អាជ្ញាធរចិនរកឃើញថ្មីថា មេរោគកូរ៉ូណាថ្មី ឬកូវីដ-១៩ អាចសម្ងំក្នុងខ្លួនមនុស្សរហូតដល់ ២៧ ថ្ងៃឯណោះ។ សារព័ត៌មានអង់គ្លេស រ៉យទ័រ(Reuters) កាលពីថ្ងៃទី២២ ខែកុម្ភៈ ដកស្រង់សម្ដីរបស់មន្ត្រីនៃអាជ្ញាធរខេត្តហ៊ូបេ (Hubei) ថា ការរកឃើញថ្មីនេះ ក្រោយបុរសជនជាតិចិនម្នាក់ វ័យ ៧០ ឆ្នាំ ផ្ទុកមេរោគកូរ៉ូណាថ្មី ឬកូវីដ-១៩ នេះ រហូតដល់ ២៧ ថ្ងៃទើបចេញជារោគសញ្ញា។
បុរសនេះ ឈ្មោះ ជាំង (Jiang) កាលពីថ្ងៃទី២៤ ខែមករា បានធ្វើដំណើរទៅសួរសុខទុក្ខប្អូនស្រីរបស់គាត់ ដែលផ្ទុកជំងឺនេះ នៅភាគីខាងជើងនៃខេត្តហ៊ូបេ។ គាត់រស់នៅក្រុងអ៊ីហ្ស៊ូ (Ezhou) នៅប៉ែកខាងកើតនៃខេត្តហ៊ូបេនេះ។ ដល់ថ្ងៃទី២០ ខែកុម្ភៈ ពោលគឺបាន ២៧ ថ្ងៃ ក្រោយទៅលេងប្អូនស្រីនោះ គាត់ចាប់មានជំងឺគ្រុនក្ដៅ។ មួយថ្ងៃក្រោយមក ទើបរកឃើញថា គាត់មានផ្ទុកជំងឺកូរ៉ូណាថ្មីនេះ។
កន្លងមក អង្គការសុខភាពពិភពលោក បានប្រកាសថា មេរោគនេះ អាចសម្ងំក្នុងខ្លួនមនុស្សរហូតដល់ ១៤ ថ្ងៃ ទើបចេញរោគសញ្ញា។ ក្រោយមកអ្នកស្រាវជ្រាវចិន នៅទីក្រុងវូហាន បានរកឃើញថា រយៈពេលសម្ងំនេះ អាចមានដល់ ២៤ថ្ងៃ។ ហើយចុងក្រោយនេះ ការរកឃើញថ្មី គឺមានដល់ ២៧ថ្ងៃឯណោះ។
ដូច្នេះ រយៈពេលដែលមេរោគនេះ អាចសម្ងំបានកាន់តែយូរក្នុងខ្លួនមនុស្ស គឺកាន់តែធ្វើឱ្យការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ កាន់តែជួបការលំបាក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។