ជំងឺគ្រុនឈាមកើនឡើងខ្លាំងអំឡុងពេល៥ខែ ឆ្នាំ២០២៤ បើធៀបកាលពីឆ្នាំ២០២៣
2024.05.30
ជំងឺគ្រុនឈាមកើនឡើងខ្លាំងជិត ៥ពាន់ ៧រយករណី (5,695) ក្នុងអំឡុងពេល៥ខែ ឆ្នាំ២០២៤ បើធៀបរយៈពេលដូចគ្នាដែលមានជាង ២ពាន់ ៧រយករណី កាលពីឆ្នាំ២០២៣ គឺលើសជិត ៣ពាន់ករណី។
ក្នុងអំឡុងពេល៥ខែឆ្នាំ២០២៤នេះ ក៏មានអ្នកស្លាប់ចំនួន ១៣នាក់ ហើយបច្ចុប្បន្នកម្ពុជា គ្មានវ៉ាក់សាំងការពារជំងឺគ្រុនឈាមនៅឡើយទេ។
នាយកកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាម លោកវេជ្ជបណ្ឌិត លាង ឫទ្ធា ប្រាប់កាសែតក្នុងស្រុកថា ក្នុងឆ្នាំ ២០២៤នេះ លោកប៉ាន់ប្រមាណថា កម្ពុជានឹងមានអ្នកជំងឺគ្រុនឈាមអាចកើនឡើងរហូតដល់ជាង ៤ម៉ឺនករណី គឺលើសជាងឆ្នាំ២០២៣ ដែលមានជាង ៣ម៉ឺនករណី។ ចំណែកអ្នកស្លាប់ដោយសារគ្រុនឈាមក្នុងឆ្នាំ២០២៣ គឺមានចំនួន ៣៨នាក់។
ក្រសួងសុខាភិបាល ប្រកាសឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះវ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ ក្យូដេនហ្គា «Qdenga» ដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គមឱ្យពលរដ្ឋប្រើប្រាស់ ពីព្រោះវ៉ាក់សាំងនេះ អង្គការសុខភាពពិភពលោក (WHO) នៅពុំទាន់ទទួលស្គាល់នៅឡើយទេ។ក្រសួងសុខាភិបាល ក៏អំពាវនាវឱ្យប្រជាពលរដ្ឋ កំចាត់ដង្កូវទឹក និងមូសខ្លា ដោយកំទេចចោល វត្ថុដក់ទឹក ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង សំបកដប សំបកដូង និងវត្ថុដ៏ទៃទៀតដែលនៅជុំវិញបរិវេណផ្ទះ។ បន្ថែមពីនេះ ត្រូវរស់នៅអនាម័យស្អាតល្អ ការពារកុមារកុំឲ្យមូសខាំ ដោយគេក្នុងមុងទាំងថ្ងៃទាំងយប់ ស្លៀកពាក់ខោអាវវែងៗ កុំឲ្យកុមារលេងនៅទីងងឹត និងត្រូវបើកទ្វារបើកបង្អួចឲ្យមានពន្លឺថ្ងៃចូលគ្រប់គ្រាន់។
ប្រសិនបើកុមារ ក្តៅខ្លួនខ្លាំងភ្លាមៗ មុខឡើងក្រហម ឈឺក្បាល ឈឺសាច់ដុំនិងសន្លាក់ ចង់ក្អួតឬក្អួត សូមកុំសាកល្បងព្យាបាលដោយខ្លួនឯង គឺត្រូវស្វែងរកសេវាថែទាំសុខភាពជាបន្ទាន់ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។