ក្រសួងសុខាភិបាលអំពាវនាវដល់អាណាព្យាបាល និងស្ថាប័នពាក់ព័ន្ធឲ្យលើកកម្ពស់ការបំបៅដោះទារកដោយទឹកដោះម្ដាយ។ ក្រសួងអះអាងក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២៣ កញ្ញាថា គ្មានផលិតផលអ្វី ប្រសើរជាងទឹកដោះម្ដាយ ដែលជាអាហារសម្រាប់ទារក និងកុមារនៅគ្រប់កាលៈទេសៈទាំងអស់។ ក្រសួងបញ្ជាក់ថា ទឹកដោះម្ដាយមានសារធាតុចិញ្ចឹមជួយដល់ការលូតលាស់រាងកាយរបស់កុមារ និងប្រឆាំងទៅនឹងជំងឺផ្សេងៗ។
សេចក្ដីអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ បានរកឃើញថា ម្សៅទឹកដោះគោ ម៉ាក នូទ្រីលេត ចំនួន ៦លេខកូដ ខ្វះសារធាតុចិញ្ចឹម និងជាតិដែក ដែលនាំឲ្យប៉ះពាល់ដល់សុខភាពទារក និងកុមារ។
មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ថ្មីៗនេះ បានប្រកាសថា កង្វះអាហារូបត្ថម្ភ ជាពិសេស ជាតិដែក និងស័ង្កសី នឹងធ្វើឲ្យរួបរាងកាយរបស់ទារកនិងកុមារ ស្គមស្គាំង ក្រិន ធ្វើឲ្យមានជំងឺញឹកញាប់ សតិបញ្ញាស្មារតីចុះខ្សោយ និងឈានដល់បាត់បង់ជីវិត ក្នុងករណីធ្ងន់ធ្ងរ។
ក្រសួងសុខាភិបាល បញ្ជាក់ថា ការបំបៅទឹកដោះម្ដាយតែមួយមុខគត់ចំពោះទារកដែលមានអាយុ ៦ខែដំបូង គឺជួយទប់ស្កាត់មរណភាពទារកបាន ២០% ហើយអាចជួយកាត់បន្ថយជំងឺរាករូសចំពោះទារកដល់ទៅ ១១ដង និងជំងឺរលាកសួតបានដល់ទៅ ១៥ដង បើប្រៀបធៀបទៅនឹងកុមារដែលមិនបានបំបៅដោយទឹកដោះម្ដាយ។ ក្រសួងសុខាភិបាលក៏អំពាវនាវដល់ភាគីពាក់ព័ន្ធ ពង្រឹងឲ្យបានម៉ត់ចត់ ចំពោះវិធានការទាំងឡាយអំពីការផ្សព្វផ្សាយផលិតផលសម្រាប់ទារកនិងកុមារផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។