ក្រសួងអប់រំ ក្រសួងសុខាភិបាល និងអង្គការជាដៃគូនានា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ រៀបចំសិក្ខាថ្នាក់ជាតិស្ដីពីការវាស់គំហើញរូបភាពសិស្សតាមសាលារៀន ដើម្បីបណ្ដុះបណ្ដាលដល់គ្រូបង្គោលដែលមកពី ២៥ខេត្ត រាជធានីទូទៅប្រទេស។ វគ្គសិក្សានេះ ដើម្បីផ្ដល់ឱកាសចំពោះលោកគ្រូ អ្នកគ្រូដឹងពីរបៀបសង្កេតមើលសិស្សណាដែលបញ្ហាសុខភាពភ្នែក។
គ្រូឧទ្ទេសជាសិក្ខាកាម លើកឡើងថា គាត់នឹងយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងសាលារៀន និងចែករំលែកដល់គ្រូបង្រៀនដទៃផ្សេងទៀត ស្ដីពីរបៀបវាស់ភ្នែកសិស្ស និងរបៀបសម្គាល់សិស្សដែលមានជំងឺភ្នែកមីញ៉ូប និងជំងឺភ្នែកខ្ជិល។
រដ្ឋមន្ត្រីក្រសួងអប់រំ លោកបណ្ឌិត ហង់ ជួនណារ៉ុន លើកឡើងថា សិស្សានុសិស្សណាដែលមានជំងឺភ្នែកមីញ៉ូប និងជំងឺភ្នែកខ្ជិល គឺមិនអាចរៀនបានពូកែ និងអាចពិការភ្នែកអស់មួយជីវិត។ លោកលើកទឹកចិត្តឱ្យគ្រូបង្រៀន បង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពភ្នែកសិស្សគ្រប់រូបតាមរយៈការសង្កេត និងការរកមើលសិស្សណាដែលមើលអក្សរ និងរូបភាពរយៈចម្ងាយ ៦០ម៉ែត្រមិនច្បាស់ល្អដើម្បីព្យាបាល។
លោកបន្តថា គំហើញរូបភាពគឺជាសមត្ថភាពភ្នែកដែលអាចមើលឃើញ និងអាចកំណត់ចំណុចមួយស្ថិតក្នុងចម្ងាយមួយដែលបានកំណត់ជាក់លាក់។ សិស្សនៅថ្នាក់បឋមសិក្សាសំខាន់ណាស់ បើគាត់មិនអាចមើលអក្សរច្បាស់ទេ គាត់ប្រាកដជារៀនចាញ់គេ រៀនត្រួតថ្នាក់ និងអាចឈានទៅដល់ការបោះបង់ចោលការសិក្សា៖ «គ្រូហ្នឹងគាត់ជាអ្នកដឹង ហើយមន្ត្រីគ្រប់លំដាប់ថ្នាក់រៀបចំក្នុងមួយឆ្នាំ មានការវាស់ភ្នែកម្ដងដើម្បីកំណត់អត្តសញ្ញាណសិស្សដែលមានបញ្ហាភ្នែក។ យើងមានសិស្សពិការភ្នែក និងពេលខ្លះមានសិស្សមានបញ្ហាគំហើញខ្សោយ។ គំហើញខ្សោយគាត់អត់ដឹងថា មានបញ្ហាអ្វីទេ អ៊ីចឹងបើទុកយូរគាត់កាន់តែមានបញ្ហាភ្នែកកាន់តែធ្ងន់ធ្ងរ»។
កម្មវិធីវាស់គំហើញរូបតាមសាលារៀននេះ គឺបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ ដើម្បីលើកកម្ពស់ការយកចិត្តដាក់ចំពោះសុខភាពរបស់សិស្សគ្រប់រូប ពិសេសសិស្សថ្នាក់បឋមសិក្សា។
អនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យអង្គឌួង លោកចក្ខុបណ្ឌិត ម៉ារ អមរិន្ទ ពន្យល់ថា ការប្រើប្រាស់នូវទូរស័ព្ទទំនើបការមើលទូរទស្សន៍យូរ និងការប្រើប្រាស់កុំព្យូទ័ររយៈពេលយូរ មិនមានពេលសម្រាក គឺសុទ្ធជាកត្តាបណ្ដាលឱ្យសិស្សមានភ្នែកមីញ៉ូប។ ជំងឺភ្នែកមីញ៉ូប គឺមើលជិតច្បាស់ តែមិនអាចមើលឆ្ងាយច្បាស់។ ជំងឺភ្នែកមីញ៉ូប ជាហេតុបណ្ដាលឱ្យមានបញ្ហាកំហុសកំណុំរូបភាព។ កុមារដែលមានកំហុសកំណុំរូបភាព គឺអាចវិវឌ្ឍទៅជាជំងឺភ្នែកខ្ជិល។ ជំងឺភ្នែកខ្ជិលគឺមិនអាចមើលឆ្ងាយអស់មួយជីវិត ទោះបីពាក់វ៉ែនតាក៏ដោយ៖ «លោកគ្រូ អ្នកគ្រូ គួរតែតាមដានគំហើញរបស់សិស្ស យើងអាចសាកសួរសិស្ស ពិសេសសិស្សដែលអង្គុយក្រោយគេ ថាតើគាត់មើលបានច្បាស់ទេ ឬមានបញ្ហាយ៉ាងណា អ្នកគ្រូអាចផ្ដល់ព័ត៌មានទៅផ្នែកសុខាភិបាល ទាំងមន្ទីររដ្ឋ និងឯកជនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ»។
គ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រិតការខេត្តកណ្ដាល អ្នកគ្រូ ទូច កញ្ញា និយាយថា កន្លងមកមានសិស្សានុសិស្សមួយចំនួននៅសាលាដែលអ្នកស្រីបង្រៀនមានភ្នែកមីញ៉ូប និងជំងឺភ្នែកខ្ជិល។ អ្នកស្រីបន្តថា តាមរយៈសិក្ខាសាលានេះ គ្រូបង្រៀនគ្រប់រូបទទួលបានចំណេះសំខាន់ពីការវាស់ភ្នែករបស់សិស្ស របៀបសង្កេតរកមើលសិស្សដែលមានភ្នែកមីញ៉ូប និងជំងឺភ្នែកខ្ជិល៖ «នៅពេល ដែលយើងកត់មេរៀនលើក្ដារខៀន គាត់ភ្នែកព្រឹម មើលអត់ឃើញ ហើយគាត់តែងត្អូញត្អែរប្រាប់យើងថា លោកគ្រូភ្នែកខ្ញុំមើលអត់ឃើញទេ។ ពេលខ្លះមានអាណាព្យាបាលខ្លះប្រាប់ពួកយើងថា អ្នកគ្រូកូនខ្ញុំមានបញ្ហាភ្នែក សូមអ្នកគ្រូសម្រួលឱ្យគាត់អង្គុយតុមុខ»។
កម្មវិធីសុខភាពសិក្សាស្ដីពីសុខភាពភ្នែក និងគំហើញសម្រាប់សិស្សានុសិស្ស ត្រូវបានវាយតម្លៃខ្ពស់ថា រួមចំណែកសំខាន់ក្នុងការលើកកម្ពស់សុខភាព និងសិស្សអាចទទួលបានជោគជ័យក្នុងការសិក្សា និងឱកាសការងារល្អដែលធ្វើឱ្យគុណភាពជីវិតមានភាពល្អប្រសើរ។
ក្រសួងអប់រំបញ្ជាក់ថា គ្រូបង្រៀនដើរតួនាទីសំខាន់ណាស់ ដើម្បីជួយសម្រួលដល់សិស្សដែលមានបញ្ហាសុខភាពភ្នែក។ បន្ថែមពីលើនេះ អាណាព្យាបាលគ្រប់រូប ត្រូវជួយតាមពីបញ្ហាសុខភាពភ្នែកកូន បើសង្ស័យថា កូនមានភ្នែកមីញ៉ូប និងជំងឺភ្នែកខ្ជិល ត្រូវតែនាំពាក្យទៅគ្រូជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញផ្នែកសុខភាពភ្នែក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
