សាច់ញាតិ​អះអាង​ថា​គ្រូពេទ្យ​សង្ស័យ​ថា​ជា​អ្នក​ចម្លង​មេរោគ​អេដស៍​មិន​រត់​គេច​ខ្លួន​ទេ

ដោយ ហ៊ុំ ចំរើន
2014-12-17
Share
ឆែម ជឿន ៦២០ លោក ឆែម ជឿន កូន​ប្រសា​របស់​គ្រូពេទ្យ​ដែល​អ្នក​ភូមិ​សង្ស័យ​ថា​ជា​ពេទ្យ​ចាក់​ថ្នាំ​ចម្លង​មេរោគ​អេដស៍​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Hum Chamroeun

សាច់ញាតិ​របស់​គ្រូពេទ្យ​ដែល​អ្នក​ភូមិ​សង្ស័យ​ថា ជា​អ្នក​ចាក់​ថ្នាំ​ចម្លង​មេរោគ​អេដស៍​ដល់​ប្រជាពលរដ្ឋ នៅ​ភូមិ​រកា ខេត្ត​បាត់ដំបង ដែល​អះអាង​ថា​ឪពុក​ក្មេក​លោក​ជា​គ្រូពេទ្យ​នោះ ពុំ​បាន​រត់​គេច​ខ្លួន​ទៅ​ណា​ឆ្ងាយ​ពី​ភូមិ​ស្រុក​នោះ​ទេ គឺ​ស្នាក់​នៅ​ក្នុង​ទឹក​ដី​ខេត្ត​បាត់ដំបង។

លោក​បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​ឪពុក​ក្មេក​លោក​មិន​នៅ​ផ្ទះ​នេះ គឺ​ធ្វើ​ឡើង​ទៅ​តាម​សំណូមពរ​របស់​អាជ្ញាធរ​ទៅ​វិញ​ទេ ដើម្បី​រក្សា​សុវត្ថិភាព​របស់​គ្រូពេទ្យ​មួយ​រយៈ​សិន។

កូន​ប្រសា​ប្រុស​របស់​គ្រូពេទ្យ ដែល​អ្នក​ភូមិ​រកា សង្ស័យ​ថា ជា​ដើម​ចម​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​អេដស៍​ដល់​ប្រជាពលរដ្ឋ​នោះ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​មន្ទិល​សង្ស័យ​របស់​មហា​ជន ដែល​ថា​គ្រូពេទ្យ​ភ័យ​ខ្លាច ហើយ​រត់​គេច​ខ្លួន​នោះ គឺ​ជា​រឿង​មិន​ពិត​ឡើយ។

កូន​ប្រសា​ប្រុស​របស់​គ្រូពេទ្យ គឺ​លោក ឆែម ជឿន រស់នៅ​ភូមិ​រកា ថ្លែង​នៅ​ខាង​មុខ​ផ្ទះ​ក្បែរ​មណ្ឌល​សុខភាព​រកា នៅ​ថ្ងៃ​ទី​១៧ ធ្នូ ថា គ្រូពេទ្យ​ដែល​គេ​សង្ស័យ​នោះ​ឈ្មោះ លោក យ៉ែម ជ្រិន អាយុ ៥៦​ឆ្នាំ ប្រកប​របរ​ពេទ្យ​តាំង​តែ​ត្រឡប់​មក​ពី​ជំរំ​ភៀស​ខ្លួន​ព្រំដែន​ថៃ វិញ គឺ​ប្រមាណ​ជាង ២០​ឆ្នាំ​មក​ហើយ គឺ​ពុំ​ដែល​បង្ក​បញ្ហា​ដល់​អ្នក​ភូមិ​ម្នាក់​ណា​នោះ​ទេ។

លោក​បន្ត​ថា កាល​ពី​ប្រមាណ​ថ្ងៃ​មុន​នេះ គ្រូពេទ្យ​បាន​ទៅ​មើល​ជំងឺ​សាច់ញាតិ​របស់​គាត់​នៅ​ឯ​ខេត្ត​តាកែវ អស់​រយៈពេល​ប្រមាណ​ជា ៤​ថ្ងៃ ហើយ​បាន​ត្រឡប់​មក​ស្រុក​ភូមិ​វិញ គឺ​ពុំ​បាន​រត់​គេច​ខ្លួន​ដូច​ការ​សង្ស័យ​នោះ​ទេ។ លោក​ថា សព្វថ្ងៃ​គ្រូពេទ្យ​មិន​បាន​ទៅ​ណា​ឆ្ងាយ​នោះ​ទេ គឺ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​បាត់ដំបង ហើយ​ថា​នឹង​វិល​ត្រឡប់​មក​ផ្ទះ​សម្បែង​វិញ ប្រសិន​បើ​សមត្ថកិច្ច​ត្រូវ​ការ​ជួប៖ «គាត់​នៅ​នេះ​យូរ​ឆ្នាំ​គាត់​ដឹង​ថា ប្រជាពលរដ្ឋ​ស្រុក​នេះ​មិន​ធ្វើ​អី​គាត់​នោះ​ទេ ប៉ុន្តែ​នៅ​ដែល​គេ​ចោទ​គាត់​អ៊ីចឹង​ទៅ​គាត់​​មាន​ការ​ងឿងឆ្ងល់ ហើយ​ចង់​ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឆ្លង​មេរោគ​អេដស៍​នោះ ប៉ុន្តែ​ខាង​អាជ្ញាធរ​គេ​មិន​ទាន់​ឲ្យ​ត្រឡប់​មក​នោះ​ទេ ដើម្បី​សុវត្ថិភាព​របស់​គាត់​គេ​ក៏​ឲ្យ​គាត់​លាក់​ខ្លួន​មួយ​រយៈ​សិន»

ទោះ​យ៉ាង​នេះ​ក្ដី ប្រធាន​ប៉ុស្តិ៍​នគរបាល​ឃុំ​រកា លោក ជិន ប៊ុនរាំង មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គ្រូពេទ្យ​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​ចាក់​ថ្នាំ​បង្ក​មេរោគ​អេដស៍​ដល់​ប្រជាពលរដ្ឋ​នោះ ទៅ​លេង​បង​ប្អូន​នៅ​ខេត្ត​តាកែវ ពុំ​ទាន់​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ឡើយ​ទេ៖ «គាត់​ទៅ​លេង​ម្ដាយ​របស់​គាត់​នៅ​ឯ​ស្រុក​កំណើត​​ខេត្ត​តាកែវ ឯណោះ​តាំង​ពី​ថ្ងៃ​ទី​១១ ធ្នូ មក​ម្លិះ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ នៃ​ក្រសួង​សុខាភិបាល លោក តែង គន្ធី មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​សង្ស័យ​តាម​រយៈ​ការ​សាកសួរ​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​ធ្វើ​តេស្ដ​ឈាម ហើយ​រក​ឃើញ​ថា​មាន​មេរោគ​អេដស៍​នោះ បង្ហាញ​ថា ភាគ​ច្រើន​ពួក​គាត់​ធ្លាប់​មាន​ប្រវត្តិ​ចាក់​ថ្នាំ​ជាមួយ​ពេទ្យ​ភូមិ​ចំនួន ២​នាក់ ប៉ុន្តែ​ក្នុង​នោះ​មាន​គ្រូពេទ្យ​ម្នាក់​ដែល​ប្រជាពលរដ្ឋ​សង្ស័យ​ជាង​គេ ហើយ​បាន​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ៖ «រហូត​មក​ដល់​ថ្ងៃ​​នេះ​យើង​មិន​ទាន់​បាន​ទាក់​នៅ​ឡើយ​ទេ ហើយ​អ្វី​ដែល​យើង​គិត​ថា ហ្នឹង​ទៅ​តាម​ការ​យល់​ឃើញ​របស់​ប្រជាពលរដ្ឋ​ទេ។ ក៏​ប៉ុន្តែ​ក្រុម​ការងារ​​បច្ចេកទេស​របស់​យើង​កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង​ធ្វើ​ការងារ​ហ្នឹង​ ​មាន​ន័យ​ថា គឺ​យើង​ធ្វើ​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ គឺ​ពុំ​មែន​គ្រាន់​តែ​ជា​ការ​សួរ​ឆ្លើយៗ​ទៅ​លើ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​​ទេ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ»

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ នៃ​ក្រសួង​សុខាភិបាល បង្ហាញ​ថា គិត​ត្រឹម​ម៉ោង​ប្រមាណ ៥​កន្លះ​ថ្ងៃ​ទី​១៧ ធ្នូ ប្រជាពលរដ្ឋ​ដែល​ទៅ​ពិនិត្យ​ឈាម​មាន​ចំនួន ៨៩៥​នាក់ ក្នុង​នោះ​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​អេដស៍​មាន​ចំនួន ១០៦​នាក់។ រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​នៅ​តែ​សម្រុក​ទៅ​ធ្វើ​តេស្ដ​ឈាម​ជា​បន្តបន្ទាប់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល