នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រសួងសុខាភិបាលកម្ពុជា ប្រកាសតាមហ្វេសប៊ុកនៅល្ងាចថ្ងៃទី១៨ កុម្ភៈថា កម្ពុជានៅមិនទាន់រកឃើញអ្នកទេសចរណាម្នាក់មានជំងឺរលាកផ្លូវដង្ហើម កូវីដ-១៩ (Covid-19) នៅឡើយទេ ទោះបីនាយកដ្ឋាននេះបានយកវត្ថុវិភាគរាប់រយករណីទៅវិភាគក្ដី។ រីឯករណីប្រជាពលរដ្ឋខ្មែរវិញ ក៏នៅមិនទាន់រកឃើញមានដែរ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបញ្ជាក់លើការអះអាងនេះថា នាយកដ្ឋានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) ក្រុមគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (USCDC) និងមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា (Pasteur CAMBODIA) ប្រកបដោយសមត្ថភាព និងភាពជឿជាក់ ក្នុងការបង្ការ និងឆ្លើយតបជំងឺ កូវីដ-១៩ និងគាំទ្រដោយមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិ។
ប្រទេសកម្ពុជាធ្លាប់រកឃើញជនជាតិចិនម្នាក់ មានជំងឺរលាកផ្លូវដង្ហើមនេះ ប៉ុន្តែក្រសួងសុខាភិបាលអះអាងថា បានព្យាបាលជា ដោយបានបញ្ជូនទៅប្រទេសចិនវិញហើយ។ កាលពីសប្ដាហ៍មុន ម៉ាឡេស៊ី រកឃើញជនជាតិអាមេរិកម្នាក់ មានផ្ទុកជំងឺរលាកផ្លូវដង្ហើម Covid-19 បន្ទាប់ពីចាកចេញពីកម្ពុជាពីកប៉ាល់ទេសចរ។ លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់មួយចំនួនបានទៅទទួលអ្នកទេសចរណ៍ចេញពីកប៉ាល់ទេសចរ (Westerdam)។
សម្រាប់តួលេខអ្នកឆ្លងមេរោគបង្កជំងឺ កូវីដ-១៩ ទូទាំងពិភពលោក ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានល្បឿនថយចុះជាងថ្ងៃម្សិលមិញជិតពាក់កណ្ដាល។
គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី១៨ ខែកុម្ភៈនេះ ចំនួនអ្នកឆ្លងសរុបនៅទូទាំងពិភពលោក ឡើងដល់ជាង ៧ម៉ឺន ៣ពាន់នាក់ (៧៣.៣៣៦) គឺលើសម្សិលមិញចំនួនជាង ១ពាន់ ៤រយនាក់ (១.៤៣៤នាក់)។ ទន្ទឹមគ្នានេះ ចំនួនអ្នកស្លាប់ឡើងដល់ជាង ១ពាន់ ៨រយនាក់ (១.៨៧៤នាក់)។ អ្នកបានព្យាបាលជាសះស្បើយមានចំនួនជាង ១ពាន់ ៣រយនាក់ (១៣.០៤៩នាក់)៕
