លោក ហ៊ុន សែន ព្រមាន​បណ្ដេញ​អ្នកណា​ដែលមិន​ព្រម​ស្ម័គ្រចិត្ត​​ចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ​-១៩​ ចេញពី​ក្របខ័ណ្ឌ​មន្រ្តីរាជការ​

ដោយ មួង ណារ៉េត
2021.04.06
លោក ហ៊ុន សែន ព្រមាន​បណ្ដេញ​អ្នកណា​ដែលមិន​ព្រម​ស្ម័គ្រចិត្ត​​ចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ​-១៩​ ចេញពី​ក្របខ័ណ្ឌ​មន្រ្តីរាជការ​ លោក ហ៊ុន សែន ព្រមាន​បណ្ដេញ​អ្នកណា​ដែលមិន​ព្រម​ស្ម័គ្រចិត្ត​​ចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ​-១៩​ ចេញពី​ក្របខ័ណ្ឌ​មន្រ្តីរាជការ​។
រូប៖ ហ្វេសប៊ុក SPM

លោក ហ៊ុន សែន​ ដែលមាន​រហ្សនាមថា​ ជាបុរសសង្ហា​ដើរបញ្ច្រាសទិស​ បានចេញ​បញ្ជា​ឲ្យរដ្ឋមន្រ្តី​ក្រសួង​​នានា​ រួមទាំង​អាជ្ញាធរ​ថ្នាក់ក្រោ​ម​ជាតិ​ទាំ​ងអស់​ ស្រង់​បញ្ជី​ឈ្មោះ​អ្នកដែល​មិនព្រម​ស្ម័គ្រចិត្ត​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩។​ លោកថា ​អ្នកដែល​មិនបាន​ស្ម័គ្រចិត្ត​​ចាក់វ៉ាក់សាំង​នៅពេលនេះ ​នឹង​មិន​ត្រូវ​អនុញ្ញាត​​ឲ្យចូល​ធ្វើការ​នោះឡើយ។

ជាងនេះទៅទៀត​​លោកព្រមានថា​ បើមិនស្ម័គ្រចិត្ត​​ចាក់វា​នៅពេលនេះ ​គឺនឹង​​ហួសពេល​ រដ្ឋត្រូវការ​បញ្ជូន​វ៉ាក់សាំងទៅ​កន្លែងផ្សេង​ទៀត៖ «អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ​ជាពិសេស​​អភិបាលខេត្ត​​ អភិបាល​ស្រុក​ ត្រូវតែពិនិត្យ​​ចំពោះ​មន្ត្រីក្រោម​ឱវាទ ​គ្រប់​បណ្ដា​មន្ទីរជុំវិញ​​ខេត្ត​​ ត្រូវតែ​ត្រួតពិនិត្យ​​ថា​តើ​​មន្រ្តីណាខ្លះ​​មិន​បាន​ចាក់ ​ដើម្បី​ចៀសវាង​ការគេចវេស​ណាមួយ​ ចំពោះ​វ៉ាក់សាំង​។ ​ក្នុងករណី​ដែលមានការ​ខកខាន​​ដោយចេតនា​​មិនបាន​ចាក់វ៉ាក់សាំង ​គឺយើង​​មិនគួរ​គប្បី​​អញ្ជើញពួក​គាត់​​ឲ្យ​មកធ្វើការ​​នោះទេ។ ​យើង​សុខចិត្ត​​ឲ្យពួកគាត់​​នៅផ្ទះ។​ យើង​សុខចិត្ត​​ឲ្យពួកគាត់​​ចាកចេញ​ពីការងារ​ ហើយ​យើង​សុខចិត្ត​ជ្រើសរើស​មន្រ្តី​​ថ្មី​ចូល​ធ្វើការជំ​នួសវិញ»។

ក្រៅពី​សារព្រមាន​ដល់មន្រ្តីរាជការ​ នគរបាលជាតិ​ និង​​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់លំដាប់ថ្នាក់​ ដែលនៅ​​ក្នុង​ក្រប​ខណ្ឌរដ្ឋ​ លោក ហ៊ុន សែន ​បាន​ព្រមាន​ដល់អ្នក​ដាក់​ពាក្យ​សុំធ្វើជារាជការ​ និង​​មន្រ្តីជាប់​កិច្ចសន្យា​ដែល​ត្រូវជ្រើសរើស​ថ្មី​ទាំងអស់​ ក៏ត្រូវតែចាក់​វ៉ាក់សាំង​ជាមុន​​សិន​ដែរ​​ ទើប​អនុញ្ញាតឲ្យ​ជ្រើសរើស​ ឬ​ប្រឡង​ចូលក្រប​ខ័ណ្ឌ​រដ្ឋ​បាន។ ​លោកកំណត់​ការ​ចាក់វ៉ាក់សាំង​ ថា​ជាលក្ខខណ្ឌ​តម្រូវ​ចាំបាច់ ​ដែល​មិន​អាច​ខ្វះបាន។​

ការដាក់កំហិត​ និង​​បង្ខិត​បង្ខំ​ឲ្យ​មន្រ្តីរាជការ​ចាក់​វ៉ាក់សាំង​បែបនេះ ​គឺវាផ្ទុយគ្នា​ស្រឡះទៅ​នឹង​អ្វី​ដែលអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី​ ឱ វណ្ណឌីន​ ដែល​ធ្លាប់​អះអាង​ជា​ប្រចាំ​ថា​ ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩​នេះ ​គឺត្រូវ​ធ្វើ​ឡើង​តាមគោលការណ៍​ស្ម័គ្រចិត្ត​ ដោយឥត​មានការ​បង្ខិតបង្ខំ​នោះឡើយ។​

កម្ពុជា​ទទួលបានវ៉ា​ក់សាំង​ចំនួន ៦ ​សែនដូសដំបូង​ នៅ​ដើម​ខែកុម្ភៈ ​ដែលជាជំនួយ​របស់ចិន​ គឺវ៉ាក់សាំងស៊ីណូហ្វាម​ (Sinopharm)។ ​ក្រុមហ៊ុនចិ​ន​ដដែ​ល​នេះ​ បាន​បញ្ជូន​វ៉ាក់សាំង​បន្ថែមចំនួន​ ៧​ សែនដូសទៀត ​កាលពី​ខែ​មីនា។ ក្នុងពេល​ជាមួយគ្នា​នេះ​ រដ្ឋាភិបាល​លោក ហ៊ុន សែន ​បានទិញវ៉ាកសាំង​របស់​ក្រុមហ៊ុន​ចិន​ដដែល​ ប៉ុន្តែវ៉ាក់សាំងមួយ​មុខ​ផ្សេងឈ្មោះ​​ ស៊ីណូវ៉ាក់ (Sinova) ចំនួន ១លាន៥សែនដូស ក្នុងទឹកប្រាក់​ ១៥ ​លានដុល្លារ។

វ៉ាក់សាំង​ចិនទាំងពីរ​មុខនេះ​ មិនទាន់​មានការ​ទទួល​ស្គាល់​ជាផ្លូវការ​ពីអង្គការ​សុខភាពពិភពលោក ​(WHO) ​នៅឡើយ។ អង្គការនេះ ​បញ្ជាក់ថា​ ​សេចក្តី​សម្រេច​រឿង​វ៉ាក់សាំងចិន​នេះ ​ត្រូវរង់ចាំ​ដល់ចុងខែមេសា​ បើទោះជាបានចេញ​សេចក្ដីប្រកាសថា​ វ៉ាក​សាំងចិន​ទាំង​ពីរ​ប្រភេទនេះ​ មានប្រសិទ្ធភាពពី​ ៥០ ទៅជិត ៧០  ភាគរយក្ដី។

ក្នុងពេល​ជាមួយគ្នា​ កម្ពុជា​ទទួលបាន​ជំនួយ​វ៉ាក់សាំង​របស់អង់គ្លេស​ ផលិតនៅប្រទេស​ឥណ្ឌា​ ដែលទទួលស្គាល់​ដោយ​អង្គការសុខភាពពិភព​លោក។ ប៉ុន្តែវ៉ាក់សាំង​អង់គ្លេស​នេះ ​​កម្ពុជា​​ទើបទទួ​ល​​បាន​តែជាង​​ ៣​សែន​ដូស​​ តែ​ប៉ុណ្ណោះ។​​ ជា​ងនេះទៅ​ទៀត​​លោក ហ៊ុន សែន​​ មិន​អនុញ្ញាត​​ឲ្យ​​ពលរដ្ឋ​ដែល​មាន​​អាយុក្រោម​ ៦០ ឆ្នាំ បាន​​ចាក់​វ៉ាក់សាំង​របស់អង់គ្លេសនេះឡើយ​ បើ​ទោះបីជាវ៉ាក់សាំង​​នេះ​ អាចចាក់បានចាប់ពី​អាយុ ១៨​ ឆ្នាំក៏ដោយ។ នេះអាច​ប្រហែលជាមូលហេតុមួយ ​ដើម្បីជំរុញឲ្យ​ពលរដ្ឋ​ភាគច្រើន​ចាក់វ៉ាក់សាំង​ចិន។

កន្លងមក​មាន​ប្រជាពលរដ្ឋ​ និង​​មន្រ្តីរាជការ​ជាច្រើន​ ដែល​អលអែក ​និង​​រារែក​ចិត្ត​ចំពោះ​វ៉ាក់សាំងចិន​នេះ​ ព្រោះពួកគាត់​បារម្ភអំពី​គុណភាពរបស់វា​ ដែល​មិន​ទាន់មាន​ការទទួលស្គាល់ពី​អង្គការ​សុខភាពពិភពលោក។​ ប៉ុន្តែនៅពេលនេះ​​ មន្រ្តីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ និង​​កម្មករ​រោងចក្រផង អាច​នឹង​រងការ​រើសអើង​ និង​​បណ្តេញ​ចេញ​ពីការងារ​ ប្រសិន​បើពួកគាត់​មិនព្រម​ចាក់វ៉ាក់សាំងចិន​នេះ។

កម្ពុជា​ជាប្រទេស​ទីមួយ​ នៅក្នុង​តំបន់អាស៊ាន ​ដែលបង្ខំប្រជាពលរដ្ឋ​របស់ខ្លួន​ចាក់វ៉ាក់សាំង​បង្ការជំងឺនេះ​ ប៉ុន្តែមិន​ផ្តល់​ជម្រើស​ច្រើន​ដល់ប្រជាពលរដ្ឋ ​ដែល​មាន​អាយុក្រោម​ ៦០ឆ្នាំ​ ក្រៅពី​ចាក់​វ៉ាក់សាំង​ចិន​នោះឡើយ។

ស្របពេល​ដែលលោក​ ហ៊ុន សែន​ បង្ខំឲ្យ​មន្រ្តីរាជការ​ចាក់វ៉ាក់សាំង​ រដ្ឋាភិបាលលោក​ក៏បាន​​ប្រកាស​​បិទការ​ធ្វើដំណើរ​ឆ្លងខេត្តក្រុង​ទាំងអស់ ​រហូតផុតចូល​ឆ្នាំខ្មែរ។​ តាម​រយៈសេចក្តីសម្រេច​ កាលពីថ្ងៃទី​០៦ ខែមេសា លោក ហ៊ុន សែន​ បញ្ជាឲ្យហាមឃាត់​ការ​ធ្វើដំណើរឆ្លងកាត់ និង​ចេញចូលពីខេត្តមួយ​ទៅ​ខេត្ត​មួយ​ជាបណ្ដោះ​អាសន្ន​ សម្រាប់​រយៈពេល ​១៤​ ថ្ងៃ​ គិតចាប់ពី​ថ្ងៃ ទី០៧ ខែមេសានេះ ​ដល់ថ្ងៃទី២០ ខែមេសា ក្រោយផុត​ចូល​ឆ្នាំ​។​ ប៉ុន្តែ ​អ្នករស់នៅ​ទីក្រុងភ្នំពេ​ញ​​ និង​​ខេត្ត​​កណ្តាល អាច​ធ្វើដំណើរ​ឆ្លងកាត់ ​និង​​ចេញ​ចូល​ទៅវិញ​ទៅមកបាន​ ព្រោះខេត្តក្រុងទាំងពីរនេះ ត្រូវចាត់​ទុកថាជា​តំបន់​តែមួយ។

ជាងនេះទៅទៀត​ បម្រាមនេះលើកលែង​ចំពោះ​ការដឹកជញ្ជូន​ទំនិញគ្រប់ប្រភេទ ទាំ​ងផ្លូវទឹក​ និង​ផ្លូវគោក និង​ផ្លូវដែ​ក។​ សេចក្តី​សម្រេច​ដដែលនេះ​ ក៏មិន​ហាមឃាត់​ការដឹក​ជញ្ជូន​កម្មករ​​រោង​ចក្រ​ទៅធ្វើការ​នោះដែរ ​ឲ្យតែមា​ន​បណ្ណ​អនុ​​​​ញ្ញាត​ចេញដោយ​ក្រសួង​ការងារ។​ ការធ្វើដំណើរដោយ​មូលហេតុ​ចាំបាច់​ផ្សេងទៀត​ ដែលមាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មានសមត្ថកិច្ច ​ក៏មិន​ប៉ះពាល់ដោយ​សេចក្តី​សម្រេចនេះ​នោះដែរ។​

ក្រៅពីហាម​ឃាត់ការ​ធ្វើដំណើរឆ្លង​កាត់ ​និង​​ចេញចូលពី​ខេត្តមួយ​ទៅខេត្ត​មួយនេះ ​រដ្ឋាភិបាល​​បាន​បិទរមណីយដ្ឋាន​​ទេសចរ​ណ៍​ នៅទូទាំង​ប្រទេស​រយៈពេល ​១៤ ថ្ងៃ​ដូចគ្នា​នេះដែរ។

កាលពីឆ្នាំមុន​ ពេលដែល​កម្ពុជា​ មិន​ជួបបញ្ហា​ចម្លងសហគមន៍​យ៉ាងរីក​រាល​ដាលដូចពេលនេះ​ រដ្ឋាភិបាលបានលុប​ចោល​ពិធីចូលឆ្នាំ​ និង​​​បង្ខំក​ម្មកររោងចក្​រឲ្យបន្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើការ​ក្នុង​ថ្ងៃបុណ្យ​ ដោ​​​​​​​​​​​​យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិន​ឲ្យឈប់​សម្រាក។​ អ្នកឈប់ថ្ងៃបុណ្យនោះ ​ត្រូវបាន​ក្រសួងការងារ​បង្ខំឲ្យធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ​ មុនអនុញ្ញាត​ឲ្យ​ចូលធ្វើការ​វិញ។

ប៉ុន្តែ​ ឆ្នាំនេះ ​នៅពេលការច​ម្ល​ង​សហគមន៍ ​រីករាលដាលពេញ​ផ្ទៃប្រទេស​ រដ្ឋាភិបាលអនុញ្ញាត​ឲ្យកម្មករចរចា​ជាមួយ​ថៅកែរោងចក្រ​ រឿងឈប់​សម្រាក​ថ្ងៃ​បុណ្យ​នេះ។​ ប៉ុន្តែ​ សេចក្តីសម្រេចនេះ​ នឹង​​ធ្វើឲ្យ​កម្មកររោងចក្រ ​គ្មានជម្រើ​សអ្វីក្​រៅតែ​​ពីបង្ខំ​ចិត្ត បន្ត​ទៅធ្វើការ​នៅថ្ងៃបុណ្យ និ​ង​​មិនអាច​សម្រាកទៅលេងស្រុកបា​នឡើយ​ ព្រោះរដ្ឋាភិបាល​បាន​បិទការ​ធ្វើដំណើរឆ្ល​ង​កាត់​ និង​​ចេញចូលខេត្តក្រុងទាំងអស់ទៅហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Tyrant Hun Sen VS Cambodian pple protesters across the country
Apr 07, 2021 09:59 AM

Why does dictator Hun Sen tries to blocked all traveling access across the country in recently....because this tyrant fears himself,after he watched the bad news escalating in Myanmar pple and Thais,and it thought that could be bad affect to his regime.That's why he's been blocking in every directions to avoid Cambodian pple comes to the cities.Inside cpp's govm't anonymous revealed that Hun Sen dictator fears his apartheid ruler could be next target like Myanmar and Thailand,but instead he uses the word in the name of covid-19 pandemic to avoid Cambodian escalation across the country.

លី ច័ន្ទរស្មី
Apr 07, 2021 08:33 PM

ស្ម័គ្រចិត្ត មានន័យថា គ្មានការបង្ខំ គ្មានការគំរាមកំហែងណាមួយ