អ្នក​ជំងឺកូវីដ​​ចំនួន​ ៥​នាក់​​បន្ថែ​ម​ទៀត​​បាន​ស្លាប់ ​និង​អ្នក​ឆ្លង​ថ្មី​ជិត ​​៥​រយ​នាក់​

ដោយ អាស៊ីសេរី
2021-05-11
Share
អ្នក​ជំងឺកូវីដ​​ចំនួន​ ៥​នាក់​​បន្ថែ​ម​ទៀត​​បាន​ស្លាប់ ​និង​អ្នក​ឆ្លង​ថ្មី​ជិត ​​៥​រយ​នាក់​ ក្រុមគ្រូពេទ្យបានរៀបចំបូជាសពជនរងគ្រោះដែលស្លាប់ដោយសារជំងឺកូវីដ១៩។
រូប៖ គេ​ផ្ដល់​ឱ្យ

ក្រសួង​សុខាភិបាល​ ប្រកាស​នៅថ្ងៃទី១១ ​ខែឧសភាថា ​អ្នក​ជំងឺកូវីដ-១៩​ ចំនួន​ ៥នាក់បន្ថែម​ទៀត​បានស្លាប់ ​ដែលធ្វើឲ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់ចំនួន​ ១៣១​នាក់។ ចំណែក​ករណីឆ្លងថ្មីវិញ ​ក្រសួង​បញ្ជាក់ថា ​មាន​ចំនួន​ ៤៨០នាក់​ ក្នុងនោះមាន ១០​នាក់ ​ជាករណី​នាំចូល​ ហើយក្រៅពីនេះ​សុទ្ធតែ​នជាករណី​ឆ្លងក្នុង​សហគមន៍។ ​នៅថ្ងៃ​ដដែលនេះ ​​អ្នកជំងឺ ៣៥០នាក់​ផ្សេងទៀត​ ​បានជា​សះស្បើយ។

ទន្ទឹមគ្នានេះ​  វ៉ាក់សាំ​ងក្រុមហ៊ុន​ចិនស៊ីណូវ៉ាក់ (Sinovac) ដែល​រដ្ឋាភិបាល​កម្ពុជាបានបញ្ជាទិញ​ចំនួន ៥សែន​ដូស​ បន្ថែមទៀត ​ បានមក​ដល់​កម្ពុជា​ហើយ​នៅ​ថ្ងៃ​ទី១១ ខែ​ឧសភា​នេះ។

រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​អ្នកស្រី យក់ សម្បត្តិ ​ថ្លែងប្រាប់អ្នកសារព័ត៌មាន​ក្នុងពេល​ទៅទទួល​វ៉ាក់សាំង​នៅ​វាលយន្តហោះ​អន្តរជាតិភ្នំពេញ​ថា វ៉ាក់​សាំង​ទាំង​ ៥សែន​ដូសថ្មីនេះ ​នឹងប្រើសម្រាប់​សម្រុកចាក់ជូន​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​ក្រហម​ទាំងអស់​។ អ្នកស្រីបន្តថា ​វ៉ាក់សាំង​ក្រុមហ៊ុន​ចិន​ស៊ីណូវ៉ាក់ ​ចំនួន ១​លាន​ ៥​សែន​ដូស​ផ្សេងទៀត ​ដែល​កម្ពុជាបាន​បញ្ជាទិញបន្ថែមដែរនោះ​ ​នឹងត្រូវដឹក​មកដ​ល់​ប្រទេស​កម្ពុជា​ជា​បន្ត​បន្ទាប់ដែរ​ គឺ​នៅថ្ងៃទី១៦ ​និងថ្ងៃទី២៣ ​ខែឧសភា​​ខាង​​មុខ​។ មន្ត្រីជាន់​ខ្ពស់​ក្រសួង​សុខា​ភិបាលរូបនេះបញ្ជាក់ដែរថា​ រដ្ឋាភិបាល​ក៏កំពុង​បញ្ជាទិញ​វ៉ាក់សាំង​ពីក្រុមហ៊ុន​ចិន​ស៊ីណូវ៉ាក់ (Sinovac) ចំនួន​ ៥លាន​ដូស​បន្ត​ទៀត។

ទោះជាយ៉ាងណា ​វ៉ាក់សាំ​ក្រុមហ៊ុន​ចិនស៊ីណូវ៉ាក់ (Sinovac) ដែល​​រដ្ឋាភិបាល​កម្ពុជា កំពុង​បញ្ជា​ទិញ​ និង​ដឹកជញ្ជូន​មកកម្ពុជា​ជាបន្តបន្ទាប់នេះ ​នៅមិនទាន់​មានការ​ទទួល ស្គាល់​​ពី​អង្គការ​សុខភាព​ពិភពលោក​ (WHO)​ សម្រាប់​ប្រើប្រាស់​ក្នុងគ្រា​អាសន្ន​នៅ​ឡើយ​ទេ។ កាលពីថ្ងៃទី៧ ​ខែឧសភា ​អង្គការសុខភាពពលោក ​ទើបតែ​ទទួលស្គាល់​វ៉ាក់សាំង​បង្ការ​​​ជំងឺកូវីដ​ផលិតដោយ​ក្រុមហ៊ុន​ចិន​ស៊ីណូហ្វាម​ (Sinopharm)​ មួយប៉ុណ្ណោះ ខណៈ​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ចិនស៊ីណូវ៉ាក់ (Sinovac) ​កំពុង​ស្ថិតក្នុងការ​ពិចារណា​នៅ​ឡើយ។

អាស៊ីសេរី ​មិន​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​អ្នកស្រី យក់ សម្បត្តិ ​និង​ប្រធានអង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ​ដើម្បីសុំការ​ឆ្លើយ​​តប​​​ជុំវិញរឿងនេះ​បានទេ ​ដោយ​ទូរស័ព្ទ​ចូល​ពុំមាន​អ្នកទទួល។

គិតត្រឹមថ្ងៃទី១០​ ខែឧសភា​ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​បាន​ .៨២៥.៤៨៨នាក់ហើយ។​ ដោយឡែក ​គិតត្រឹមថ្ងៃទី១១ ខែឧសភា ​ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ​ចំនួន​ ២០.២២៣នាក់​​​​​​​​​​​​​​  អ្នកស្លាប់មានចំនួន​ ១៣១នាក់ អ្នកជា​សះស្បើយ​មាន .១៧០នាក់។ ចំពោះ​ចំនួន​​អ្នក​ជំងឺ​​កំពុង​សម្រាក​ព្យាបាល​វិញ​នោះ​ ក្រសួង​សុខាភិបាល​ មិន​បាន​បង្ហាញ​ព័ត៌មាន​ដូច​ពេល​កន្លង​ទៅ​ឡើយ ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល