គណបក្សសង្គ្រោះជាតិអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ ការពារខ្លួនដោយខ្លួនឯង ក្រោយលោក ហ៊ុន សែន មិនបានចាត់វិធានការត្រឹមត្រូវ ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពីការឆ្លងជំងឺរលាកផ្លូវដង្ហើម កូវិត-១៩ នេះ។
នៅក្នុងសេចក្តីអំពាវនាវ ចេញកាលពីរាត្រី ថ្ងៃទី១៥ ខែ កុម្ភៈ គណបក្សសង្គ្រោះជាតិ លើកឧទាហរណ៍នៃការមិនយកចិត្តទុកដាក់ត្រឹមត្រូវរបស់របបក្រុងភ្នំពេញ ដូចជាការទុកឱ្យពលរដ្ឋខ្មែរបន្តរស់នៅកន្លែងផ្ទុះមេរោគ គឺទីក្រុងវូហាន និងទុកបន្តឱ្យមានជើងហោះហើរជាមួយប្រទេសចិន ព្រមទាំងឱ្យពលរដ្ឋចិនរាប់ពាន់នាក់ពីទីក្រុងវូហាន ចូលមកកាន់ប្រទេសកម្ពុជា និងធ្វើដំណើរដោយសេរី ពេញផ្ទៃប្រទេស ដោយគ្មានត្រួតពិនិត្យសុខភាពអ្នកទាំងនោះ។
ជាងនេះទៅទៀត គណបក្សសង្គ្រោះជាតិ លើកយកករណីនៃការរកឃើញជំងឺរលាកផ្លូវដង្ហើមនេះ នៅលើស្ត្រីអាមេរិកវ័យ ៨៣ ឆ្នាំ ដែលជាអ្នកដំណើរលើកប៉ាល់ Westerdam នោះ។ គណបក្សនេះ បន្ថែមថា លោក ហ៊ុន សែន ថែមទាំងគំរាមកំហែង និងព្រមានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរណា ដែលហ៊ាននិយាយពីការផ្ទុះរីករាលដាលនៃជំងឺនេះ និងមិនលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែររកវិធីការពារខ្លួន ដូចជាការប្រើម៉ាស់ជាដើម។
អាជ្ញាធរកម្ពុជា នៅតែបន្តឱ្យជនជាតិហូរចូលកម្ពុជា ស្របពេលប្រទេសចិនឯណោះ បានបិទទីក្រុងជាច្រើន ដើម្បីបង្ការបញ្ហានេះ។
ដោយសារមូលហេតុទាំងនេះ គណបក្សប្រឆាំងអំពាវនាវឱ្យពលរដ្ឋខ្មែរ ប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងប្រកាន់ខ្ជាប់នូវវិធានការអនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនពីការឆ្លងមេរោគនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។