លោក ហ៊ុន សែន តេស្ត​វិជ្ជមាន​កូវីដ១៩ ពេល​ធ្វើ​ដំណើរ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​វិល​ត្រឡប់​មក​កម្ពុជា វិញ ក្រោយ​ពេល​គ្រូពេទ្យ​ឥណ្ឌូនេស៊ី​រក​ឃើញ​ថា លោក​វិជ្ជមាន ឬ​ឆ្លង​កូវីដ-១៩ នៅមុន​កិច្ច​ប្រជុំ G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី។ អ្នក​ជំនាញ​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​កុំ​ភ្លេច​ខ្លួន និង​រក្សា​គោលការណ៍​សុខាភិបាល ដើម្បី​ជៀស​ផុត​ពី​ជំងឺ​កូវីដ-១៩។

លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ដឹកនាំ​មន្ត្រី​រដ្ឋាភិបាល​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​ប្រគល់​តួនាទី​តំណាង​អាស៊ាន​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ដើម្បី​ជជែក​ការ​ងារ​បន្ត ដោយ​សារ​គ្រូ​ពេទ្យ​ឥណ្ឌូនេស៊ី​បញ្ជាក់​លទ្ធផល​ថា លោក​វិជ្ជមាន​កូវីដ-១៩។ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​មិន​បាន​ដឹង​ថា មេ​រោគ​កូវីដ-១៩ ឆ្លង​ចូល​ក្នុង​ខ្លួន​ចាប់​តាំង​ពី​ពេល​ណា ពី​ព្រោះ​មុន​ពេល​លោក​ចេញ​ពី​កម្ពុជា​បាន​ធ្វើតេស្ត​រាល់​ថ្ងៃ ជាពិសេស​មុន​ពេល​ចេញ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ធ្វើតេស្ត​រហ័ស (Rapid Test) ដោយ​អវិជ្ជមាន និង​មិន​មាន​អាការៈ​ចម្លែក​ឡើយ។ ទោះ​យ៉ាង​ណា​ក្ដី លោក ហ៊ុន សែន អះអាង​ថា​នឹង​បន្ត​ធ្វើ​ការ​ធម្មតា​លើក​លែង​តែ​ការ​ទទួល​ជួប​ភ្ញៀវ។

ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា រហូត​មក​ដល់​ពេល​នេះ​ទោះ​បី​លោក​នាយក​រដ្ឋ​មន្រ្តី សែន សែន វិជ្ជ​មាន​កូវីដ-១៩ យ៉ាង​ណា​ក្តី តែ​ស្ថានភាព​សុខភាព​នៅ​តែ​ល្អ ហើយ​កម្លាំង​នៅតែ​រឹងមាំ​ធម្មតា។ លោក​បញ្ជាក់​ថា​តាម​នីតិ​វិធី បើ​សិន​បញ្ហា​កូវីដ-១៩ នាំ​ឱ្យ​រដ្ឋមន្ត្រី​មិន​អាច​បំពេញ​ភារកិច្ច​របស់​រដ្ឋាភិបាល​បាន​នោះ គឺ​លោក ស ខេង បន្ត​បំពេញ​តួនាទី​ជា​នាយក​រដ្ឋ​មន្ត្រី​ស្ដីទី​ដដែល៖

«កម្លាំង​ពលំ​របស់​សម្ដេច​នៅ​មាំ​ធម្មតា ដូច្នេះ​អ្នក​ឯកទេស​មួយ​ចំនួន​គេ​និយាយ​ថា​សម្ដេច​ប្រហែល​ផ្ដាសាយ​ធំ​ដែល​តេស្ត​រហ័ស (Rapid Test) ក៏​បង្ហាញ​ថា​ជា​ជំងឺ​កូវីដ - ១៩ ដែរ អា​ហ្នឹង​ជា​ការ​ពន្យល់​របស់​ភ្នាក់​សុខភាព​របស់​យើង​នោះ»។

ទន្ទឹម​នឹង​នេះ មន្ត្រី​រដ្ឋាភិបាល​នៅ​តាម​ក្រសួង​ស្ថាប័ន​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​កាន់​អំណាច ព្រមទាំង​ឧកញ៉ា​ក្រាក់ៗ មួយ​ចំនួន​បាន​នាំ​គ្នា​ផ្សព្វផ្សាយ​ព្រោង​ព្រាត​ដោយ​ពួកគេ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​សុខ​ភាព និង​បែរបន់​ឱ្យ​លោក ហ៊ុន សែន ឆាប់​ជា​សះ​ស្បើយ​ពី​កូវីដ-១៩។

បញ្ហា​ឆ្លង​មេរោគ​កូវីដ-១៩ នេះ បាន​ធ្វើ​ឱ្យ​លោក ហ៊ុន សែន មិន​បាន​ចូល​រួម​កិច្ចប្រជុំ​កំពូល​ជាមួយ​ក្រុម​ប្រទេស​សេដ្ឋ​កិច្ច​ធំៗ ទាំង២០ ហៅ​កាត់​ថា G20 នៅ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៦ ខែវិច្ឆិកា និង​អាក់​ខាន​ជួប​ជា​មួយ​ប្រធានាធិបតី​ចិន និង​បារាំង​ដែល​គ្រោង​ជំនួប​នៅ​ក្រុង​បាងកក ប្រទេស​ថៃ នា​វេទិកា​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិច (APEC) នៅ​ថ្ងៃ​ទី១៨ ខែវិច្ឆិកា។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ្នក​ស្រី ឱ វណ្ណឌីន ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៥ ខែវិច្ឆិកា។

រហូត​ដល់​ពេល​នេះ អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល​មិនទាន់​បង្ហាញ​វិធាន​ការ ឬ​របាយការណ៍​បញ្ជាក់​ថា​មន្ត្រី​រដ្ឋាភិបាល និង​ប្រតិភូ​ជាប់​ពាក់ព័ន្ធ​ជា​មួយ​លោក ហ៊ុន សែន ហើយ​ត្រូវ​ធ្វើ​ចត្តាឡីស័ក ឬ​ឆ្លង​កូវីដ-១៩ នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ផ្នែក​ឱសថ​នៅ​ប្រទេស​អូស្ត្រាលី​លោក​ឱសថ​ការី លឹម សួរ មាន​ប្រសាសន៍​ថា​អ្នក​ជំនាញ​វេជ្ជសាស្ត្រ និង​អង្គការ​សុខភាព​ពិភពលោក​ថា​ជំងឺ​កូវីដ-១៩ នៅតែ​ជា​ក្ដី​បារម្ភ ដែល​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​នៅ​លើ​ពិភព​លោក​ដដែល ជាពិសេស​ក្រុម​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​អាយុ​ចាប់​ពី ៦០ឆ្នាំ​ឡើង​ទៅ និង​មាន​​ជំងឺ​រ៉ាំរៃ​ប្រចាំ​កាយ​ជា​ដើម ដោយ​សារ​ប្រព័ន្ធ​ការពារ​ពួកគេ​ចុះ​​ខ្សោយ។ អ្នក​ជំនាញ​រូប​នេះ​ណែនាំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវ​បន្ត​ពាក់​ម៉ាស លាង​សម្អាត​ដៃ និង​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល​ផ្សេងៗ​ទៀត ដើម្បី​ជៀស​ផុត​ពី​ជំងឺកូវីដ-១៩​នេះ។

«កូវីដ​មិន​ដែល​ភ្លេច​យើង​ទេ យើង​កុំ​ភ្លេច​វា​ឱ្យ​សោះ​ពី​ព្រោះ​វា​រស់​នៅ​ជាមួយ​យើង​រហូត​ហើយ។ បើ​យើង​ខ្សោយ​ហើយ​យើង​ត្រូវ​ទៅ​ទី​កន្លែង​ប្រជុំ​ជន ងាយ​ឆ្លង​នោះ យើង​ត្រូវ​ពាក់​ម៉ាស គឺ​នៅ​សំខាន់​ដដែល ហើយ​ទម្លាប់​របស់​យើង​មុន​ពេល​កូវីដ​ចាប់​ផ្ដើម​រាតត្បាត​ដំបូង​ត្រូវតែ​ប្រកាន់​ខ្ជាប់​ជានិច្ច ពីព្រោះ​កូវីដ​មិន​ដែល​ភ្លេច​យើង​ទេ ហើយ​វា​ចេះ​បំប្លែង​ខ្លួន វា​ឆ្លាត​ជាង​យើង​លឿន​ណាស់»។

កន្លង​ទៅ​លោក ហ៊ុន សែន ធ្លាប់​ប្រាប់​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ខ្លាច​ជំងឺ​កូវីដ-១៩ និង​មិន​ចាំបាច់​ពាក់​ម៉ាស់​នោះ ក្រោយ​មក​លោក​ផ្ញើ​សារ​តាម​ហ្វេសប៊ុក​ប្រាប់​ពលរដ្ឋ​ជា​រឿយៗ ឲ្យ​គោរព​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​វិញ ព្រោះ​ជំងឺ​កូវីដ-១៩ ឆ្លង​រីក​រាល​ដាល​ខ្លាំង​ចូល​ក្នុង​សហគមន៍ បិទ​ខ្ទាប់​ទីក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត។ ទោះ​យ៉ាង​ណា​ក្ដី លោក ហ៊ុន សែន ក៏​បាន​សម្រេច​បើក​ប្រទេស​គ្រប់​វិស័យ​ឡើងវិញ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១ ក្រោយ​ការ​ចាក់​ស្រោច​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-១៩ ដើម្បី​ឱ្យ​ពលរដ្ឋ​សម្រប​ខ្លួន រៀន​រស់​នឹង​គន្លង​ថ្មី​ជាមួយ​កូវីដ-១៩។ កាល​ពី​ចុង​ខែមេសា ឆ្នាំ២០២២ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​សម្រេច​លើក​លែង​បម្រាម​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ ដើម្បី​សន្សំ​ប្រាក់​កាក់​ដល់​ពលរដ្ឋ ស្រប​ពេល​របាយការណ៍​ក្រសួង​សុខាភិបាល​ថា​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ ធ្លាក់​ចុះ​ជា​គំហុក។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៥ ខែវិច្ឆិកា កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ សរុប​ជាង ១៣ម៉ឺន ៨ពាន់​នាក់ (១៣៨.០០៣) ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន​ជាង ១៣ម៉ឺន​នាក់ ៤ពាន់​នាក់ (១៣៣.១៨៦) និង​អ្នក​ស្លាប់​នៅ​ចំនួន ៣ពាន់ ៥៦នាក់ (៣.០៥៦) ដដែល។

ក្រសួង​សុខាភិបាល ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ម្សិល​មិញ រដ្ឋាភិបាល ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ជូន​ពលរដ្ឋ​បាន​ជាង ១៤លាន ៥សែន​នាក់ ក្នុងចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​ប្រមាណ ១៥លាន​នាក់ ដែល​រាប់​ពី​កុមារ​អាយុ​ចាប់​ពី ៥ឆ្នាំ រហូត​ដល់​មនុស្ស​ពេញវ័យ។ រីឯ​ដូស​ជំរុញ​ទី៣ ទី៤ និង​ទី៥ វិញ រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​សរុប​ជាង ១៦លាន ១សែន​នាក់៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។