លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ស្ត្រីជនជាតិចិនពីរនាក់ ដែលបានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារសុខា ក្រុងភ្នំពេញ ដោយមានការសហការជាមួយសន្តិសុខ នឹងត្រូវផាកពិន័យរដ្ឋបាល ចំណែកឯសន្តិសុខម្នាក់ ដែលឲ្យស្រ្តីទាំងនោះ រត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ត្រូវបានកងរាជអាវុធហត្ថបញ្ជូនទៅឃុំខ្លួន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ហ៊ុន សែន បាននិយាយតាមរយៈសារសំឡេងដែលបានចែកចាយតាមបណ្ដាញសង្គមថា ដោយសារតែកម្ពុជាមិនទាន់មានច្បាប់ ដើម្បីដាក់ទោសអ្នកដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ដូច្នេះមានតែពិន័យរដ្ឋបាលប៉ុណ្ណោះ ចំពោះស្ត្រីជនជាតិចិនទាំងពីរនាក់នោះ៖ «ការបំពានការធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារសុខា ដោយស្ត្រីជនជាតិចិន ២នាក់ ស៊ុមគ្រលុំ ជាមួយនឹងសន្តិសុខ សណ្ឋាគារបញ្ចេញ។ តើត្រូវដាក់ទោសគេយ៉ាងម៉េច? យើងអត់ទាន់មានច្បាប់។ ដូច្នេះយើងត្រូវធ្វើច្បាប់ អ្នកបំពាន អ្នកសមគំនិតទទួលផាកពិន័យប៉ុណ្ណា ហើយក្រៅពីការផាកពិន័យ តើអាចមានទោសផ្សេងទៀតទេ អាចត្រូវជាប់គុកទេ។ អនុក្រឹត្យមិនអាចឱ្យគេជាប់គុកបានទេ»។
ជនជាតិចិនពីរនាក់ ដែលបានរត់គេចខ្លួនចេញពីសណ្ឋាគារសុខាក្រុងភ្នំពេញកាលពីថ្ងៃទី៤ មីនា មកដល់ពេលនេះមិនទាន់ដឹងថា បានគេចខ្លួនទៅដល់ទីណានៅឡើយទេ។
ទាក់ទិននឹងបញ្ហាកូវីដនេះដែរ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៥ មីនា នេះបានផាកពិន័យ ចំនួន ២លានរៀល គឺប្រមាណ ៥០០ដុល្លារ លើមនុស្សម្នាក់ ដែលបានបំពានការធ្វើចត្តាឡីស័ក។
រដ្ឋបាលខេត្តព្រះសីហនុឱ្យដឹងថា បុរសម្នាក់នោះជាបុគ្គលិកសណ្ឋាគារមួយកន្លែងនៅក្នុងខេត្តព្រះសីហនុ ត្រូវចាប់ខ្លួនមកទទួលពិន័យរដ្ឋបាល ក្រោយពីបានចាកចេញពីកន្លែងចត្តាឡីស័ក ហើយធ្វើដំណើរជាច្រើនកន្លែងនៅក្នុងខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។