"ទេសចរ​ភាគ​ច្រើន​មិន​បាន​អនុវត្ត​ការ​ការពារ​ជំងឺ​កូវីដ​១៩ ក្នុង​ពេល​ឈប់​សម្រាក​ជំនួស​ចូល​ឆ្នាំ"

អង្គការ​សង្គម​ស៊ីវិល​មើល និង​ពលរដ្ឋ​ខ្លះ​សង្កេត​ឃើញ​ថា ភ្ញៀវ​ទេសចរ​ភាគ​ច្រើន ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ជាង​ ២៧ម៉ឺន​នាក់ ដែល​កំពុង​តែ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទី​រមណីយដ្ឋាន​នានា មិន​បាន​អនុវត្ត​ការ​ការ​ពារ​ជំងឺ​កូវីដ-១៩នោះ​ទេ ក្នុង​រយៈ​ពេល​ឈប់​សម្រាក​៤ថ្ងៃ​កន្លង​មក​នេះ ទោះ​ជា​តាម​មណ្ឌល​កម្សាន្ត​សាធារណៈ​ ឬ​ឯក​ជន​និង​ភោជនីយដ្ឋាន​ និង​អាហារដ្ឋាន​នានា បាន​រៀបចំ​សម្ភារៈ​ ការ​ពារ​ជំងឺ​កូវីដ​-១៩ សម្រាប់​ភ្ញៀវ​ក៏​ដោយ ​ក៏​ភ្ញៀវ​ពុំ​សូវ​ចាប់​អារម្មណ៍​ឡើយ។

ទោះបី​ជា​យ៉ាងណា មាន​ពលរដ្ឋ​ខ្លះ​ក៏​មិន​សូវ​ធ្វើ​ដំណើរ​កម្សាន្ត​ទី​កាន់​តំបន់​ទេសន៍​នានា​ច្រើន​កុះករ​ដូច​ឆ្នាំ​កន្លង​មក​នោះ​ទេ ដោយ​ពួកគេ​ បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ-១៩ និង​ខ្លះ​ខ្វះ​ខាត​ជីវភាព​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ-១៩។

អ្នក​រត់​ម៉ូតូ កង់​បី ម្នាក់​ឈ្មោះ ប៉ក់ថូរ នៅ​ខេត្ត​សៀមរាប ប្រាប់​ថា អាជ្ញាធរ​ខេត្ត​សៀមរាប និង អាជ្ញាធរ​ជាតិ​អប្សរា​មិន​មាន​រៀប​ចំ​ទឹក​អាកុល ឬ​បាញ់​កម្ដៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​ទេ តែ​អាជ្ញាធរ​​បាន​រៀប​ចំ​សម្ភារៈ​សម្រាប់​ការ​ពារ​កូវីដ១៩ នៅ​តាម​មណ្ឌល​កម្សាន្ត​នានា និង​បាន​ណែនាំ​​​សណ្ឋាគារ ​ភោជនីយដ្ឋាន​ និង​​អាហារដ្ឋាន​នានា​ ឲ្យ​អនុវត្ត​ការ​ការ​ពារ​ជំងឺ​កូវីដ​ផង​ដែរ។

អ្នក​រត់​ម៉ូតូ កង់​បី​ម្នាក់​នេះ​បន្ត​ថា តែ​ចំពោះ​ភ្ញៀវ​មក​កម្សាន្ត​វិញ លោក​មើល​ឃើញ​ថា មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​នោះ​ឡើយ។ លោក​បញ្ជាក់​បន្ថែម​ថា ដោយ​សារ ​ការ​ខ្វះ​ខាត​ថវិកា​ ផង​និង​មើល​ឃើញ​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​ការពារ​សុវត្ថិភាព​កូវីដ​ ដោយ​ភ្ញៀវ​ទេសចរណ៍​មួយ​ចំនួន​ ផង​ទើប​គ្រួសារ​លោក​ មិន​បាន​មក​កម្សាន្ត​នៅ​អង្គរ​នេះ​ទេ៖ «អ្វី​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​ហ្នឹង​ ការ​ប្រមូល​ផ្ដុំ​គ្នា​ នៅ​កន្លែង​មណ្ឌល​ថ្ងៃ​ដំបូង​ហ្នឹង​ វា​ជុំ​គ្នា​កន្លែង​ផឹក​ស៊ី​ហ្នឹង​ណា។ គេ​មាន​វាស់​កម្ដៅ​ទឹក​អាកុល​លាងដៃ មាន​តែ​កន្លែង​សម្រាប់​ចូល​ទៅ​កម្សាន្ត ដូច​ជា​រៀប​ចំ​កម្ម​វិធី​កន្លែង​ចែវទូក កន្លែង​រាំ​អី​ផ្សេង​ៗ​ទៅប៉ុន្តែ​ទោះ​ជា​ការ​រៀប​រាប់​អីចឹង ក៏​ការ​យល់​ដឹង​របស់​អ្នក​ចូល​រួម​កម្សាន្ត​ហ្នឹង​ ដូច​ថា​គាត់​មាន​ការ​ធ្វេស​ប្រហែស​ច្រើន​ បាទ​ ងាយ​ស្រួល​ក្នុង​ការ​ឆ្លង​អា​ជំងឺ​ហ្នឹង​ សម្រាប់​ខ្ញុំ​ ខ្ញុំ​សុខ​ចិត្ត​អត់​ទៅ​បណ្ដោយ»។

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត នៅ​ទី​ក្រុងភ្នំពេញ​ លោកស្រី លីម សក្ដា ថា លោក​ស្រី​មិន​បាន​ទៅ​កម្សាន្ត​ទីណា​ឆ្ងាយ​ទេ ព្រោះ​ខ្វះ​ខាត​ថវិកា ដោយ​សារ​ក្នុង​ដំណាក់កាល​កូវីដ​នេះ រក​ចំណូល​មិន​បាន​ឡើយ។ លោក​ស្រី ​លើក​ឡើង​ទៀត​ថា ម្យ៉ាង​ទៀត​ដោយ​មើល​ឃើញ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន ​ពេល​ពិសា​អាហារ​ផ្សេងៗ​នៅ​តាម​ភោជនីយដ្ឋាន​ ឬ ​អាហារដ្ឋាន​នានា​ មិន​បាន​ការពារ​សុវត្ថិភាព​កូវីដ​ផង បាន​ជា​លោក​ស្រី​យល់​ថា​នៅ​ផ្ទះ​ប្រសើរ​ជាង​ការ​ដើរ៖ «រឿង​ហ្នឹង​ដូច​ចោរ​លួច​សេះ​អីចឹង​នៅ​ភ្នំពេញ​ឥឡូវ​ ស្ងាត់​ជ្រាប​ នៅ​តាម​ផ្សារ​ធម្មតា​អត់​មាន​អ្នក​ណា​លក់​ដូរ​ផ្លែ​ឈើ​អី ​នៅ​ធម្មតា​ ដូច​ជា​ថ្ងៃសីល​ធម្មតា​អីចឹង​ណា។ ​ម៉ាស​នៅ​ភ្នំពេញ​ក៏​អត់​សូវ​អ្នក​ណា​ពាក់​ដែរ​ យើង​ពាក់​ប្រចាំ​ថ្ងៃ​ និយាយ​ទៅ គេ​នៅ​កុះ​ករ​តាម​ហាង​មាត់​ទន្លេ​ផឹក​ស៊ី​ពេញ​ៗ​ ឥឡូវ​ចិន​មក​ច្រើន​ប្លូក​ទឹក​ ប្លូក​ដី​នៅ​ភ្នំពេញ​ហ្នឹង ​កន្លែង​ផឹក​ស៊ី​ពេញ​ៗ​ ហាង​ គេ​ផឹក​ស៊ី​អី​ គេ​មិន​ពាក់​ម៉ាស​អី​ទេ»។

ស្រដៀង​គ្នា​នេះ​ដែរ​ បុគ្គលិក​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ទី​រួម​ខេត្ត​កំពត លោក​ស្រី ចាន់ សុធារ៉ា ថា​ភោជនីយដ្ឋាន​របស់​លោក​ស្រី​ បាន​រៀប​ចំ​មាន​ចំ​ទឹក​អាកុល​សម្រាប់​លាង​ដៃ​ការ​បាញ់​កម្ដៅ និង​រៀប​កៅអី​គម្លាត​ពី​គ្នា ​ជាដើម សម្រាប់​ភ្ញៀវ​​ដែរ តែ​ភ្ញៀវ​ខ្លះ​មិន​ចាប់​អារម្មណ៍​ទេ​។ លោក ស្រី​បន្ត​ថា ចំណែក​ភ្ញៀវ​ភាគ​ច្រើន​ដែល​មក​កម្សាន្ត​នៅ​ទី​នេះ ដូច​ជា​ទៅ​លេង​ទឹក​សមុទ្ទ​ជា​ដើម​ពួក​គេ​មិន​​បាន​​ពាក់​ម៉ាស​ការ​ពារ​កូវីដ​ឲ្យ​បាន​គ្រប់​គ្នា​ទេ៖ «អត់​ហ៊ាន​សម្រាក​ទេ​ខាត​លុយ​ យប់​ក៏​ធ្វើ​ ថ្ងៃ​ក៏​ធ្វើធ្វើ​ទាំង​ពី​ម៉ោង​៩​ព្រឹក​ ដល់​ម៉ោង​១២​ម៉ោង​១​យប់​។នៅ​កំពត​មនុស្ស​មក​ដើរ​លេង​ច្រើន​ណាស់ ឥឡូវ​កូវីដ​កើន​ឡើង​ទៀត​ហើយ​ហ្នឹង​ គ្មាន​អ្នក​ណា​ពាក់​ម៉ាស​ទេ​លោក​អើយ​ គ្មាន​អ្នក​ណា​ខ្លាច​ងាប់​មួយ»។

រី​ឯ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ លោក គីម ឃឿង ថា តាម​លោក​សំភី​មើល នៅ​ពេល​នេះ ទាំង​​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ក្ដី និង​អ្នក​មក​កម្សាន្ត​ពេលនេះ​ក្ដី ​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ការ​ការ​ពារ​ជំងឺ​កូវិដ១៩​នេះ​ទេ​ ព្រោះ​ដំណាក់​ចុង​ក្រោយ​នេះ​ក្រសួង​សុខាភិបាល​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បាន​ផ្សព្វ​ផ្សាយ​ណែ​នាំ ការ​ការ​ពារ​ជំងឺ​កូវីដ១៩ នេះ​ឱ្យ​បាន​ទូលំ​ទូលាយ​ដូច​ពេល​មុន​ឡើយ៖ «បរទេស​តិច​ខ្មែរ​ច្រើន​ ខ្មែរ​ភាគ​ច្រើន​ មួយ​សា​នេះ​ដើរ​លេង​​ខ្មែរ​ច្រើន​វិញ ។ ទៅ​លេង​ទឹក​ហ្នឹង​អត់​ពាក់​ម៉ាស​ទេ​ ជិះ​លើ​ឡាន​ក៏​អ៊ីចឹង​គ្មាន​ពាក់​ម៉ាស​ពាក់​អី​ទេ​។ នៅ​ខេត្ត​ព្រះសីហនុ​នេះ​ គាត់​មិន​សូវ​ភ្ញាក់​ផ្អើល​រឿង​កូវិដ​ ១៩​ហ្នឹង​ទេ​ បើ​សា​មុន​មាន​ មាន​ការ​ភ្ញាក់​ផ្អើល​ពាក់​ម៉ាស​ពាក់​អី​ច្រើន​ការ​ពារ​អី​ ចូល​ហាង​កាហ្វេ ​មាន​ចែល​​​មាន​​អី កន្លែង​លេង​អុក​អី មាន​លាង​ដៃ​ បាញ់​អាកុល​អី ​ដល់​មួយ​សា​នេះ​អត់​មាន» ។

រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​សម្រាក​ ៥ ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទី ​១៧​ ដល់​ថ្ងៃ​ទី២១ ខែ​សីហា ជា​ថ្ងៃ​ឈប់​សម្រាប់​ជំនួស​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ដែល​មិន​បាន​ឈប់។

ទាក់ទិន​នឹង​រឿង​ដែល​ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​មិន​បាន​អនុវត្ត​​ការ​ការពារ​ជំងឺ​កូវីដ​-១៩ នោះ អាស៊ីសេរី​បាន​ហៅ​​ទៅ​ ប្រធាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ លោក​លី សូវ៉ាន់ តែ​​លោក​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​យើង​ខ្ញុំ​ទេ ដោយ​លោក​បាន​បង្វែរ​សំណួរ​នេះ​ទៅ​​ឲ្យ​អគ្គនាយក​បច្ចេកទេស​សុខាភិបាល​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ អ្នកស្រី ឱ វណ្ណ ឌីន ​វិញ ប៉ុន្តែ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​ស្រី​បាន។

ទោះ​ជា​យ៉ាង​ក្ដី​អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២០ សីហា នេះ​ថា អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រៀប​ចំ​សណ្ដាប់ធ្នាប់ និង​​​រៀប​ចំ​បង្ការ​ការ​ឆ្លង​វីរុស​កូវី​១៩ តាម​ការ​ណែនាំ របស់​ក្រសួង​សុខាភិបាល​មិន​មាន​ចន្លោះ​ឡើយ ទាំង​ក្រៅ និង​ក្នុង​មណ្ឌល​កម្សាន្ត។

លោក​អភិបាល​ខេត្ត​សៀមរាប​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ខ្លះ​បាន​ធ្វេស​ប្រហែស​មិន​អនុវត្ត​តាម​ការ​រៀប​ចំ​​បង្ការ​ ការ​ឆ្លង​វីរុស​កូវីដ ​របស់​អាជ្ញាធរ​ឡើយ។ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​មក​កម្សាន្ត​ក្នុង​ដំណាក់​កាល​ឈប់​សម្រាក ៥ថ្ងៃ​នេះ ​ទាំង​អស់​គ្នា​ជួយ​ អនុវត្ត​តាម​ ការ​បង្ការ​ការ​​ឆ្លង​វីរុស​កូវីដ១៩ ​​ដែល​រៀប​ចំ​ដោយ​អាជ្ញាធរ​ខេត្ត​ផង​៖ «ចំពោះ​វិធាន​ការពារ​ទាំង​ក្នុង​តំបន់​ និង​ក្រៅ​តំបន់​ហ្នឹង​ យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​ដែរ​ ទាំង​ក្នុង​បន្ទប់​ទឹក​សាធារណៈ​ក៏​យើង​បាន​រៀប​ចំ​អាកុល​បាញ់​ទាំង​អស់​បាទ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ គាត់​ក៏​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ ពាក់​ព័ន្ធ​និង​វិធាន​សុវត្ថិភាព​នេះ​ យើង​ក៏​បាន​ណែ​នាំ​ដែរ​ ក៏​ប៉ុន្តែ​យើង​មិន​មាន​សិទ្ធិ​អី​បង្ខិត​បង្ខំ​អ្វី​គាត់​ទេ​ ប៉ុន្តែ​យើង​បាន​ត្រឹម​តែ​ណែ​នាំ នេះ​ជា​អ្វី​ដែល​យើង​ខិត​ខំ​ប្រឹង​ប្រែង​ហើយ​បាទ»។

ចំពោះ​រឿង​ដែល​ភ្ញៀវ​ទេសចរ​ ភាគ​ច្រើន​មិន​អនុវត្ត​ការ​ការ​ពារ​ជំងឺ ​កូវីដ​១៩​នេះ ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ លោក យង់ គិមអេង លើក​ឡើង​ថា រឿង​នេះ​កើត​ឡើង​ព្រោះ​តែ​ក្រសួង​សុខាភិបាល​ មិន​បាន​ជូន​ដំណឹង​​មិន​បាន​ផ្សព្វ​ផ្សាយ​ជា​ប្រចាំ​ដូច​​ពេល​មុន​ៗ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ខ្លះ​ធ្វេស​ប្រហែស​នូវ​វិធាន​ការ​ការ​ពារ​ជំងឺ​កូវីដ​១៩ ​នេះ។

លោក យង់ គិមអេង សំណូម​ពរ​ឲ្យ​ក្រសួង​សុខាភិបាល​​​យក​ចិត្ត​ទុក​ដាក់ ​ណែ​នាំ ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ជា​ប្រចាំ​បន្ត​ទៀត​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ដែល​មាន ដើម្បី​បំបាត់​នូវ​ហានិភ័យ​​នេះ៖ «ឃើញ​ថា បើ​ប្រសិន​ជា​ប្រជាពលរដ្ឋ​ គាត់​មាន​ការ​ធ្វេស​ប្រហែស​វា​ជា​ហានិភ័យ​មួយ​ខ្ពស់​បាទ​ សម្រាប់​ការ​ចម្លង​កូវិដ​នេះ​។ កាល​ណា​បើ​យើង​ធ្វេស​ប្រហែល​ គឺ​ធ្វើ​ឲ្យ​លទ្ធភាព​នៃ​ការ​ឆ្លង​មក​សហគមន៍​ គឺ​វា​ឆាប់​ណាស់​បាទ​ ប៉ុន្តែ​បើ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ គឺ​លទ្ធភាព​នៃ​ការ​ឆ្លង​មក​សហគមន៍​​វា​នឹង​មិន​ងាយ​នឹង​អាច​កើត​មាន​ទេ​បាទ​ តែ​បើ​យើង​ធ្វេស​ប្រហែស​វា​ជា​ហានិភ័យ​ហើយ​បាទ​ ដូច​យើង​ឃើញ​ស្រាប់​ហើយ​កន្លង​មក​មាន​អ្នក​ខ្លះ​ជា​ហើយ​លាប់​វិញ​ជា​ដើម​អី»។​

ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃទី ២០ សីហា នេះ ថា​​ មាន​អ្នក​ជំងឺ​ ២នាក់​ បាន​ជាសះស្បើយ​ពី​ជំងឺ​កូវីដ១៩​ ហើយ ក្នុង​រយៈ​ពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​ករណី​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ទេ។

ក្រសួង​សុខាភិបាល​និយាយ​ថា អ្នក​ជា​សះស្បើយ​ទាំង​២​នាក់​ គឺ​មាន​ បុរស​អាយុ ៣០​ឆ្នាំ​​ ម្នាក់​រស់​​នៅ​ស្រុក​សំពៅលូន​ ខេត្ត​បាត់ដំបង​ ដែល​បាន​ធ្វើ​ចត្តាឡឺស័ក​ នៅ​មជ្ឈមណ្ឌល ហ្វឹកហ្វឺន​ និង​បញ្ជូន​សារ ខេត្ត​កំពង់ស្ពឺ និង​បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​មក​ពី​ប្រទេស​រុស្ស៊ី ដោយ​បន្ត​ជើង​ហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី​ មកដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា។

ចំណែក​ឯ​ស្ត្រី​ម្នាក់ទៀត​ជនជាតិ​កាហ្សាក់ស្តង់ (Kazakhstan) អាយុ៤២ ឆ្នាំ​ បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​កាហ្សាក់ស្តង់ ដោយ​បាន​ហោះហើរ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣​ ខែ​សីហា។

គិត​ត្រឹម​ថ្ងៃ​ទី​១៩​ សីហា​ នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ ចំនួន​ ២៧៣​នាក់​ ក្នុង​នោះ​មាន​ស្រ្តី​ ៥៤ នាក់​ និង​បុរស​២១៩នាក់។ អ្នក​ជាសះស្បើយ​សរុប​មាន​ចំនួន ២៥៣ នាក់​ ស្ត្រី​៥៣​ នាក់​ បុរស​២០០​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។