ពលករ​ម្នាក់​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១៤​ ថ្ងៃ​ នៅ​ខេត្ត​ត្បូងឃ្មុំ

ពលករ​ម្នាក់​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​ ១៤​ថ្ងៃ​ នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ​ សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃទី២ មករា​ថា​ មូលហេតុ​ដែល​ពលករ​ខ្មែរ​ស្លាប់​ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក​នោះ​ គឺដោយ​សារ​តែ​ជនរងគ្រោះ​គាំង​បេះ​ដូង​ ហើយ​បាន​ដួល​បោក​ក្បាល​ត្រូវ​ថាស​បង្គន់ ​បណ្ដាល​ឱ្យ​ស្លាប់​នៅកន្លែង​កើត​ហេតុ​តែ​ម្ដង។​

លោក​សសេរ​បន្តទៀតថា​ ជនរងគ្រោះ​ឈ្មោះ​ អ៊ុន ស៊ីថា​ ភេទ​ប្រុស​អាយុ​ ៥២​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ស្រុក​អូររាំងឪ​ ខេត្ត​ត្បូង​ឃ្មុំ​ ហើយ​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​ ដោយ​​បន្ត​ដំណើរ​ទៅ​ធ្វើ​ចត្តាឡីស័ក​ នៅ​ខេត្ត​ត្បូងឃ្មុំ​ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​​ពិនិត្យ​លើក​ទី​មួយ ​មាន​ជំងឺ​កូវីដ​ ១៩​។​

​លោក ខៀវ កាញារីទ្ធ អះអាងថា​ កោសល្យវិច័យ​ បង្ហាញ​ថា ជនរងគ្រោះ​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង​​ ហើយ​សព​ត្រូវ​​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​រង​គ្រោះ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី។​​​

ជុំវិញករណីចម្លងជំងឺកូវីដពីក្រៅមក្ន្ងុងប្រទេសនេះដែរ ក្រសួង​សុខាភិបាល​កាល​ពី​ថ្ងៃ​ទី​២​ មករា​ ក៏បាន​រក​ឃើញ​ស្ត្រី​ខ្មែរ-អាមេរិក​​ម្នាក់ អាយុ​ ៣៦ឆ្នាំ មាន​ទី​លំនៅនៅ​​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​​​មាន​វិជ្ជមាន​កូវីដ​១៩​ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក​ បន្ត​ជើង​ហោះហើរ​​តាម​​កោះតៃវ៉ាន់​ ​កាល​ពី​ថ្ងៃ​ទី១​ មករា។​

​បច្ចុប្បន្ន​ អ្នក​ជំងឺ​ត្រូវ​ដាក់​គេ​ឱ្យ​សម្រាក​ព្យាបាល​ នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​ និង​ហង់សិន​ នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី​ ឱ វណ្ណឌីន​ ប្រាប់​អាស៊ីសេរី​ថា​ ស្ថានភាព​ជំងឺ​របស់​ស្ត្រី​ខ្មែរ​-អាមេរិក​​រូប​នោះ​ នៅ​មាន​សភាព​ធម្មតា​ មិន​ទាន់​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ​ ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​ពិនិត្យ​ព្យាបាល។

អ្នក​ដំណើរ​តាម​ជើង​យន្តហោះ​ សរុប​មាន​គ្នា​ចំនួន​ ១០​នាក់​ គឺ​មាន​វិជ្ជមាន​ជំងឺ​កូវីដ១៩​ តែ​ម្នាក់​គត់​ ចំណែក​អ្នក​ដំណើរ​ ៩នាក់​ផ្សេង​ទៀត​ ​លទ្ធផល​តេស្ត​អវិជ្ជមាន បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក ចំនួន​ ១៤​ថ្ងៃ​ នៅ​ក្នុង​សណ្ឋាគារ​មួយ​ ក្នុង​ទី​ក្រុង​ភ្នំពេញ។​

គិត​ត្រឹម​ថ្ងៃ​ទី​២​ មករា​​នេះ​ អ្នក​មាន​ជំងឺ​កូវីដ១៩​ សរុប​​ នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ ៣៧៩នាក់​ ក្នុង​នោះ​មាន​អ្នក​ឆ្លង​នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២៨​ វិច្ឆិកា​ មាន​ចំនួន​ ៤១​នាក់​ និង​ពលករ​ធ្វើ​ដំណើរ​មក​ពី​​ប្រទេស​ថៃមាន​ចំនួន​ ១៤នាក់។​ ចំណែក​អ្នក​ជា​សះស្បើយ​មាន​ចំនួន​ ៣៦២នាក់​ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មាន​ចំនួន​ ១៧​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។