លោក ហ៊ុន សែន៖ លោក​គិត​ពី​សុខុមាលភាព និង​ធានា​​ជីវិត​របស់​ពលរដ្ឋ ជាង​រឿង​​សិទ្ធិ​បញ្ចេញ​មតិ ឬ​ប្រជាធិបតេយ្យ

0:00 / 0:00

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាង​ថា លោក​គិតគូរ​ពី​សុខុមាលភាព​និង​ធានា​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​ជា​ចម្បង ជាជាង​រឿង​និយាយ​អំពី​សិទ្ធិ​បញ្ចេញមតិ ឬ​ប្រជាធិបតេយ្យ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ដូច្នេះ នៅ​ក្នុង​ពិធី ទទួល​ជំនួយ​វ៉ាក់សាំង អាស្ត្រាហ្សេនីកា (Astra Zeneca) ចំនួន ១លាន​ដូស ពី​ប្រទេស​ជប៉ុន នៅ​យប់​ថ្ងៃ​ទី២៣ កក្កដា ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ លោក ហ៊ុន សែន ថ្លែង​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ជូន​ប្រជាពលរដ្ឋ គឺ​ជា​មរតក​មួយ​ក្នុង​ចំណោម​មក​មរតក​ផ្សេង​ទៀត ដូចជា​នាំ​យក​ប្រជាជន​ចេញ​ពី​ភ្នក់​ភ្លើង​សង្គ្រាម​ថ្ងៃ៧ មករា ដែល​នាំ​មក​នូវ​សន្តិភាព​និង​ការ​អភិវឌ្ឍន៍ មក​ដល់​សព្វ​ថ្ងៃ​នេះ។ លោក​ថា លោក​មិន​ខ្វល់​នូវ​មតិ​រិះគន់​ចំពោះ​ការ​ប្រើប្រាស់​ច្បាប់​របស់​លោក ក្នុង​បំណង​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ក្នុង​ពេល​នេះ​ទេ៖« ទោះ​បី​នរណា​ចង់​និយាយ​អី​ក៏​និយាយ ទិតៀន​ច្បាប់​កម្ពុជា​ក៏​ទិតៀន​ទៅ​ចុះ តែ​ច្បាប់​របស់​កម្ពុជា​ធ្វើ​ដើម្បី​ការពារ​អាយុជីវិត​មនុស្ស​អ្នក​ចង់​និយាយ​ពី​អី និយាយ​តាម​ចិត្ត​ចង់ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​នឹង​កំពុង​ធ្វើ គឺ​ការពារ​ជីវិត​ប្រជាជន​កុំ​ឲ្យ​ស្លាប់។ ដូច្នេះ​ការ​រៀបចំ​ក្ដារ​មឈូស​ដែល​គេ​ចាត់​ទុក​ថា ជា​ការ​ប្រមាថ តែ​ខ្ញុំ​ចាត់​ទុក​ថា​ជា​ការ​គោរព​របស់​ខ្ញុំ​ចំពោះ​សាកសព​ទាំងឡាយ​ដែល​បាន​ស្លាប់​ដោយ​ជំងឺ​កូវីដ - ១៩ »

កន្លង​មក​មាន​ការ​រិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល​និង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ថា​របប​ក្រុងភ្នំពេញ​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើប្រាស់​ច្បាប់ និង​វិធាន​រដ្ឋបាល​នានា ដើម្បី​កៀបសង្កត់ និង​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល និង​វ៉ាក់សាំង​ចិន ក្នុង​អំឡុង​វិបត្តិ​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩។

កាល​ពី​យប់​ថ្ងៃ​ទី២៣ កក្កដា ម្សិលមិញ លោក ហ៊ុន សែន បាន​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ ពី​អាយុ​១២ ឆ្នាំ ដល់​១៧​ឆ្នាំ ចាប់​ពី​ថ្ងៃទី១ សីហា និង​ឲ្យ​រួច​នៅ​ខែ​តុលា នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​នឹង​អះអាង​ថា នឹង​យក​ចៅៗ ទៅ​ទទួល​ចាក់​វ៉ាក់សាំង​នោះ​ដែរ។

ទាក់ទង​នឹង​រឿង​វ៉ាក់សាំង​នេះ​ដែរ សហរដ្ឋអាមេរិក​នឹង​ផ្តល់​វ៉ាក់សាំង Johnson & Johnson ចំនួន​ជាង​១លាន​ដូស ដល់​ប្រជាជន​កម្ពុជា តាម​យន្តការ​កូវ៉ាក់ (COVAX) អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូនីសេហ្វ (UNICEF) ដើម្បី​បញ្ជូន​វ៉ាក់សាំង​ទាំង​នោះ​មក ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

ទាក់ទង​នឹង​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩​នេះ អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ដល់​ជាង ១ពាន់ ២រយ​នាក់​ហើយ បន្ទាប់​ពី​អ្នក​ជំងឺ ៣៤នាក់​ទៀត​បាន​ស្លាប់។

ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន ៨២៥នាក់​ទៀត នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ ៣៣៥នាក់ ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស ហើយ​ក្រៅ​ពី​នេះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

គិត​ត្រឹម​ព្រឹក​​​ថ្ងៃ​ទី២៣ កក្កដា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ៧ម៉ឺននាក់ (៧១.២៤៤) ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន​ជាង ៦ម៉ឺននាក់ (៦៣.៤៧៤)។

ទាក់ទង​រឿង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​ជាង ៦លាន​នាក់ ស្មើ​នឹង​ជាង ៦៤% ​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ចំនួន ១០លាន​នាក់ គិត​ត្រឹម​ថ្ងៃ​ទី២២ កក្កដា៕