មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបងលោក យិន ម៉េងលី ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៥ ខែមេសា ថា មនុស្សស្លាប់មិនអាចបញ្ចប់ត្រឹមតែការធ្វើរបាយការណ៍របស់អភិបាលស្រុកបវេលបាននោះទេ។ លោកបន្តថា អាជ្ញាធរមិនបានបង្ហាញភស្តុតាងលំអិត និងសាក្សី ស្ថិតក្នុងហេតុហេតុការណ៍ ដែលបញ្ជាក់ថា ជនរងគ្រោះពិតជាមានប្រវត្តិកើតជំងឺផ្លូវចិត្ត ហើយបានចងកស្លាប់ខ្លួនឯងនោះឡើយ។
មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ទៀតថា ដើម្បីឱ្យមហាជនអស់មន្ទិលសង្ស័យអាជ្ញាធរពាក់ព័ន្ធគួរតែបង្កើតគណៈកម្មការឯករាជ្យមួយចុះស្រាវជ្រាវរកការពិតលើរឿងនេះឱ្យបានច្បាស់លាស់៖ «ទាំងគេទាំងខ្ញុំស្ដាប់ទៅយើងគិតមើល ថាតើយើងយកអីមកវាស់វែងបើមនុស្សស្លាប់ទៅហើយ។ អីចឹងបានសុំឱ្យការស្លាប់មនុស្សម្នាក់ហ្នឹង សូមឱ្យអាជ្ញាធរក្ដីសមត្ថកិច្ចក្ដី លោកធ្វើការពន្យល់ឱ្យបានក្បោះក្បាយបន្តិចទៅលើរបាយការណ៍របស់ខ្លួន ដើម្បីឱ្យអ្នកស្លាប់ហ្នឹងគាត់អស់មន្ទិលសង្ស័យ។ ព្រោះការស្លាប់មនុស្សម្នាក់វាមិនមែនការស្លាប់ជ្រូកមួយក្បាលឬក៏គោមួយក្បាលទេ ជីវិតមនុស្សវាមានតម្លៃ ជីវិតមនុស្សវាខុសពីសត្វផ្សេងៗទៀត។ អីចឹងត្រូវធ្វើការបង្ហាញឱ្យច្បាស់លាស់ » ។
ប្រតិកម្មរបស់អ្នកការពារសិទ្ធិមនុស្សនេះ ក្រោយពេលអភិបាលស្រុកបវេលលោក នូ ប៊ុនយ៉ាង សន្និដ្ឋានថា ពលករខ្មែរម្នាក់ដែលស្លាប់ក្នុងពេលធ្វើចត្តាឡីស័ក កាលពីថ្ងៃទី៤ ខែមេសា នោះ បានចងកសម្លាប់ខ្លួនឯង ព្រោះតែវិបត្តិគ្រួសារ។
លិខិតរបស់អភិបាលស្រុកបវេល ខេត្តបាត់ដំបងលោក នូ ប៊ុនយ៉ាង រាយការណ៍ជូនទៅអភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ កាលពីថ្ងៃទី៤ ខែមេសា បានអះអាងថា ពលករខ្មែរម្នាក់ឈ្មោះ នី ម៉ាប់ អាយុ ៤៧ឆ្នាំ បានស្លាប់ក្នុងពេលកំពុងធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យបវេល-សាមគ្គី ហើយសមត្ថកិច្ចជំនាញ នៃស្នងការនគរបាលខេត្តបាត់ដំបង និងស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តនេះ បានសន្និដ្ឋានតាមជំនាញរៀងៗខ្លួន ថាលោក នី ម៉ាប់ ស្លាប់ដោយចងកបណ្ដាលមកពីវិបត្តិផ្លូវចិត្ត។
ទាក់ទងនឹងបញ្ហានេះស្នងការនគរបាលខេត្តបាត់ដំបងលោក សាត គឹមសាន ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា រឿងនេះមិនមានអ្វីត្រូវស៊ើបអង្កេតបន្តទៀតទេ ដោយសារអាជ្ញាធរបានពិនិត្យរកឃើញថា ជនរងគ្រោះបានចងកស្លាប់នៅក្នុងបន្ទប់ទឹកដោយខ្លួនឯង៖ «គេធ្វើកោសល្យវិច័យរួចអស់ហើយ ជាមួយខាងសុខាភិបាលខាងអី។ អាហ្នឹងគាត់ចងក្នុងបន្ទប់ទឹកដោយខ្លួនឯង។ បងចូលទៅក្នុងនេះរបស់ស្នងការទៅ ព័ត៌មានលំអិតនៅគាត់ហ្នឹងហើយ។ គាត់អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គាត់មានឯកសារកំផ្លេបញ្ជាក់នៅហ្នឹង » ។
អាស៊ីសេរីមិនអាចទាក់ទងសាច់ញាតិជនរងគ្រោះដើម្បីសាកសួរជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៥ ខែមេសា។
នេះមិនមែនជាករណីទី១ដែលពលករខ្មែរបានស្លាប់ក្នុងពេលធ្វើចត្តាឡីស័កនោះ។ កាលពីដើមខែមករាកន្លងទៅពលករខ្មែរម្នាក់អាយុ ៥២ឆ្នាំ បានស្លាប់ក្នុងពេលធ្វើចត្តាឡឺស័ករយៈពេល ១៤ថ្ងៃ នៅក្នុងខេត្តត្បូងឃ្មុំ។ នៅពេលនោះរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា ជនរងគ្រោះមានជំងឺគាំងបេះដូង ហើយបានដួលបោកក្បាលនឹងថាសបង្គន់ បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយមកទៀតមានពលករខ្មែរម្នាក់ទៀតក៏បានស្លាប់ក្នុងពេលប្រមូលសម្ភារៈត្រៀម ដើម្បីឡើងជិះរថយន្តរបស់ទាហានទៅធ្វើចត្តាឡីស័កនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យផងដែរ។ ភ្លាមៗនោះអាជ្ញាធរខេត្តបន្ទាយមានជ័យ បានចេញលិខិតបកស្រាយថា ពលកររូបនោះបានដើររអិលជើងដួលបែកក្បាលស្លាប់ដោយខ្លួនឯង។
កន្លងមកអាជ្ញាធររបបក្រុងភ្នំពេញមិនបានចុះស៊ើបអង្កេតស៊ីជម្រៅ ដើម្បីស្វែងរកការពិតចំពោះការស្លាប់របស់ក្រុមពលករខ្មែរទាំងនោះឡើយ។ មន្ត្រីសិទ្ធិមនុស្សលោក យិន ម៉េងលី និយាយថា ការបញ្ចប់សំណុំរឿងត្រឹមតែចេញរបាយការណ៍របស់អាជ្ញាធរនេះ មិនអាចទទួលយកបាននោះឡើយ។
ជាមួយគ្នានេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ចំនួន ៦៣នាក់ ហើយករណីជាសះស្បើយចំនួន ៩៤នាក់ នៅទី៥ ខែមេសា។ អ្នកឆ្លងថ្មីនេះមានជនជាតិជនជាតិខ្មែរ ៦០នាក់ វៀតណាម ២នាក់ និងម៉ាឡេស៊ីម្នាក់។ អ្នកជំងឺទាំងអស់រកឃើញនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។
គិតត្រឹមថ្ងៃទី៥ ខែមេសា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដជាង ២ពាន់៧រយ នាក់ (២.៧៥២) ក្នុងនោះកំពុងសម្រាកព្យាបាលមានជិត ១ ពាន់នាក់(៩៧៩)។ ចំណែកអ្នកស្លាប់វិញ ក្រសួងទទួលស្គាល់ថាមានចំនួន ២១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។