កម្មករមួយចំនួន នៅតែគ្មានលទ្ធភាពបង់ថ្លៃបន្ទប់ជួល ទោះបីជាម្ចាស់ផ្ទះ ព្រមបញ្ចុះតម្លៃឲ្យខ្លះក៏ដោយ។ សហជីពស្នើសុំឲ្យរដ្ឋាភិបាល ដាក់ចេញគោលនយោបាយជួយឧបត្ថម្ភកម្មករក្នុងតំបន់ក្រហម ដើម្បីពួកគាត់ មានលទ្ធភាពបង់ថ្លៃបន្ទប់ជួល និងការចំណាយប្រចាំថ្ងៃ។
លុយបង់ថ្លៃបន្ទប់ជួល បានក្លាយជាបញ្ហាលំបាកមួយទៀតរបស់កម្មករក្នុងតំបន់បិទខ្ទប់ បន្ទាប់ពីជួបវិបត្តិស្បៀងអាហារប្រហែលមួយខែមកនេះ។
កម្មការិនីរោងចក្រមួយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសវឌ្ឍនៈ លោកស្រី ហ៊ឹម សុផល ឲ្យដឹងថា កម្មករខ្ទង់ ២០០នាក់ បាននាំគ្នាតវ៉ា កាលពីថ្ងៃទី១០ ឧសភា ទាមទារឲ្យម្ចាស់ផ្ទះជួលមួយកន្លែង នៅម្ដុំសង្កាត់ស្ទឹងមានជ័យទី៣ ជួយបញ្ចុះថ្លៃបន្ទប់ជួល ៥០ភាគរយ។ លោកស្រីឲ្យដឹងថា ការតវ៉ានោះ ដោយសារម្ចាស់ផ្ទះជួលមិនព្រមបញ្ចុះតម្លៃឲ្យកម្មករ ក្នុងពេលកម្មករមិនទាន់បានចូលធ្វើការវិញនៅឡើយ។ ពួកគាត់ថា ពេលតវ៉ានោះ អាជ្ញាធរបានចុះមកជួយសម្របសម្រួលគ្នា ហើយម្ចាស់ផ្ទះបានយល់ព្រមបញ្ចុះថ្លៃ ឲ្យ ២០ដុល្លារ សម្រាប់ខែឧសភានេះ។
លោកស្រី ហ៊ឹម សុផល បញ្ជាក់ថា ខាងកម្មករ ក៏ដឹងថា ម្ចាស់ផ្ទះជួលមានការលំបាកដែរ ព្រោះត្រូវយកលុយថ្លៃបន្ទប់ជួលទៅសងធនាគារ។ តែទោះជាយ៉ាងណាក្ដី ខាងកម្មករវិញ រឹតតែពិបាកជាងម្ចាស់ផ្ទះទៀត ព្រោះគ្មានប្រាក់ចំណូលទាល់តែសោះ៖ « គាត់ ( ម្ចាស់ផ្ទះ ) ជំពាក់មែន។ តែគ្រាន់ថា គាត់មានអ្វីៗ គ្រប់យ៉ាងច្រើន មិនមែនដូចពួកខ្ញុំទេ។ ខ្ញុំ ក៏ជំពាក់ធនាគារដូចតែគ្នាដែរ គ្រាន់តែថា ខ្ញុំពឹងផ្អែកទៅលើការធ្វើការរោងចក្រដែរ។ ប្រសិនបើរោងចក្រ អត់មានអ្វីធ្វើផង គេក៏សម្រាកអ៊ីចឹងដែរ។ ដល់ពេលអ៊ីចឹង ពួកខ្ញុំមានអ្វីជាចំណូលមានតែចំណាយ។ ខ្ចីគេសិនទៅ វាត្រដាបត្រដួសដែរហ្នឹងណា»។
កាលពីថ្ងៃទី១០ ឧសភា មានពលរដ្ឋរស់នៅតាមបន្ទប់ជួល ក្នុងតំបន់បិទខ្ទប់ចំនួន ២កន្លែង បានចេញមកតវ៉ាទាមទារសុំបញ្ចុះថ្លៃបន្ទប់ជួលនេះ គឺអ្នកជួលបន្ទប់ជាង ១០០នាក់ នៅម្ដុំសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងជាង ២០០នាក់ នៅម្ដុំផ្លូវ វេង ស្រេង ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ការចេញតវ៉ានេះ គឺក្រោយ ២ថ្ងៃប៉ុណ្ណោះ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យម្ចាស់អគារ ម្ចាស់ផ្ទះជួលទាំងអស់ យោគយល់ដល់កម្មករ ដោយមិនយកថ្លៃឈ្នួល ឬបញ្ចុះតម្លៃ ឬពន្យារពេលបង់ថ្លៃបន្ទប់ជួលឲ្យកម្មករ។ បើទោះជាលោក ហ៊ុន សែន អះអាងថា លោកបានដឹងពីផលលំបាករបស់ម្ចាស់ផ្ទះ ព្រោះខ្ចីលុយធនាគារយកមកសាងសង់ផ្ទះជួល ប៉ុន្តែលោកមិនបានអន្តរាគមន៍ទៅខាងធនាគារបែបណាទេ ដោយលោកគ្រាន់តែសង្ឃឹមថា ម្ចាស់ផ្ទះជួលទាំងអស់ នឹងអាចយោគយល់ដល់កម្មករបាន។
ជុំវិញការរឿងកម្មករតវ៉ាសុំបញ្ចុះថ្លៃបន្ទប់ជួលនេះ អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានទេ នៅថ្ងៃទី១១ ឧសភា។ តែទោះជាយ៉ាងនេះក្ដី អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់សារព័ត៌មានក្នុងស្រុក (RFI) ថា បញ្ហាទាំងអស់នេះ ត្រូវបានដោះស្រាយបញ្ចប់រួចអស់ហើយ ដោយម្ចាស់ផ្ទះបានយោគយល់ព្រមបញ្ចុះថ្លៃបន្ទប់ជួល ២០ដុល្លារ៖ « ក្រោយពីការសម្របសម្រួលពីអាជ្ញាធរដែនដី ជាមួយម្ចាស់ផ្ទះជួល កម្មករអ្នកជួលផ្ទះ និងម្ចាស់ផ្ទះជួល គឺបានឈានទៅរកចំណុចប្រសព្វមួយ គឺការត្រូវរ៉ូវគ្នារួចជាស្រេចហើយ»។
ទោះជាបែបនេះក្តី សហជីពយល់ថា កម្មករជាច្រើនផ្សេងទៀត នឹងប្រឈមការលំបាកនេះដដែល ដោយសារ ការអូសបន្លាយនៃវិបត្តិនៃជំងឺកូវីដ១៩។ ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត ស្នើសុំរដ្ឋាភិបាលអន្តរាគមន៍ទៅខាងធនាគារ ឲ្យផ្អាកការសងបំណុលពីកម្មករ និងម្ចាស់ផ្ទះជួលទាំងស្រុងមួយរយៈសិន ទើបជាដំណោះស្រាយល្អប្រសើរបន្ថែមទៀត៖ « យើងមិនមែនថា ជំពាក់លុយគេហើយ អត់សងទេ។ ជំពាក់គួរតែសង។ ប៉ុន្តែ ឥឡូវបើកម្មករអត់បានធ្វើការអ៊ីចឹង មិនគាត់អត់បានលុយ ហើយបើអត់បានលុយ តើបានលុយឯណាមកបង់ធនាគារ។ អ្នកនៅតំបន់ក្រហម សូម្បីតែលុយសម្រាប់ហូបចុកហ្នឹង ក៏មានការខ្វះខាតដែរ»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ធ្លាប់បញ្ជាក់កាលពីចុងខែ (ថ្ងៃទី២៨) មេសាថា ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្ដាលឲ្យកម្មកររោងចក្រ ប្រមាណ ៤០០.០០០នាក់ មិនអាចចេញទៅធ្វើការបាន។ ជាមួយគ្នានេះ កម្មករ និងនិយោជិត ទូទាំងប្រទេស ខ្ទង់ ១.២០០.០០០នាក់ រងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
