យ៉ាងហោចណាស់ មានជនជាតិវៀតណាមបួននាក់ហើយ ដែលសារព័ត៌មានវៀតណាម បានរាយការណ៍ថា មានផ្ទុកជំងឺកូវីដ-១៩ ពេលធ្វើដំណើរចេញពីកម្ពុជា ទៅដល់វៀតណាម។
អ្នកផ្ទុកជំងឺកូវីដ-១៩ ទីបួននោះ គឺជាយុវជនជនជាតិវៀតណាម អាយុ ១៨ឆ្នាំ ជាអ្នកស្រុក ហុងងូ (Hong Ngu) ខេត្តដុងថាប់ (Dong Thap) ជាប់ព្រំដែនជ្រៃធំ។
សារព័ត៌មានវៀតណាមជាភាសាអង់គ្លេស វីអិន-អិចស៍ប្រ៉េស ( VNEXPRESS) រាយការណ៍កាលពីថ្ងៃម្សិលមិញថា យុវជននោះ ចេញពីកម្ពុជា ទៅដល់វៀតណាមកាលពីថ្ងៃទី២៥ ខែឧសភា។ ប្រភពដដែលមិនបានបញ្ជាក់ថា យុវជននោះ ចេញពីខេត្តណានៃប្រទេសកម្ពុជាទេ។ ប៉ុន្តែ ថា ករណីនេះ ត្រូវបានក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ពិត។
នេះជាករណីទី៤ ហើយ ដែលជនជាតិវៀតណាម ត្រូវបានរកឃើញថា មានផ្ទុកជំងឺកូវីដ-១៩ ក្រោយចាកចេញពីកម្ពុជា។ ពីរករណីដំបូង កើតឡើងក្នុង ខែមីនា ដោយក្នុងចំណោមអ្នកទាំងពីរនោះ មានម្នាក់ជាស្រ្តី វ័យ ២៣ឆ្នាំ ធ្វើការនៅកាស៊ីណូ ហ្គាឡាក់ស៊ី នៅព្រំដែនបាវិត ខេត្តស្វាយរៀង។ ករណីទីបី កើតឡើងកាលពីខែ ឧសភា លើបុរសវៀតណាមអាយុ ៣៥ឆ្នាំ នៅខេត្តសៀមរាប ដែលជិះម៉ូតូឌុបឆ្លងដែនទៅវៀតណាម តាមច្រករបៀង។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីក្រសួងសុខាភិបាលកម្ពុជាក្នុងរឿងនេះទេ។ ប៉ុន្តែ កន្លងមកក្រសួងធ្លាប់បដិសេធថា គ្មានករណីជនជាតិវៀតណាមផ្ទុកជំងឺនេះ ក្រោយចាកចេញពីកម្ពុជានោះទេ។
នេះជាករណីទី១៧ ហើយ ដែលអ្នកចេញពីកម្ពុជា ត្រូវបានរកឃើញថា មានផ្ទុកជំងឺកូវីដ-១៩ នេះ។ ក្នុងនោះមានជនជាតិចិន ១២ នាក់ វៀតណាម ៤ នាក់ និងជនជាតិជប៉ុន ១ នាក់។
ប្រទេសវៀតណាម ជប៉ុន និងថៃ បានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីខ្មៅ នៃប្រទេសដែលមានហានិភ័យខ្ពស់ ក្នុងការចម្លងជំងឺកូវីដ-១៩៕