ពលរដ្ឋ​ខ្មែរ​ចង់​ឲ្យ​រដ្ឋ​ពង្រឹង​គុណភាព​ពេទ្យ​រដ្ឋ​និង​ឯកជន​ដូច​មន្ទីរពេទ្យ​គន្ធបុប្ផា

0:00 / 0:00

ប្រជាពលរដ្ឋ​កម្ពុជា ទាំង​ចាស់​ទាំង​ក្មេង​លើក​ឡើង​ថា មន្ទីរពេទ្យ​គន្ធបុប្ផា គឺជា​មន្ទីរពេទ្យ​ដែល​ពលរដ្ឋ​ជឿ​ទុក​ចិត្ត និង​ផ្ដល់​តម្លៃ​ជាងគេ។ ដូច្នេះ​ពួកគាត់ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​គុណភាព ទាំង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន ឲ្យ​ស្របតាម​ស្តង់ដារ​សុខាភិបាល​មួយ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី ជួយ​សម្រួល​ទុក្ខ​លំបាក​របស់​ពួកគាត់។

ដូច​សព្វមួយដង​ឲ្យ​តែ​ដល់​ម៉ោង​២​ព្រឹក គេ​សង្កេត​ឃើញ​ថា រោង​រង់ចាំ​ដែល​ព័ទ្ធ​តាម​របង​ជា​ជួរ​នៅ ខាងមុខ​មន្ទីរពេទ្យ​គន្ធបុប្ផា ចាប់​ផ្ដើម​មាន​ឪពុក​ម្ដាយ​បី​កូន​តូចៗ​ចូល​ទៅ​អង្គុយ និង​ដេក​នៅ​ទីនោះ បណ្តើរៗ​ដើម្បី រង់ចាំ​ចូល​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​កូនៗ​របស់​ពួកគេ នៅ​ខាងក្នុង​មន្ទីរពេទ្យ​គន្ធ បុប្ផា​ដែល​នឹង​បើកទ្វារ​ទទួល​ចាប់ពី​ម៉ោង​៧​ព្រឹក។

មើល​ណោះ​... ម្ដាយ​ខ្លះ​កំពុង​បំបៅ​ដោះ​កូន ឪពុកម្ដាយ​ខ្លះ​ទៀត​ក៏​លួងលោម​កូន​កុំ​ឲ្យ​យំ ខណៈ​អ្នក ផ្សេងទៀត ក៏​ងោកងុយ​លក់​នៅ​កន្លែង​អង្គុយ​រង់ចាំ​នោះ​ទៅ។ កុមារ​ខ្លះ​មិន​ស្រួល​ក្នុង​ខ្លួន ក៏​ចេះតែ ស្រែកយំ​មិន​ឈប់ ហើយ​ឪពុកម្ដាយ ក៏​ងាក​ទៅ​ទិញ​ឧបករណ៍​លេង​ឲ្យ​កូន ដែល​មាន​គេ​លក់ដូរ​ពេញ​នៅ​ក្បែរ​នោះ។

ឪពុក​របស់​កុមារ​ម្នាក់​មកពី​ខេត្ត​ស្វាយរៀង ដែល​យក​កូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា លោក សុផាត និយាយ​ថា កូន​របស់​លោក​កើត​ជំងឺ​រលាក​ទងសួត។ លោក​អះអាង​ថា មុន​មក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​បាន​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ឯកជន​ក្នុង​ខេត្ត​ស្វាយរៀង​ជាច្រើន​ថ្ងៃ​ដែរ ប៉ុន្តែ​មិនបាន​ធូរស្បើយ​សោះ។ ហាក់​មិនសូវ​ទុកចិត្ត​លោកគ្រូ​ពេទ្យ​នៅ​ខេត្ត​ស្វាយរៀង និង​មិន​សូវ​មាន​លុយ​ផង​នោះ លោក​ក៏​យក​កូន​មក​មន្ទីរពេទ្យ​គន្ធបុប្ផា​តែម្ដង៖ «ពិបាក​ដែរ​បង​ទៅ​ពេទ្យ​នៅ​ទីនោះ ពី​ថ្ងៃ​ទៅ​មួយ​អត់​ឃើញ​ធូរ​ស្បើយ​អ៊ីចឹង​ណាស់ ដូច្នេះ​បាន​យក​កូន​មក​ទីនេះ។ ពេទ្យ​នេះ ពូកែ​ណាស់​បង មក​ដឹង​ថា ជា​តែម្ដង។ បើ​មាន​ពូកែ​ដូច​គន្ធបុប្ផា​នូវ​ស្រុក​គឺ​ល្អ​ណាស់​បង វា​ស្រួល​ហើយ​ជិត ហើយ​មិន​សូវ​ចំណាយ​លុយ​ច្រើន។ចង់​បាន​ដូច​មន្ទីរពេទ្យ​គន្ធបុប្ផា​អ៊ីចឹង ព្រោះ​កូន​តូច​យក​មក​ទីនេះ​ពិបាក​ណាស់ វា​ឆ្ងាយ»។

នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ចាប់​ផ្តើម​បើកទ្វារ​ទទួល​អ្នកជំងឺ​ចំនួន​ពីរ​ពេល គឺ​នៅ​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​១១ ហើយ​ពេល​ល្ងាច ចាប់ពី​ម៉ោង ២​ថ្ងៃ ដល់​ម៉ោង ៥​ល្ងាច។

ជីដូន​ម្នាក់​មកពី​ខេត្ត​កណ្ដាល ដែល​កំពុង​អង្គុយ​បី​ចៅ​តូច​នៅ​លើ​ដៃ និយាយ​ថា មូលហេតុ​ដែល​គាត់ មក​ដេកចាំ និង​អង្គុយ​ចាំ តាំង​ម៉ោង ២​ព្រឹក​នេះ គឺ​ដើម្បី​បាន​លេខ​រៀង​ចូល​មុនគេ។ គាត់​រៀបរាប់​ថា​ទោះបី​លំបាក​ប៉ុណ្ណា ក៏​ពួកគាត់​យក​ចៅ​មក​ព្យាបាល នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែរ ព្រោះ​ពេទ្យ​មួយ​នេះ ប្រៀប​ដូចជា​មន្ទីរពេទ្យ​ទេវតា​ដែល​ជួយសង្គ្រោះ​កុមារ ឱ្យ​ផុត​ពី​ក្ដី​ស្លាប់ និង​បាន​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​ប្រជាពលរដ្ឋ​ខ្មែរ ខុស​ឆ្ងាយ​ពី​ពេទ្យ​នៅ​តាម​ភូមិ​ស្រុក ដែល​ព្យាបាល​មិន​មាន​ប្រសិទ្ធភាព ហើយ​គិតតែ​លុយ៖ « ក្មេងៗ​មក​ទីនេះ​គឺ​ជា​តែម្ដង។ រដ្ឋាភិបាល​គួរ​តែ​ចំណាយ​ពេទ្យ​ល្អៗ នៅ​តាម​ទី​ជនបទ​ខ្លះ​ដែរ ព្រោះ​មក​ទីនេះ​លំបាក​ដែរ ឆ្ងាយ​ហើយ​មក​តាំង​ពី​ម្សិល​ម្ល៉េះ »

ស្ត្រី​ម្នាក់ទៀត​ឈ្មោះ ឆេង ហ៊ាង ដែល​រស់នៅ​រាជធានី​ភ្នំពេញ និយាយ​ថា កូន​គាត់​ធ្លាប់​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ដែរ តែ​មិន​ធូរ​ស្បើយ​ឡើយ។ អ្នកស្រី​យល់ថា ប្រហែល​ដោយសារ​ថ្នាំ​នៅ​តាម​ពេទ្យ​រដ្ឋ និង​ឯកជន​មិនសូវ​ល្អ ឬ​ពូកែ​ដូច​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះ​ទេ « ថ្នាំ​ពេទ្យ​អី​មក​ពី​ឯកជន​អី គឺ​ដាក់​ទៅ​អត់​ត្រូវ មិនមែន​ស្ដាយ​លុយ​ទេ អ៊ីចឹង​ហើយ​មក​ពេទ្យ​នេះ ត្រូវ ទោះ​បី​ជា អត់​ងងុយ​ក៏​ដោយ »

ជា​មធ្យម​ក្នុង​មួយ​ថ្ងៃៗ មន្ទីរពេទ្យ​នេះ​ព្យាបាល​ជំងឺ​ជូន​កុមារ​កម្ពុជា ចំនួន​ប្រមាណ ៣​ពាន់​នាក់ ដោយ​ចំណាយ​ប្រាក់​អស់ ១២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

ឪពុកម្ដាយ​របស់​កុមារ ដែល​មាន​ជំងឺ​កំពុង​អង្គុយ​ក្នុង​រោង​រង់ចាំ​នៅ​ខាង​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ចូល​ទៅ​ពិនិត្យ​និង​ព្យាបាល​កូន តាំង​ពី​ម៉ោង ២​ព្រឹក។ រូបថត​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៧។
ឪពុកម្ដាយ​របស់​កុមារ ដែល​មាន​ជំងឺ​កំពុង​អង្គុយ​ក្នុង​រោង​រង់ចាំ​នៅ​ខាង​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ចូល​ទៅ​ពិនិត្យ​និង​ព្យាបាល​កូន តាំង​ពី​ម៉ោង ២​ព្រឹក។ រូបថត​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៧។ (RFA)

ឪពុក​ម្នាក់ទៀត កំពុង​ឈរ​បី​កូន ហើយ​កែវភ្នែក​សម្លឹង​មើល​ទៅ​ដើមឈើ​នៅ​វត្តភ្នំ បណ្ដើរ​មាត់​និយាយ​ប្រាប់​​អាស៊ីសេរី​បណ្ដើរ​ថា គ្រូពេទ្យ​ស្រុក​ខ្មែរ​ភាគច្រើន​គិតតែ​ពី​លុយ មិន​ខ្វល់​ពី​ជីវិត​ក្មេង​សោះ។ ពួកគាត់​ជា​ប្រជាពលរដ្ឋ​មិនសូវ​ទុកចិត្ត​លើ​ពេទ្យ​ឯកជន និង​ពេទ្យ​រដ្ឋ​ឡើយ។ លោក​បន្ថែម​ថា នេះ​មិនមែន​ជា​លើក​ទីមួយ​សម្រាប់​លោក ដែល​នាំ​កូន​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា៖ « ដោយសារ​ពេទ្យ​នៅ​តាម​ស្រុក ប្រើ​ថ្នាំ​អត់​ល្អ ហើយ​ព្យាបាល​យក​តែ​លុយ​ទេ ហើយ​អត់​មាន​ពិនិត្យ​មើល​កូន​យើង​អោយ​ត្រឹមត្រូវ​អី​ទេ»។

វា​មាន​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួល​រលំ ប៉ុន្តែ​ប្រជាពលរដ្ឋ​កម្ពុជា​នៅតែ​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ដូចជា​បញ្ហា​មន្ទីរពេទ្យ ផ្លូវថ្នល់ និង​សាលារៀន​ជាដើម។ នៅ​តាម​ឃុំ​ខ្លះ គ្មាន​ទេ​មណ្ឌល​សុខភាព និង​សាលាឃុំ តែ​បែរ​ជា​មាន​ទីស្នាក់ការ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា យ៉ាង​ធំៗ​ទៅវិញ។

មាន​សម្បុរ​ខ្មៅ​រាង​ស្គម កំពុង​អង្គុយ​ជិត​ប្រពន្ធ ប្រាប់​ថា លោក​មកពី​ខេត្ត​ព្រៃវែង។ លោក​សំណូមពរ ឲ្យ​រាជរដ្ឋាភិបាល ឲ្យ​ជួយ​ពង្រឹង​គុណភាព និង​សេវា​សុខាភិបាល​ទាំង​ពេទ្យ​ឯកជន និង​មណ្ឌល​សុខ ភាព​តាម​ភូមិ​-​ឃុំ ឲ្យ​ល្អ​ដូច​មន្ទីរពេទ្យ​គន្ធបុប្ផា។ លោក​រៀបរាប់​ថា ប្រជាពលរដ្ឋ​មានការ​លំបាក​ច្រើន​ណាស់ ក្នុង​ការ​យក​កូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដោយសារ​ឆ្ងាយ និង​ត្រូវ​អង្គុយ​រង់ចាំ​យូរ ម៉ោង​ទៀត​ផង។ អ្វី​ដែល​ព្រួយបារម្ភ​ខ្លាំង​នោះ ប្រសិនបើ​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ គឺ​មិន​អាច​ដឹក​មក សង្គ្រោះ​ទាន់​ពេល​វេលា​បាន​ឡើយ ប្រសិនបើ​ពួកគាត់​នៅ​ខេត្ត​ឆ្ងាយៗ​៖ « សំណូមពរ​អោយ​អ្នក​ដឹកនាំ​យើង មាន​ពេទ្យ​នៅ​តាម​ជនបទ​យើង​ឲ្យ​ល្អ ព្រោះ​អី​យើង​មិនមែន​ចង់​មក​ទេ ឆ្ងាយ​ចង់​ងាប់​ហើយ អ្នកខ្លះ​មិន​មក​ពី​ខេត្ត​ព្រៃវែង​ដូច​ខ្ញុំ មក​ពី​ខេត្ត​សៀមរាប​អី​ណោះ។ ចង់​ឲ្យ​នៅ​ជនបទ​មាន​ពេទ្យ​ល្អៗ ព្យាបាល​មាន​ប្រសិទ្ធភាព ហើយ​យើង​ក៏​មិន​ចង់​មក​ទីនេះ​ដែរ»។

មិនមែន​តែ​ប្រជាពលរដ្ឋ​សាមញ្ញ​ទេ ដែល​រិះគន់​វិស័យ​សុខាភិបាល​កម្ពុជា។ កាល​ពី​ដើម​ឆ្នាំ​២០១៦ លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​មាន​ងារ​ជា​ឧកញ៉ា​មួយ​រូប និង​បាន​មក​រស់នៅ​កម្ពុជា ជា​ពេទ្យ​ស្ម័គ្រចិត្ត ចាប់​តាំង​ពី​ឆ្នាំ​២០០២ ធ្លាប់​បាន​ថ្លែង​រិះគន់​វិស័យ​សុខាភិបាល​កម្ពុជា​ថា ក្នុងចំណោម​គ្រូពេទ្យ ១០​នាក់​នៅ​កម្ពុជា មាន​៩​នាក់​ទៅ​ហើយ​ដែល​គ្មាន​ក្រមសីលធម៌ ហើយ​ព្យាបាល​អ្នកជំងឺ​មិន​ត្រឹមត្រូវ។

លោក​ត្រូវ​បាន​ដកស្រង់​សម្ដី​កាលនោះ​ថា៖ «វិស័យ​សុខាភិបាល​យើង បើ​ខ្ញុំ​ឲ្យ​ពិន្ទុ​ពី ១ ដល់​១០ ខ្ញុំ​ឲ្យ​២​ពិន្ទុ។ បើ​អ្នកក្រ​ទៅ​ពេទ្យ ខ្ញុំ​ហ៊ាន​ធានា​គេ​នឹង​ដេក​នៅ​ចិញ្ចើម​ផ្លូវ។ នោះ​ជា​អ្វី​ដែល​ខ្ញុំ​ឃើញ​ទិដ្ឋភាព​ដោយ​ផ្ទាល់។ ស្ត្រី​សម្រាលកូន​ខ្លះ​កូន​អាច​ស្លាប់​ក្នុង​ពោះ បើ​គ្មាន​លុយ​វះ។ សំណួរ​ដែល​ត្រូវ​សួរ​ខ្លួនឯង​ពេលនេះ គឺថា​ក្នុង​សតវត្សរ៍​ទី​២១ តើ​កម្ពុជា​យើង​ត្រូវ​ឆ្លងកាត់​ភាព​វេទនា​នេះ​បន្ត​ទៀត ឬ​យ៉ាងណា? ខ្ញុំ​អត់​ដែល​ជួប​ពេទ្យ​ណា​អាក្រក់​សែន​អាក្រក់ ដូច​ពេទ្យ​នៅ​ស្រុក​ខ្មែរ​យើង​ទេ»។

ចំណែក​អ្នកស្រាវជ្រាវ​បញ្ហា​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី កាល​នៅ​មាន ជីវិត បាន​អះអាង​ថា គុណភាព​សេវា​សុខាភិបាល​សាធារណៈ​ខ្មែរ នៅ​ទាប​បំផុត​បើ​ប្រៀបធៀប​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ប្រៀបធៀប​ទៅ​នឹង​មន្ទីរពេទ្យ​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​។ លោក កែម ឡី បាន​ចេញ ផ្សាយ​នៅ​អត្ថបទ​ស្រាវជាវ​មួយ​ជុំវិញ​គុណភាព​សេវា​សុខាភិបាល ត្រូវ​ការ​ធ្វើ​បដិវត្តន៍ មិនមែន​ធ្វើ​កំណែទម្រង់​ទេ។

លោក​ថា កត្តា​ដែល​គុណភាព​នៅ​មាន​កម្រិត​ទាប​ដោយសារ​កត្តា ៨យ៉ាង​រួមមាន៖ កត្តា​ថ្នាំពេទ្យ កត្តា​បច្ចេកទេស កត្តា​សម្ភារ​បរិក្ខារ​ពេទ្យ កត្តា​ទំនាក់ទំនង និង​អាកប្បកិរិយា​ពេទ្យ កត្តា​នីតិវិធី និង​ដំណើរ ការ​ព្យាបាល កត្តា​គ្រូពេទ្យ​ព្យាបាល​ចល័ត កត្តា​ប្រាក់ខែ​ទាប​បំផុត និង​ការ​លើក​ទឹកចិត្ត​តិចតួច ព្រមទាំង​មិន​មាន​អភិបាលកិច្ច​ល្អ និង​ចុងក្រោយ​កត្តា​នៃ​អត្រា​ឈឺ និង​អត្រា​ស្លាប់​របស់​អ្នកជំងឺ។

ងាក​មក​មន្ទីរពេទ្យ​គន្ធបុប្ផា​វិញ ក្នុង​រយៈពេល​២៤​ឆ្នាំ​មកនេះ មាន​កុមារ​ឈឺ​ចំនួន​ជិត ១៥​លាន​(១៤.៨៣៧.១៥៥) នាក់ ដែល​បាន​ទទួល​ការពិនិត្យ ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ។ កុមារ​ដែល​មាន​ជំងឺ និង​របួស​ធ្ងន់ៗ មាន​ចំនួន​ជាង ១​លាន​(១.៥១៦.៤៧១) នាក់ ត្រូវ​បាន​ជួយសង្គ្រោះ និង​បាន​ជា​សះស្បើយ​នៅ មន្ទីរពេទ្យ​គន្ធបុប្ផា។ ៨០​ភាគរយ​នៃ​កុមារ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទាំងនោះ នឹង​គ្មាន​សំណាងល្អ​ឡើយ​ប្រសិនបើ​មិនបាន​ដាក់​ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​ទេ​នោះ។ សម្រាប់​ផ្នែក​សម្ភព​វិញ មាន​ស្ត្រី​ចំនួន​ជិត ២​សែន (១៩២.៨៩៧) នាក់​មក​សម្រាលកូន។ រីឯ​ការពិនិត្យ​តាមដាន​ផ្ទៃពោះ​ចំនួន ជាង​១​លាន (១.៣៩០.៣២៣) ដង នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​សម្ភព» ។

ក្នុង​រយៈពេល​ជាង ២៤​ឆ្នាំ​មកនេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់​ជាង ៥៦៣​លាន​ដុល្លារ​ហើយ។ ក្នុងចំណោម​ថវិកា​ទាំង ៥៦៣​លាន​ដុល្លារ​នោះ ៨៦.៤​ភាគរយ គឺជា​វិភាគទាន​សប្បុរស ជន​ដែល​ភាគច្រើន​មកពី​ប្រជាជន​រស់​នៅ​ក្នុង​ប្រទេស​ស្វីស ៤.៧​ភាគរយ បាន​មកពី​ការចូលរួម​វិភាគទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​៨.៩​ភាគរយ​បាន​មក​ពី​ការចូលរួម​វិភាគទាន​របស់​រាជរដ្ឋាភិបាល​ស្វីស។

យ៉ាងណា​ក៏​ដោយ​ចុះ ប្រជាពលរដ្ឋ​ខ្មែរ សង្ឃឹម​ថា រដ្ឋាភិបាល នឹង​យក​កង្វល់​របស់​ពួកគាត់​ទៅ​ដោះ ស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព ជា​ជាង​គិតតែ​ពី​រឿង​ផ្ដួល​រំលំ ដៃ​គូរ​ប្រកួត​ប្រជែង​នយោបាយ ហើយ​ភ្លេច គិត​ពី​រឿង​អភិវឌ្ឍន៍​ជាតិ និង​ជួយ​ប្រជាជន​របស់​ខ្លួន​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។