មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើប្រជាពលរដ្ឋ ឬអាជីវករទាំងឡាយណាដែលប្រើប្រាស់សារធាតុគីមីទៅលើសាច់ស្រស់ និងចំណីអាហារខុសច្បាប់ នាំឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។
សាធារណជន និងអ្នកឃ្លាំមើលសង្គម គាំទ្រសកម្មភាពអនុវត្តច្បាប់របស់មន្ត្រីជំនាញកាំកុងត្រូល ប៉ុន្តែស្នើឲ្យការចុះអនុវត្តច្បាប់ ត្រូវជៀសឲ្យផុតពីអំពើបក្ខពួកនិយម ដែលអាចធ្វើឲ្យការអនុវត្តច្បាប់មិនមានប្រសិទ្ធភាព។
មន្ត្រីជំនាញម្ហូបអាហារនៃសាខាកាំកុងត្រូលខេត្តព្រះសីហនុ បន្តចុះត្រួតពិនិត្យមុខម្ហូប និងទំនិញហូបចុកគ្រប់ប្រភេទ ដើម្បីធ្វើតេស្ដរកសារធាតុគីមីនៅលើសាច់ ឬចំណីអាហារដែលអាជីវករនាំមកលក់ដូរនៅតាមស្តង់នានាក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៥ ជុំទី២ នាខេត្តព្រះសីហនុ។
អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក ជា ប៉ិច កាលពីល្ងាចថ្ងៃសុក្រ ទី២៣ ខែធ្នូ បានដឹកនាំកម្លាំងជំនាញស្ថាប័ននេះចុះធ្វើតេស្ដសាច់ស្រស់ ភេសជ្ជកំប៉ុង ឬដប និងអាហារទទួលទានជាដើម ដែលអាជីវករលក់ដូរនៅតាមស្តង់មួយចំនួននាពិធីបុណ្យសមុទ្រតាមឆ្នេរឯករាជ្យ។ លោកបន្តថា ការចុះធ្វើតេស្ដរកសារធាតុគីមីទៅលើសាច់ អាហារចម្អិនរួច ភេសជ្ជៈគ្រប់ប្រភេទ និងទំនិញវេចខ្ចប់កាលពីព្រលប់ថ្ងៃសុក្រ ទី២៣ ខែធ្នូ រកមិនឃើញសារធាតុគីមីដាក់នៅលើចំណីអាហារនោះទេ ប៉ុន្តែមន្ត្រីជំនាញកាំកុងត្រូល បានផ្តល់ការអប់រំបន្ថែមទៀតទៅដល់ប្រជាពលរដ្ឋ និងក្រុមអាជីវករ ត្រូវជៀសវាងដាច់ខាតកុំប្រើប្រាស់សារធាតុគីមីដាក់ទៅលើចំណីអាហារ ដើម្បីទុកប្រើប្រាស់ ឬលក់ដូរបានយូរ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពមនុស្សធ្ងន់ធ្ងរ និងជាទង្វើខុសច្បាប់ ហើយនឹងត្រូវផ្ដន្ទាទោស។
នាឱកាសចុះពិនិត្យរកសារធាតុគីមីនេះ លោក ជា ប៉ិច ក៏បានឆ្លៀតពន្យល់អប់រំដល់អ្នកប្រើប្រាស់ និងអ្នកលក់ដូរអាហារទទួលទានគ្រប់ប្រភេទ ណែនាំដាច់ខាតមិនត្រូវប្រើប្រាស់សារធាតុគីមីដាក់មកលើទំនិញ ឬអាហារទទួលទាន ដើម្បីទុកបានយូរនោះទេ ព្រោះការប្រើប្រាស់សារធាតុគីមីជាអំពើខុសច្បាប់ ត្រូវផ្ដន្ទាទោស បើកម្លាំងជំនាញរកឃើញកំហុសឆ្គង៖ « សូមជួយ សហការជាមួយ មន្ត្រីយើងខ្ញុំ ទាំង ម្ហូបអាហារ វេចខ្ចប់ស្រាប់ ទាំងគ្រឿងសមុទ្រស្រស់ សូមកុំ ប្រើប្រាស់សារធាតុគីមី និងសូមអាជីវករទាំងអស់ប្រកបអាជីវកម្មដោយស្មោះត្រង់ ដោយកុំដាក់សារធាតុគីមីចូលទៅក្នុងម្ហូបអាហារទាំងនោះ ឬសូមកុំលក់ម្ហូបអាហារ និងភេសជ្ជគ្រប់ប្រភេទដែលហួសកាលបរិច្ឆេទប្រើប្រាស់ឲ្យសោះ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ និងជាទង្វើ ខុសច្បាប់ ហើយនឹងត្រូវផ្ដន្ទាទោស ឬ ផាកពិន័យ ជាដើម។ ដូច្នេះសូមអាជីវករទាំងអស់ កុំប្រើប្រាស់សារធាតុ គីមីដាក់ ទៅលើម្ហូបអាហារ ឲ្យសោះ »។
ជាមួយគ្នានេះ លោក ជា ប៉ិច ប្រកាសលេខទូរស័ព្ទជូនដល់សាធារណជន ឬប្រជាពលរដ្ឋ បើមានព័ត៌មានសង្ស័យថា ទីតាំងណាមួយមានលក់អាហារស្រស់ ឬចំណីអាហារទាំងភេសជ្ជកំប៉ុង ឬដបគ្រប់ប្រភេទ មានដាក់សារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ជាដើម ត្រូវផ្តល់ព័ត៌មានឲ្យបានឆាប់មកកាន់មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ដើម្បីចុះបង្ក្រាបឲ្យបានទាន់ពេល។
លោក ជា ប៉ិច សង្កត់ធ្ងន់ថា កាលពីពេលថ្មីៗនេះ មានលេចឮព័ត៌មានពីប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានបង្ហោះសារស្តីអំពីការធ្វើចរាចរអង្ករប្លាស្ទិកនៅលើទីផ្សារនៅតាមតំបន់ខ្លះ ប៉ុន្តែជាក់ស្តែង ព័ត៌មាននេះ ស្ថាប័នកាំកុងត្រូលខេត្តនេះមិនទាន់រកឃើញអង្ករប្លាស្ទិកនេះម្តងណាទេ។
ផ្ដើមពីបញ្ហានេះ លោក ជា ប៉ិច ទទូចដល់ប្រជាពលរដ្ឋ ឬអ្នកជាប់ពាក់ព័ន្ធ បើមានព័ត៌មានជុំវិញការធ្វើសកម្មភាពអង្ករប្លាស្ទិកនៅទីតាំងណាមួយ ត្រូវប្រញាប់ផ្តល់ព័ត៌មានមកកាន់ស្ថាប័នកាំកុងត្រូល ដើម្បីចុះពិនិត្យជាក់ស្តែងដល់គោលដៅ និងមានវិធានការតាមផ្លូវច្បាប់ឲ្យបានទាន់ពេល៖ « លេខទាក់ទង សាខាកាំកុងត្រូលខេត្តព្រះសីហនុ មានលេខ ០៩៨ ៥៥៥ ៦៦៦ - ០១៧ ៤៤ ៣៧ ៣៧ និង ០១២ ៩៤៦ ០៤៦។ បើ បងប្អូន មានសង្ស័យជាមួយអង្ករប្លាស្ទិក និង ចំណីអាហារ ផ្សេងៗដែលមានភាពមិនប្រក្រតី ឬ អាចមាន ប្រើប្រាស់សារធាតុគីមីជាដើម សូមទាក់ទងមកមន្ត្រីជំនាញ កាំកុងត្រូលខេត្ត ព្រះសីហនុ ជាជាងបង្ហោះនៅលើបណ្ដាញសង្គម នាំឲ្យ បំពុលបរិយាកាស សង្គម ទៅវិញ ទេ »។
សកម្មភាពចុះពិនិត្យផ្ទាល់ដល់ស្តង់លក់ដូរម្ហូបអាហារ និងទំនិញទទួលទានគ្រប់ប្រភេទនាពិធីបុណ្យសមុទ្ររបស់មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តព្រះសីហនុ ទទួលបានការសាទរពីសាធារណជន និងមន្ត្រីសង្គមស៊ីវិលមួយចំនួន។
ចំណែកអ្នកលក់ដូរនៅតាមស្តង់លក់ចំណីអាហារ និងស្តង់លក់ភេសជ្ជមួយចំនួន ក៏បានបើកទូលាយ និងប្រកាសសហការជាមួយមន្ត្រីជំនាញកាំកុងត្រូលខេត្តព្រះសីហនុ ដែលចុះពិនិត្យរកសារធាតុគីមីនៅក្នុងចំណីអាហារនាពិធីបុណ្យសមុទ្រឆ្នាំនេះ។
អាជីវករលក់គ្រឿងសមុទ្រប្រហិតផលិតពីសាច់គោ និងសាច់ត្រីជាដើម នៅតាមស្តង់លក់ដូរមួយចំនួននាពិធីបុណ្យសមុទ្រ បានបង្ហាញការយល់ដឹងខ្ពស់ពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុគីមីដាក់ទៅលើចំណីអាហារ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ជាងនេះទៀត នៅចំពោះមុខមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ក្រុមអាជីវករទាំងនោះបានប្ដេជ្ញាថា នឹងមិនប្រើប្រាស់សារធាតុគីមីដាក់ទៅលើសាច់គ្រប់ប្រភេទ ចំណីអាហារ និងភេសជ្ជគ្រប់ប្រភេទជាដាច់ខាត ដើម្បីចូលរួមចំណែកជួយថែរក្សាសុខភាពប្រជាពលរដ្ឋខ្មែរជាមួយរាជរដ្ឋាភិបាល។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្វាគមន៍សកម្មភាពចុះត្រួតពិនិត្យផ្តល់ការអប់រំ ដោយនាំយកឧបករណ៍ធ្វើតេស្ដទៅលើចំណីអាហារហូបចុកគ្រប់ប្រភេទនៅក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ។
ទន្ទឹមគ្នានេះ ក៏ស្នើឲ្យសកម្មភាពរបស់មន្ត្រីជំនាញកាំកុងត្រូលខេត្តព្រះសីហនុ ត្រូវចុះធ្វើសកម្មភាពឲ្យបានជាប្រចាំ និងស្មើភាពរវាងអាជីវករជនជាតិខ្មែរ អាជីវករជនជាតិថៃ និងជាតិសាសន៍ដទៃទៀតឲ្យមានតម្លាភាព និងការអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នា៖ « សំណូមពរដល់ស្ថាប័នជំនាញ ស្នើ ឲ្យមានការ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋអំពី ផលប៉ះពាល់ ពី ការប្រើប្រាស់ ចំណីអាហារ ឬអាហារ ទទួលទានដែលមាន ផ្ទុកសារធាតុគីមី ជូនប្រជាពលរដ្ឋបាន យល់ដឹង និងចូលរួម សហការជាមួយ មន្ត្រីជំនាញ ដើម្បី ឈានដល់ ទប់ស្កាត់ឲ្យ មានប្រសិទ្ធភាព។ តាមការកត់សម្គាល់ រាល់ថ្ងៃនេះ សុខភាពប្រជាពលរដ្ឋ គឺបានញាំញីដោយជំងឺបៀតបៀន ដោយសារចំណីអាហារមានសារធាតុគីមី ទោះមិនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាអសន្តិសុខក្តី ក៏ប៉ុន្តែការស្លាប់ដោយការទទួលទានចំណីអាហារនេះ ក៏បាន កើតមាន ជាបន្តបន្ទាប់ដែរ ព្រោះមនុស្សយើង គ្រប់រូប ចាំបាច់ការទទួល ទាន »។
ជាងនេះទៀត អ្នកស្រី សុធារី ក្នុងនាមអ្នកឃ្លាំមើលសង្គម បានទទូចដល់មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តព្រះសីហនុ ប្រសិនរកឃើញកំហុសឆ្គងដែលម្ចាស់អាជីវកម្មទាំងឡាយណាបានលួចដាក់សារធាតុគីមីទៅលើសាច់ស្រស់ អាហារហូបចុក និងមុខទំនិញគ្រប់ប្រភេទ ដើម្បីទុកលក់ ឬប្រើប្រាស់បានយូរថ្ងៃ ត្រូវឲ្យប្រាកដថា នាំជនប្រព្រឹត្តិល្មើសទាំងនោះទៅផ្ដន្ទាទោសតាមច្បាប់ ហើយត្រូវជៀសឲ្យផុតពីអំពើពុករលួយ ឬបក្ខពួកនិយម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។