ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ មិថុនា ប្រកាសរកឃើញករណីឆ្លងវីរុសកូវីដ-១៩ថ្មី ពីរករណីទៀត កើតលើបុរសជនជាតិខ្មែរ មានស្រុកកំណើតនៅខេត្តកំពង់ចាម។
បុរសជនជាតិខ្មែរទាំងពីរ មានម្នាក់អាយុ ២៩ឆ្នាំ និងម្នាក់ទៀតអាយុ ២២ឆ្នាំ ដែលបានធ្វើដំណើរវិលត្រលប់មកពីប្រទេសឥណ្ឌូណេស៊ីមកដល់កម្ពុជា កាលពីថ្ងៃទី១២ ខែឧសភា និងត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅវិភាគ ហើយទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១៣ ខែមិថុនា។ បច្ចុប្បន្នបុរសទាំងពីរ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន លើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានថា អ្នកដំណើរដែលបានជិះយន្តហោះ ជាមួយបុរសទាំងពីរនេះ សរុបចំនួន ៤៦នាក់ ក្នុងនោះមានជនជាតិខ្មែរ ៤២នាក់ និងជនជាតិឥណ្ឌូណេស៊ី ៤នាក់។ អ្នកដំណើរទាំង៤៤នាក់ មានលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានក្រសួងដាក់ឲ្យធ្វើចត្តាឡឺស័កចំនួន១៤ថ្ងៃ ដើម្បីតាមដានសុខភាពរបស់ពួកគេបន្តទៀត។ ទោះជាយ៉ាងណា នៅក្នុងលិខិតរបស់ក្រសួងសុខាភិបាលមិនបានបញ្ជាក់ថា អ្នកដំណើរដែលមកពីប្រទេសឥណ្ឌូណេស៊ីនោះ ជានិស្សិត ឬជាពលករនោះទេ។
ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងកូវីដ-១៩ ដែលជាករណីនាំចូល ជាបន្តបន្ទាប់ ដែលធ្វើឱ្យកម្ពុជាមានការពិបាកប៉ាន់ស្មានការចម្លងជំងឺកូវីដ-១៩នេះ។
គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ចំនួនអ្នកផ្ទុកជំងឺកូវីដ-១៩ សរុបទូទាំងប្រទេសកើនដល់ចំនួន ១២៨នាក់ ក្នុងនោះអ្នកជាសះស្បើយ ១២៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួន ៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។