រដ្ឋាភិបាល​ប្រកាស​បិទ​ក្រុង​ភ្នំពេញ​និង​​តាខ្មៅ​ទាំង​ស្រុង​១៤​ថ្ងៃ ដោយសារ​​សភាពការណ៍​រាលដាល​ជំងឺកូវីដ-១៩ ទ្រាំ​ទ្រលែង​បាន​

ដោយ មួង ណារ៉េត
2021-04-15
Share
រដ្ឋាភិបាល​ប្រកាស​បិទ​ក្រុង​ភ្នំពេញ​និង​​តាខ្មៅ​ទាំង​ស្រុង​១៤​ថ្ងៃ ដោយសារ​​សភាពការណ៍​រាលដាល​ជំងឺកូវីដ-១៩ ទ្រាំ​ទ្រលែង​បាន​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យបិទខ្ទប់​ក្រុង​ភ្នំពេញ​​និង​​​តាខ្មៅ​ទាំងយប់ក្នុងរយៈពេល ​១៤ ​ថ្ងៃដោយសារ​​សភាពការណ៍​រាលដាល​ជំងឺកូវីដ-១៩ ទ្រាំ​ទ្រលែង​បាន​។
រូប៖ ហ្វេសប៊ុក SPM

ក្នុង​សេចក្តីប្រកាស​កម្រាស់ ៦ ទំព័រ ដែល​មាន ១១​​ប្រការ ចុះហត្ថលេខា​ដោយ​​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​​ចាប់​អនុវត្តយ៉ាង​ប្រញាប់ប្រញាល់់​នោះ ធ្វើឡើង​ក្រោយ​សារ​បែកធ្លាយ​របស់​លោក ហ៊ុន សែន ប៉ុន្មានម៉ោង​មុននោះ ដែលលោក​និយាយទៅ​កាន់​គណៈកម្មាធិការ​អចិន្រ្តៃយ៍​របស់​រដ្ឋាភិបាល ថា​ស្ថានភាព​​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ឆ្លង​គ្រប់​ទិសទី​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​​តាខ្មៅទៅ​ហើយ៖ «សភាពការណ៍​យើង​​ទ្រាំទ្រ​លែង​បាន​ហើយ ដូច្នេះ​ខ្ញុំសម្រេច​ថា នឹង​​បិទ​​រាជធានី​​ក្នុង​​រយៈពេល​ពីរអាទិត្យ បើមិន​ដូច្នេះ​​ទេ គឺ​វារាល​ដាល​ទាំងអស់​​ហើយ ​មិន​មាន​​ខ័ណ្ឌណា​​មួយ​ដែល​​មិន​​ប៉ះពាល់​នោះ​​ទេ។ ដូច្នេះ​​សូម​​បាន​​ជ្រាប ព្រោះ​​ខ្ញុំ​​ត្រូវ​​យក​​ការសម្រេច​​មួយ ដែល​​មា​ន​​ការ​ទទួល​​ខុស​ត្រូវ សម្រាប់​​​ការ​បិទ​រាជធានីភ្នំពេញនេះ​»

ក្រោយសារ​នោះត្រូវ​បាន​ចែកចាយ​ព្រោង​ព្រាត​តាម​បណ្ដាញ​សង្គ​ម​ហ្វេសប៊ុក អ្នកក្រុង​ភ្នំពេញ​ជា​ច្រើន​បាន​ពពាក់ពពូន​គ្នា​ទៅ​ប្រជ្រៀត​ទិញ​ស្បៀង​អាហារ ដើម្បី​ស្ដុក​ទុក​ប្រើប្រាស់​ក្នុង​គ្រា​អាស​ន្ន​នេះ។ រូបភាព​នៃ​មនុស្ស​​ប្រមូល​ផ្តុំគ្នា កក​កុញតាម​ហាងលក់​ទំនិញ និង​​ទី​ផ្សារ ដែល​មិន​អាច​រក្សាគម្លា​ត​បាន​នោះ ត្រូវ​បាន​ចែក​ចាយ​​ពេញ​បណ្តាញសង្គម។

People_in_PP_Lockdown.jpg
រូបភាពនៃមនុស្ស​ប្រមូលផ្តុំគ្នា កកកុញតាមហាងលក់ទំនិញ និង​ទី​ផ្សារ ដែលមិនអាចរក្សាគម្លាតបាន ត្រូវបានចែកចាយ​ពេញបណ្តាញសង្គម នៅមុនពេលការបិទខ្ទប់។ (រូប៖ បណ្តាញសង្គម)

ភ្លាមៗនោះ​ មន្រ្តី​សុខាភិបាល អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​​​ឲ្យ​រក្សាភាព​ស្ងប់ស្ងៀម​​ ជាជាង​សម្រុក​ទៅ​ផ្សារ ដែល​បង្កើត​បាន​ជា​ភាព​កកកុញ​មនុស្ស​ច្រើន​ ជម្រុញ​នូវហានិភ័យ​កាន់តែ​ខ្ពស់​ឡើង​ថែម​ទៀត​ក្នុងការ​ឆ្លង​ជំងឺ​កូវីដ-១៩​​នេះ។

បើតាម​ខ្លឹមសារ​​នៃ​សេចក្តីប្រកាស​របស់​រដ្ឋាភិបាល ភូមិសាស្រ្ត​ក្រុង​ភ្នំពេញ​ និង​​ក្រុង​តាខ្មៅ ត្រូវ​ចាត់ទុកថា ជា​ភូមិសាស្រ្ត​​ដែល​ត្រូវ​​បិទ​ខ្ទប់​ទាំង​ស្រុង។ ការធ្វើ​ដំណើរចេញ​ពី​ផ្ទះ ឬ​ទីសំណាក់​បច្ចុប្បន្ន​របស់​ពលរដ្ឋ​ ក្នុងអំឡុង​ពេលនេះ ត្រូវ​​បាន​ហាមឃាត់​ទាំង​ស្រុង​ដែរ លើកលែង​តែមាន​ការ​ចាំបាច់។

ក្នុង​ពេល​នេះ​ដែរ រាល់​សកម្មភាព​ការងារ មុខរបរ​ ឬអាជីវកម្ម​​ទាំងអស់ ដែល​មិនមែន​ជា​តម្រូវការ​ប្រចាំថ្ងៃ ត្រូវ​​ហាមឃាត់​ទាំងអស់​ដែរ។ ប៉ុន្តែ​មិនហាម​ឃាត់​ផ្សារ និង​​ហាងលក់​ទំនិញ​ផ្គត់ផ្គង់​ និង​​ចំណីអាហារ​​ដែល​ជា​តម្រូវការ​ប្រចាំថ្ងៃ​នោះទេ​ គ្រាន់​តែ​កម្រិត​ចំនួន​មនុស្ស ដែល​ត្រូវ​ចេញ​ទៅទិញ​របស់​ចាំបាច់​ដូចជា​គ្រឿង​ហូប​ចុក​ ដោយ​​មួយ​គ្រួសារ​ឲ្យ​ចេញ​បាន​​តែ​ម្នាក់ ឬ ពីរនាក់​យ៉ាង​ច្រើន និង​​អាច​ចេញ​ពី​ផ្ទះ​ទៅ​ទិញ​របស់​ទាំងនេះ បានតែ ៣ ដង​ក្នុង​មួយ​សប្តាហ៍​ ដោយ​ត្រូវ​បង្ហាញ​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​ដែនដី​ផង។

កន្លងមក​រដ្ឋាភិបាល​លោក ហ៊ុន សែន រង​ការ​រិះគន់ ថា​ចេញ​វិធានការដោយ​​ឥត​បាន​ជូន​ដំណឹង​ប្រជាពលរដ្ឋ​​ក្នុង​ពេល​វេលា​សមស្រប​ដើម្បី​ឲ្យ​ពួក​គាត់​​អាច​​ត្រៀម​ខ្លួន​​មុន ដូចជា​វិធានការ​បិទការ​ធ្វើដំណើរ​តាម​ខេត្ត​ជា​ដើម។ ប្រកាស​ភ្លាម​អនុវត្តភ្លាម ដែល​បង្ករ​ការ​លំបាក​ជាច្រើន​ដល់​ពលរដ្ឋ​ទូទៅ។

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុកម្នាក់​ឈ្មោះ ឈុន សុភា សរសេរសារតាម​ហ្វេសប៊ុក​របស់​ខ្លួ​ន​ថា តាមពិត​ប្រជាពលរដ្ឋ​មិន​ចង់​ចេញ​ពី​ផ្ទះ​ដើម្បី​ប្រជ្រៀតគ្នា​តាម​​ផ្សារ​​ប៉ុន្មាន​ទេ តែ​មក​ពី​ពួកគាត់​ភ័យខ្លាច​រដ្ឋាភិបាល​បិទ​ទីក្រុង​លឿន​ពេក។

Lockdown_PP_4.jpg
រដ្ឋាភិបាលប្រកាសបិទក្រុងភ្នំពេញ និង​តាខ្មៅទាំងស្រុងរយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោង១២យប់ថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែមេសា ដោយសារ​សភាពការណ៍រាលដាលជំងឺកូវីដ-១៩ ទ្រាំទ្រលែងបាន។

រីឯ​អ្នក​ប្រើប្រាស់​បណ្តាញ​ហ្វេសប៊ុកម្នាក់​ទៀត​ឈ្មោះ រដ្ឋា រិទ្ធ លោកថា ​តាមពិត​ការនេះ​ដោយសារ​​តែ​ការ​ប្រកាស​ឲ្យឈប់​សម្រាក​ចូលឆ្នាំខ្មែរ​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក ទោះបី​មាន​ការ​បិទ​ខ្ទប់​ការ​ធ្វើដំណើរ​ឆ្លង​ខេត្ត​ក៏​ដោយ។ ម្យ៉ាងទៀត​លោកបន្ថែម​ថា​ ករណី​ឆ្លង​ច្រើន​ក៏អាច​មក​ពី​មនុស្ស​ម្នា នៅ​តែ​ប្រមូល​ផ្តុំគ្នា​អ៊ូអរច្រើន​នៅ​កន្លែង​ផ្សារបន្ថែ និង​​ត្រីសាច់ ដែល​គ្មាន​ចំណាត់ការ​ រហូត​យឺត​ពេល។

ទោះបីជា​សេចក្តី​ប្រកាស​នេះ​ឲ្យ​បិទ​ទី​ក្រុង​ក៏ដោយ ក៏​ការ​ធ្វើដំណើរទៅ​ធ្វើការ​របស់​កម្មករ​រោងចក្រ​ក្នុង​អំឡុងពេល​បិទខ្ទប់​នេះ គឺ​នៅតែ​ប្រព្រឹត្តទៅ​តាម​ធម្មតាដដែល​ ដោយ​គ្រាន់​តែមាន​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​ដែនដី ទោះ​ករណី​ចម្លង​ជំងឺនេះ​បានរាលដាល​ដល់ ១៥ រោងចក្រ និង​​មាន​កម្មករ​រាប់រយនាក់​ឆ្លង​ជំងឺ​នេះ ​និង​​មាន​កម្មករ​រាប់ពាន់​នាក់​កំពុង​ត្រូវ​​ធ្វើចត្តាឡីស័ក​ក៏ដោយ។

Lockdown_pp_15_04_2021.jpg
រូបភាពនៅស្តុបបូកគោ ឬស្តុបកែមឡី ត្រូវបានបិទដោយរនាំងដែកកាត់ទទឹងផ្លូវនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

ក្នុង​ពេល​ជាមួយ​គ្នានេះ​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ត្អូញត្អែរ​អំពីការ​ខ្វះ​ស្បៀង។ អ្នកវិភាគ​ និង​​ឃ្លាំមើល​សង្គម​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​ចេះត្រឹម​តែបញ្ជា​បិទ​ការ​ធ្វើដំណើរ​ពលរដ្ឋ ហើយ​បែរ​ជា​មិនចែក​ស្បៀង​ជូន​ពួកគាត់នោះទេ​។ លោក គឹម សុខ ដែល​ហ៊ានរិះគន់​លោក ហ៊ុន សែន ឥតសំចៃមាត់​ សរសេរសារ​តាម​គណនី​ហ្វេសប៊ុក​របស់​លោក​ ​ភ្លាមៗ​ក្រោយ​រដ្ឋាភិបាល​ចេញ​ប្រកាស​នេះ​ថា​ ប្រជាពលរដ្ឋ​គឺ​ជា​ម្ចាស់ មិនមែន​ជា​សត្វចិញ្ចឹម​ដែល​លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​ខ្ទប់​នៅ​ក្នុង​ផ្ទះស្រេ​ច​តែ​ចិត្ត ហើយលោក​ចង់​ទទួលខុសត្រូវ​ឧបត្ថម្ភ​ស្បៀងប្រចាំថ្ងៃ ឬ​ក៏អត់​តាមតែលោក​នឹក​ឃើញ​ធ្វើ​នោះទេ។

លោកថា នេះគឺ​ជា​កំហុស​ធំណាស់​ដែលបិទខ្ទប់​ប្រជាពលរដ្ឋ​ឲ្យ​នៅក្នុង​ផ្ទះ ប៉ុន្តែ​គ្មាន​គម្រោង​ឧបត្ថម្ភស្បៀងអាហារ​ជូន​ពួក​គាត់។  លោកថ្លែង​សារ​បែបឌឺដង​ថា ​ឡាន​ទាហាន​ថ្មីៗ ជិត​ ៣០០ គ្រឿង ដែល​លោក ហ៊ុន សែន បាន​ទិញ​ពី​ប្រទេស​ចិន​កាលពី​អំឡុងពាក់​កណ្ដាលឆ្នាំ ២០២០ នោះ​ ​ពេលនេះ​ គឺជា​វេលា​សមរម្យ​បំផុត​ ដែល​ត្រូវ​ប្រើ​ដឹក​ស្បៀង​អាហារ​ចែក​ជូន​ពលរដ្ឋនៅភ្នំពេញ និង​តាខ្មៅ​នោះ។ លោកថា ផែនការ​ចែក​ស្បៀង​ដល់​ពលរដ្ឋក្រីក្រ​ខ្វះ​លទ្ធភាព​នេះ ឃើញមាន​គេ​ធ្វើនៅ​ថៃ​ វៀតណាម​ និង​ប្រទេស​ឯទៀត។

អាស៊ីសេរី ​មិនទាន់​អាច​សុំការ​បំភ្លឺ​ជុំវិញ​រឿង​នេះពីអ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បានទេ ​មកត្រឹ​ម​ម៉ោង​ផ្សា​យ​នេះ។

Lockdown_pp_15_04_2021_01.jpg
ទិដ្ឋភាពនៅមុខស្ពានអាកាសស្ទឹងមានជ័យរាជធានីភ្នំពេញ ក្រោយការបិទខ្ទប់ចូលជាធរមាននៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

កន្លង​ទៅ លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ថា រដ្ឋាភិបាល​នឹង​ផ្តល់​ការ​ឧបត្ថម្ភជា​ស្បៀងអាហារ ប្រាក់កាស និង​ការ​បន្ធូរបន្ថយ​ថ្លៃទឹកភ្លើង​ខ្លះដ​ល់​គ្រួសារ​អ្ន​ក​ស្លាប់​ដោយ​សារជំងឺ​កូវីដ-១៩ អ្នក​ធ្វើកំពុង​​តែ​ធ្វើ​​ចត្តាឡីស័ក និង​អ្នកជាប់គាំង​​ក្នុងតំបន់​ដែល​ត្រូវ​បិទខ្ទប់ព្រមទាំង​អះអាងថា មិន​ទុក​ឲ្យពលរដ្ឋណា​ម្នាក់​ស្លាប់​ដោយ​អត់​​អាហារ​នោះឡើយ។

គិតត្រឹម​ថ្ងៃទី១៤ ខែមេសា ម្សិលមិញ​នេះ​ ក្រសួង​​សុខាភិបាល​រក​ឃើញ​ករណី​ចម្លង​ថ្មី ១៧៨ នាក់ទៀត ក្នុង​នោះ ​១៧៧ នាក់ឆ្លង​ក្នុង​​សហគមន៍ និង​​មួយ​ករណីទៀត​ កើតលើ​ពលករ​ខ្មែរ​ត្រឡប់មកពី​ប្រទេសថៃ។ អ្នកស្លាប់​ដោយ​សារ​ជំងឺនេះ បានកើន​ឡើង​ដល់ ៣៦ នាក់។ អ្នក​ជំងឺនេះ ដែល​កំពុង​សម្រា​ក​ព្យាបាល​នៅ​មន្ទីរពេទ្យ មាន​ចំនួនជាង​ ២,៥០០ នាក់ (២,៥៤៤)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល