លោក ហ៊ុន សែន និង​មន្ត្រី​សុខាភិបាល​ខ្មែរ​នៅតែ​មិន​ជឿ​លទ្ធផល​ធ្វើតេស្ត​របស់​​ម៉ាឡេស៊ី

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​សុខាភិបាល នៅតែ​មិន​ជឿ​លទ្ធផល​ធ្វើតេស្ត​រក​មេរោគ​កូវីត​-១៩ របស់​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ដែល​រក​ឃើញ​ស្ត្រី​ជនជាតិ​អាមេរិក វ័យ ៨៣ ឆ្នាំ​ម្នាក់ ថា មាន​ផ្ទុក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ កូវីត​-១៩។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៩ និង​លើក​ទិសដៅ​ឆ្នាំ ២០២០ របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី២០ ខែ​កុម្ភៈ​នេះ លោក ហ៊ុន សែន នៅតែ​ដាក់​ការ​មន្ទិល​លើ​សមត្ថភាព​លើ​ក្រសួង​សុខាភិបាល​ប្រទេស​សមាជិក​អាស៊ាន​ដូចគ្នា​មួយ​នេះ​។ លោក ហ៊ុន សែន សង្ស័យ​លទ្ធផល​តេស្ត​របស់​ប្រទេស​ម៉ាឡេស៊ី​នេះ រហូតដល់​ដាក់​ក្តី​សង្ឃឹមលើ​អ្នកជំងឺ ដែល​ឆ្លង​មេរោគ​នេះ ជា​អ្នក​ប្រាប់​ការពិត ទើប​អាច​យក​ជា​ការ​បាន៖ «ខ្ញុំ​គិត​ថា ប្រហែល​មានតែ​អ្នកជំងឺ​នោះ​តែប៉ុណ្ណោះ បន្ទាប់ពី​គេ​ព្យាបាល​គាត់​ជា​ហើយ គាត់​ទៅ​ប្រទេស​របស់​គាត់ គាត់​នឹង​និយាយ​នូវ​អ្វី​ដែល​គាត់ ចង់​និយាយ ថា តើ​គាត់​ឆ្លង​ពិត ឬ​មិន​ពិត គឺ​ប្រហែលជា​ចំណុះ​លើ​គាត់​និយាយ​ហើយ​។ កម្ពុជា​ខ្លួនឯង​រក​អត់​ឃើញ ទៅដល់​នោះ​ទើប​រក​ឃើញ​។ តើ​ជំងឺ​នេះ វា​កើត​ត្រង់ណា​ ? ព្រោះ​ជំងឺ​នេះ​ត្រូវ​មាន​រយៈពេល​របស់​វា»។

ភ្លាមៗ​ក្រោយ​ក្រសួងសុខាភិបាល​ប្រទេស​ម៉ាឡេស៊ី ប្រកាស​លទ្ធផល​ធ្វើតេស្ត​លើ​អ្នកដំណើរ​ម្នាក់ ដែល​ចុះ​ពី​កប៉ាល់​ទេសចរ Westerdam ហើយ​បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​ម៉ាឡេស៊ី ថា​មាន​ផ្ទុក​មេរោគ​នេះ ខាង​ភាគី​កម្ពុជា​បាន​ស្នើ​ឱ្យ​ក្រសួងសុខាភិបាល​ប្រទេស​ម៉ាឡេស៊ី​ធ្វើតេស្ត​នេះ​ឡើងវិញ​។ តាម​សំណូមពរ​នេះ ខាង​ប្រទេស​ម៉ាឡេស៊ី​ធ្វើតេស្ត​ជា​លើក​ទី​ពីរ​។ លទ្ធផល​ទាំង​ពីរ​លើក នៅតែ​បញ្ជាក់​ថា ស្ត្រី​អ្នកដំណើរ​នោះ ពិត​ជា​មាន​មេរោគ​នេះ​ដដែល។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក លី សូវ៉ាន់ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ បាន​ប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ថា ការ​ធ្វើ​តេស្ត​លើក​ទី​ពីរ​នេះ​ទៀតសោត នៅតែ​«​មាន​ភាព​មិន​ប្រក្រតី​» ព្រោះ​លោក​អះអាង​ថា ខាង​ប្រទេស​ម៉ាឡេស៊ី​ធ្វើ​មិន​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ ក្នុង​ការ​ធ្វើតេស្ត​នេះ។

ទោះបីជា​លោក លី សូវ៉ាន់ អះអាង​ថា ខាង​ភាគី​កម្ពុជា​ធ្វើ​ត្រឹមត្រូវ​តាម​ស្តង់​អន្តរជាតិ​ក៏ដោយ ក៏​រយៈពេល​នៃ​ការ​ធ្វើ​តេស្ត​ដំបូង​នៅ​កម្ពុជា ដោយ​យក​សំណាក​ពី​អ្នកដំណើរ ២០ នាក់​ពីលើ​កប៉ាល់​នោះ គឺ​ធ្វើ​នៅ​ថ្ងៃទី​១៣ ខែ កុម្ភៈ ដែល​ទើបតែ​បាន ១៣​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​កប៉ាល់​នេះ ដឹក​អ្នក​ទាំងនោះ ចេញពី​កំពង់ផែ​ក្រុង​ហុងកុង។

អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​ថា មេរោគ​នេះ អាច​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​ខ្លួន​មនុស្ស​រហូតដល់​ទៅ ១៤ ថ្ងៃ​ទើប​អាច​រក​ឃើញ​វា​។ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​ចិន បាន​រក​ឃើញ​បន្ថែម​ថា រយៈពេល​សម្ងំ​នេះ អាច​មាន​រហូតដល់ ២៤​ថ្ងៃ​ឯណោះ។

កប៉ាល់​វ៉េសស្ទើដាម (Westerdam) ដែល​ដឹក​មនុស្ស​ជាង ២ ពាន់​នាក់ ១.៤៥៥ ជា​អ្នកដំណើរ​ទេសចរ និង ៨០២ នាក់​ជា​បុគ្គលិក​លើ​កប៉ាល់ ចេញពី​កំពង់ផែ​ហុងកុង នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ និង​មក​ចត​នៅ​ក្រុងព្រះសីហនុ នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​។ បច្ចុប្បន្ន អ្នកទេសចរ​នៅ​លើ​កប៉ាល់​នោះ បាន​ចាក​ចេញពី​កម្ពុជា​អស់ហើយ នៅ​ដើម​សប្ដាហ៍​នេះ។

អ្នកវិភាគ និង​អ្នកឃ្លាំមើល​សង្គម បាន​ព្រមាន​របប​ក្រុងភ្នំពេញ​ថា ទង្វើ​របស់​លោក ហ៊ុន សែន ក្នុង​ការ​អនុញ្ញាត​ឱ្យ​កប៉ាល់​ទេសចរ ដឹក​អ្នកដំណើរ​ដែល​មាន​ផ្ទុក​មេរោគ​កូ​វីត-១៩ នេះ​ចូល​កម្ពុជា គឺជា​ការ​នាំ​ទុក្ខ​ដល់​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​លើ​ពិភពលោក ព្រោះ​កប៉ាល់​នេះ ត្រូវ​បាន​ប្រទេស​ចំនួន ៥ មិន​អនុញ្ញាត​ឱ្យ​ចូល​ចត ដោយសារតែ​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​ដល់​ពលរដ្ឋ​ខ្លួន។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ អង្គការ​សុខភាព​ពិភពលោក ក៏បាន​ព្រមាន​ដែរ​ថា ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​អន់​ខ្សោយ ងាយ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​នៃ​ការ​រីក​រាល​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីត​-១៩ នេះ​ណាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។