ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនដល់ ៨២នាក់ ខណៈអ្នកឆ្លងថ្មីមាន ៥០៨នាក់។
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី២៧ ខែមេសា អ្នកស្លាប់ទី១ ជាស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ រស់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្លាប់នៅពេទ្យហ្លួងម៉ែ នៅថ្ងៃទី២៦ ខែមេសា។ អ្នកស្លាប់ទី២ ជាស្រ្តីជនជាតិខ្មែរអាយុ ៥២ឆ្នាំ រស់នៅស្រុកគិរីវង្ស ខេត្តតាកែវ ស្លាប់នៅពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំណែកឯអ្នកស្លាប់ទី៣ ជាបុរសជនជាតិខ្មែរអាយុ ៧៧ឆ្នាំ រស់នៅខេត្តព្រះសីហនុ ស្លាប់នៅពេទ្យបង្អែកខេត្តព្រះសីហនុកាលពីថ្ងៃទី២៦ ខែមេសា។
ចំណែកអ្នកឆ្លងថ្មី ៥០៨នាក់ គឺជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ក្នុងនោះមាននៅខេត្តព្រះសីហនុ ៤៧នាក់ ខេត្តបន្ទាយមានជ័យ ៧៣នាក់ ខេត្តកណ្ដាល ១៣៥នាក់ និងរាជធានីភ្នំពេញ ២៤៨នាក់។ នៅថ្ងៃដដែលនេះ ក្រសួងក៏អះអាងថា អ្នកជំងឺ ១២៧នាក់បានជាសះស្បើយ។
គិតត្រឹមថ្ងៃទី២៧ ខែមេសា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបជាង ១ម៉ឺន ១ពាន់ (១១.០៦៣) នាក់ ក្នុងនោះករណីសហគមន៍ ២០ កុម្ភៈ មានជាង ១ម៉ឺន ៥រយនាក់ (១.០៥១៣) នាក់។ អ្នកកំពុងសម្រាកព្យាបាលមានជាង ៧ពាន់ (៧.២៧០) នាក់។ រីឯចំនួនអ្នកស្លាប់ដែលក្រសួង ប្រកាសទទួលស្គាល់មានចំនួន ៨២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។