទេ ព្រោះគេខ្លាចគេដឹងព័ត៌មានពីកន្លែងធ្វើការរបស់គេ។ ខ្ញុំមើលឃើញថា បើសិនជាបណ្ដោយទុកឱ្យពួកគាត់នៅរបៀបហ្នឹង គឺធ្វើឱ្យជំងឺកូវីដវារាតត្បាតមានទំហំកាន់តែធំឡើង »។
លោក ទិត្យ ផល្លា បន្តថា មួយរយៈនេះមានពលករខ្មែរជាច្រើនកន្លែង បានឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ ហើយពួកគាត់ភាគច្រើនត្រូវបានថៅកែថៃបង្ខាំងនៅកន្លែងធ្វើការ ដោយមិនមានថ្នាំព្យាបាលជំងឺឱ្យបានត្រឹមត្រូវនោះទេ។ លើសពីនេះលោកថា អាជ្ញាធរថៃមិនបានអើពើបញ្ជូនពួកគាត់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យដូចជនជាតិថៃឡើយ។ មន្ត្រីការពារសិទ្ធិពលកររូបនេះជឿថា អំឡុងពេលនេះមានពលករខ្មែរជាច្រើននាក់បានឆ្លងជំងឺកូវីដ១៩ ហើយស្លាប់ជារៀងរាល់ថ្ងៃ ប៉ុន្តែត្រូវបានថៅកែនិងអាជ្ញាធរថៃបិទព័ត៌មាន។ ចាប់តាំងពីខែមេសាមក ក្រសួងសុខាភិបាលថៃ បានរកឃើញអ្នកឆ្លងជំងឺកាចសាហាវនេះ ជិត២សែននាក់ (១៩៦.៥០២) ហើយអ្នកស្លាប់កើនដល់ជាង ១ពាន់ ៥០០នាក់ (១.៥០០) ហើយ គិតត្រឹមថ្ងៃទី២២ ខែមិថុនា។ នៅថ្ងៃទី២២ ខែមិថុនា ក្រសួងសុខាភិបាលថៃ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ជាង ៤ពាន់នាក់ (៤,០៥៩) និងអ្នកស្លាប់ចំនួន ៣៥ នាក់។
របាយការណ៍អង្គការសង់ត្រាល់ (Central) ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការស្របច្បាប់និងមិនស្របច្បាប់មានជាង១លាន៨សែននាក់ (១.៨០០.០០០) ធ្វើការនៅប្រទេសថៃ៕
Opens in new windowកំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
