ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី១១ ខែឧសភាថា អ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់បន្ថែមទៀតបានស្លាប់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ចំនួន ១៣១នាក់។ ចំណែកករណីឆ្លងថ្មីវិញ ក្រសួងបញ្ជាក់ថា មានចំនួន ៤៨០នាក់ ក្នុងនោះមាន ១០នាក់ ជាករណីនាំចូល ហើយក្រៅពីនេះសុទ្ធតែនជាករណីឆ្លងក្នុងសហគមន៍។ នៅថ្ងៃដដែលនេះ អ្នកជំងឺ ៣៥០នាក់ផ្សេងទៀត បានជាសះស្បើយ។
ទន្ទឹមគ្នានេះ វ៉ាក់សាំងក្រុមហ៊ុនចិនស៊ីណូវ៉ាក់ (Sinovac) ដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញចំនួន ៥សែនដូស បន្ថែមទៀត បានមកដល់កម្ពុជាហើយនៅថ្ងៃទី១១ ខែឧសភានេះ។
រដ្ឋលេខាធិការក្រសួងសុខាភិបាលអ្នកស្រី យក់ សម្បត្តិ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពេលទៅទទួលវ៉ាក់សាំងនៅវាលយន្តហោះអន្តរជាតិភ្នំពេញថា វ៉ាក់សាំងទាំង ៥សែនដូសថ្មីនេះ នឹងប្រើសម្រាប់សម្រុកចាក់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមទាំងអស់។ អ្នកស្រីបន្តថា វ៉ាក់សាំងក្រុមហ៊ុនចិនស៊ីណូវ៉ាក់ ចំនួន ១លាន ៥សែនដូសផ្សេងទៀត ដែលកម្ពុជាបានបញ្ជាទិញបន្ថែមដែរនោះ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ដែរ គឺនៅថ្ងៃទី១៦ និងថ្ងៃទី២៣ ខែឧសភាខាងមុខ។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះបញ្ជាក់ដែរថា រដ្ឋាភិបាលក៏កំពុងបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនចិនស៊ីណូវ៉ាក់ (Sinovac) ចំនួន ៥លានដូសបន្តទៀត។
ទោះជាយ៉ាងណា វ៉ាក់សាំក្រុមហ៊ុនចិនស៊ីណូវ៉ាក់ (Sinovac) ដែលរដ្ឋាភិបាលកម្ពុជា កំពុងបញ្ជាទិញ និងដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់នេះ នៅមិនទាន់មានការទទួល ស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) សម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ននៅឡើយទេ។ កាលពីថ្ងៃទី៧ ខែឧសភា អង្គការសុខភាពពលោក ទើបតែទទួលស្គាល់វ៉ាក់សាំងបង្ការជំងឺកូវីដផលិតដោយក្រុមហ៊ុនចិនស៊ីណូហ្វាម (Sinopharm) មួយប៉ុណ្ណោះ ខណៈវ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិនស៊ីណូវ៉ាក់ (Sinovac) កំពុងស្ថិតក្នុងការពិចារណានៅឡើយ។
អាស៊ីសេរី មិនអាចទាក់ទងរដ្ឋលេខាធិការក្រសួងសុខាភិបាលអ្នកស្រី យក់ សម្បត្តិ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះបានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
គិតត្រឹមថ្ងៃទី១០ ខែឧសភា កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបាន ១.៨២៥.៤៨៨នាក់ហើយ។ ដោយឡែក គិតត្រឹមថ្ងៃទី១១ ខែឧសភា ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២០.២២៣នាក់ អ្នកស្លាប់មានចំនួន ១៣១នាក់ អ្នកជាសះស្បើយមាន ៨.១៧០នាក់។ ចំពោះចំនួនអ្នកជំងឺកំពុងសម្រាកព្យាបាលវិញនោះ ក្រសួងសុខាភិបាល មិនបានបង្ហាញព័ត៌មានដូចពេលកន្លងទៅឡើយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
