ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតអនុគណៈកម្មការចំពោះកិច្ច សំរាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់បុគ្គលិកក្រសួង កម្មកររោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
អនុគណៈកម្មការនេះមានតួនាទី រៀបចំផែនការ ពិនិត្យវាយតម្លៃពីហានិភ័យនិងកំណត់អាទិភាពភូមិសាស្ត្រទីតាំង និងមុខសញ្ញាកម្មករនិយោជិតទាំងអស់ ទាំងនៅក្នុងនិងក្រៅប្រព័ន្ធ ដែលត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ បន្ថែមពីនេះ ត្រូវសហការជាមួយភាគីពាក់ព័ន្ធស្តីពីនីតិវិធីចុះឈ្មោះ លក្ខខណ្ឌសុខភាព អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណជាបុគ្គលិកនៅតាមរោងចក្រនិងសហគ្រាស។ ក្រៅពីនេះ អនុគណៈកម្មការនេះ ត្រូវប្រមូលចងក្រងស្ថិតិនិងទិន្នន័យចំនួនអ្នកដែលចាក់វ៉ាក់សាំង។ អនុគណៈកម្មការចំពោះកិច្ចនេះ រួមមានរដ្ឋលេខាធិការ ក្រសួងការងារលោក ហេង សួរ ជាប្រធាន និងអនុប្រធានជាច្រើនរូប ព្រមទាំងអមដោយសមាជិកជាច្រើននាក់ទៀត។
យុទ្ធនាការចាក់វ៉ាក់សាំងនេះ ធ្វើឡើងបន្ទាប់ពីកម្មករនៅតាមរោងចក្រមួយចំនួន បារម្ភពីការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបានស្នើឲ្យរដ្ឋាភិបាលផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពួកគេ។ តំណាងសហជីពឯករាជ្យជាច្រើន ថាពួកគាត់កំពុងតែរងសម្ពាធខ្លាំងពីសំណាក់ក្រសួងការងារ ដែលជំរុញឲ្យមន្រ្តីសហជីពទាំងអស់ នាំគ្នាចាក់វ៉ាក់សាំងចិនឲ្យបានគ្រប់ៗគ្នា។ មន្រ្តីសហជីពទាំងនេះ ថាក្រសួងគួរផ្តល់អាទិភាពចាក់វ៉ាក់សាំងដល់កម្មករមុន មិនមែនចាក់មន្រ្តីសហជីពមុនទេ ព្រោះកម្មករត្រូវធ្វើការផ្តុំគ្នារាល់ថ្ងៃ ដែលគ្រោះថ្នាក់ជាងមន្រ្តីសហជីព។
ទាំងកម្មករ និងតំណាងសហជីពនៅអល់អែកយ៉ាងខ្លាំងចំពោះវ៉ាក់សាំងចិន ស៊ីណូហ្វាម (Sinopharm) នេះ ព្រោះគ្មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។ ពួកគេចង់ទទួលបានការចាក់វ៉ាក់សាំងអាស្រ្តាហ្ស៊េណេកា (AstraZeneca) របស់អង់គ្លេស (England) ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីគ្រាក់ៗ របស់លោក បានចាក់វ៉ាក់សាំងនេះកន្លងមក។
ក្រសួងសុខាភិបាលឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែមីនា ពលរដ្ឋស៊ីវិលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinopharm និង Astra Zeneca សរុបទូទាំងប្រទេស កើនដល់ចំនួន ១៩៨.៤៤៧នាក់ ក្នុងនោះ វ៉ាក់សាំងចិនស៊ីណូហ្វាម មាន ១៤២.៦១៤នាក់ និងវ៉ាក់សាំង អាស្រ្តាហ្ស៊េណេកា មាន ៥៥.៨៣៣នាក់។ ចំណែកក្រសួងការពារជាតិវិញ ក៏បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធ បានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាមលើកទី១ ចំនួន ១០៩.៧៥៦នាក់ ខណៈចាក់លើកទី២ បានចំនួន ៨១.៣៧១នាក់។ វ៉ាក់សាំងចិនជាង ៤សែន ដូសបន្ថែមទៀត នឹងមកដល់កម្ពុជា នៅខែមេសាខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។