មនុស្ស​ប្រមាណ ៩០នាក់ ត្រូវ​បាន​រក​ឃើញ​ថា ប៉ះពាល់​ជាមួយ​បុរស​ជនជាតិ​ហុងគ្រី​ដែល​ផ្ទុក​ជំងឺ​កូវីដ-១៩

ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី២៧ កញ្ញា នេះ ប្រកាស​ថា រក​ឃើញ​មនុស្ស​ប្រមាណ​ ៩០នាក់​ដែល​បាន​ពាក់ព័ន្ធ​ជាមួយ​បុរស​ជនជាតិ​ហុងគ្រី អាយុ ៧០ឆ្នាំ មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ ក្រោយ​បុរស​រូប​នេះ បាន​បាត់​ខ្លួន និង​រក​ឃើញ​វិញ ​នៅ​ក្នុង​ផ្ទះ​វីឡា​មួយ​កន្លែង​​​ក្នុង​ក្រុង​សៀម​រាប​ដែល​ជា​កន្លែង​ធ្វើ​ចត្តាឡីស័ក។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​វិធាន​ការ​បន្ថែម​ទៀត​ចំពោះ​ការ​ខ្វះ​ចន្លោះ​ប្រហោង​ក្នុង​ការ​គ្រប់គ្រង​នៅ​មណ្ឌល​ចត្តាឡីស័ក។

ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​បុរស​ជន​ជាតិ​ហុងគ្រី មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ នេះ រួម​មាន ភរិយា​របស់​លោក​ជា​ជនជាតិ​ខ្មែរ និង​អ្នក​រត់​កង់​បី​នៅ​ខេត្ត​សៀមរាប​ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​សៀមរាប ដោយ​លទ្ធផល​ធ្វើតេស្ត​លើក​ទី១ អវិជ្ជមាន​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ទី២៦ កញ្ញា​។ រីឯ ភរិយា និង​កូន ២នាក់ របស់​អ្នក​រត់​កង់​បី​រូប​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡឺស័ក​នៅផ្ទះ ១៤ថ្ងៃ ដើម្បី​តាម​ដាន​សុខភាព​បន្ត។

ចំពោះ​អ្នក​បម្រើ​ការ​នៅ​គ្រឹះ​ស្ថាន​អង្គរ​ខេត្ត​សៀមរាប ដែល​ជា​កន្លែង​អ្នក​ជំងឺ​ចូល​ទៅ​ទិញ​ផ្ទាំង​គំនូរ​នោះ ​ក្រសួង​បញ្ជាក់​ថា មិន​មាន​ការ​ប៉ះពាល់​ច្រើន​ទេ ដោយសារ​អ្នក​ជំងឺ​បាន​ពាក់​ម៉ាស់ ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​តាម​ដាន​បន្ត​។​ ចំណែក​អ្នក​បើក​តាក់ស៊ី​នៅ​រាជ​ធានី​ភ្នំពេញ ដែល​បាន​ដឹក​បុរស​ជនជាតិ​ហុងគ្រី​កាល​ពី​ថ្ងៃ​ទី១៦ កញ្ញា ត្រូវ​បាន​គ្រូ​ពេទ្យ​យក​សំណាក​ទៅ​វិភាគ ដោយ​រង់ចាំ​លទ្ធផល​តេស្ត​នៅ​ល្ងាច​នេះ និង​ណែនាំ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​របស់​គាត់​ហើយ។ អ្នក​ដំណើរ​ចំនួន ៨៤នាក់​ផ្សេង​ទៀត ដែល​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ជាមួយ​បុរស​ជនជាតិ​ហុងគ្រី​រូប​នេះ ក្រុម​ការងារ​របស់​ក្រសួង​សុខាភិបាល កំពុង​ទំនាក់​ទំនង​ពួកគេ ដើម្បី​ធ្វើតេស្ត​ជា​លើក​ទី២ បណ្តើរៗ។

អ្នក​រត់​រ៉ឺម៉ក​កង់​បី​នៅ​ខេត្ត​សៀមរាប​មួយ​រូប​ លោក រ៊ុំ សុធា បារម្ភ​ថា ជំងឺ​កូវីដ-១៩ អាច​នឹង​ផ្ទុះ​ឡើង​ជាថ្មី​ម្តង​ទៀត នៅ​ខេត្ត​សៀម​រាប​ បន្ទាប់​ពី​រក​ឃើញ​ករណី​ទី២ លើ​ជន​បរទេស​រូប​នេះ ដែល​បាន​បាត់​ខ្លួន​ពី​មណ្ឌល​ចត្តាឡីស័ក។​ លោក​បារម្ភ​ពី​សុវត្ថិភាព​​ផ្ទាល់​​​ខ្លួន​របស់​លោក​ផង​ដែរ ក្នុង​ការ​ដឹក​ភ្ញៀវ​ទេសចរ និង​ទំនាក់​ទំនង​ជាមួយ​ពលរដ្ឋ​ដទៃ ដោយសារ​លោក​មើល​ឃើញ​ថា ការ​គ្រប់​គ្រង​នៅ​មណ្ឌល​ចត្តាឡីស័ក ហាក់​នៅ​មាន​ការ​ធ្វេស​ប្រហែស​ខ្លាំង​​ដែល​បណ្ដោយ​ឲ្យ​អ្នក​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​អាច​រត់គេច​ខ្លួន និង​ដើរ​ហើរ​នៅ​ខាង​ក្រៅ​ដោយ​សេរី​បាន។ លោក​សង្កត់​ធ្ងន់​ថា ការ​ផ្សព្វ​ផ្សាយ​របស់​ក្រសួង​សុខាភិបាល​ទូលំ​ទូលាយ ប៉ុន្តែ​ការ​អនុវត្ត​ពុំ​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ។ លោក​បន្ត​ថា ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​សៀមរាប​ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​អនុវត្ត​វិធាន​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ខ្លួន​ពី​ជំងឺ​នេះ​ផង​ដែរ៖ « ប្អូន​អត់​អាច​មាន​សមត្ថភាព​ទៅ​ដាក់​គំនាប​ទៅ​លើ​រដ្ឋាភិបាល​ទៅ​លើ​មន្ត្រី​ពាក់​ព័ន្ធ​ទេ តែ​ចំណុច​នេះ វា​ពឹង​ផ្អែក​ទៅ​លើ​ឆន្ទៈ​របស់​ពួក​គាត់​ថា ពួក​គាត់​មាន​ការ​ចង់ មាន​ការ​លះបង់​ធំអត់​នៅ​ក្នុង​កិច្ច​ការងារ​ហ្នឹង នៅ​ក្នុង​រឿង​ហ្នឹង។ តែ​ចំពោះ​ប្អូន ប្អូន​ត្រឹម​ប្រជា​ពលរដ្ឋ​ទេ ប្អូន​មាន​សិទ្ធិ​ត្រឹម​តែ​សំណូមពរ​ឲ្យ​ពួក​គាត់​ជួយ​ពន្លឿន​នៅ​ក្នុង​កិច្ច​ការងារ​ស្រាវ​ជ្រាវ ឬក៏​ត្រួត​ពិនិត្យ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​យើង​ឆាប់​ទទួល​បាន​​ផល ដើម្បី​រួម​ចំណែក​ក្នុង​ការ​ទប់​ស្កាត់​ទៅ​លើ​ចំនួន​នៃ​អ្នក​ឆ្លង »

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ទៅ ស្នងការ​ខេត្ត​សៀមរាប លោក ទិត្យ ណារ៉ុង ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​រឿង​នេះ ប៉ុន្តែ​មិន​មាន​អ្នក​ទទួល​នោះ​ទេ។

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​ការ​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​មាន​វិធាន​ការ​ត្រួត​ពិនិត្យ និង​រឹត​បន្តឹង​បន្ថែម​ទៀត នៅ​តាម​មណ្ឌល​ចត្តាឡីស័ក ដើម្បី​បង្ការ​ការ​ឆ្លង​រីក​រាល​ដាល​ទៅ​ក្នុង​​សហគមន៍ ដោយ​ធ្វើការ​ផាក​ពិន័យ​លើ​បុគ្គល​ដែល​លួច​រត់ចេញ​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក បង្កើន​ការ​ធ្វើ​ចត្តាឡីស័ក ១៤ថ្ងៃ​បន្ត​ទៀត​លើ​បុគ្គល​ដែល​លួច​រត់ និង​ពិនិត្យ​មើល​លើ​ការ​គ្រប់​គ្រង​របស់​មន្ត្រី​នៅ​តាម​មណ្ឌល​ចត្តាឡីស័ក។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​លើក​ទឹក​ចិត្ត​បុរស​ជនជាតិ​ហុងគ្រី​រូប​នោះ​ឲ្យ​ឆ្លើយ​នូវ​ការ​ពិត​ថា លោក​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​ខ្លះ ឬ​ប៉ះពាល់​ជាមួយ​នរណា​ខ្លះ ដើម្បី​ចាត់​វិធាន​ការណ៍​បន្ថែម៖ « យើង​មាន​មេរៀន​២ - ៣ដង​ហើយ ប៉ុន្តែ​យើង​នៅតែ​ឲ្យ​មាន​ការ​រត់​ដដែលៗ​ទៀត។ អ៊ីចឹង​ខ្ញុំ​ថា គួរតែ​មាន​ការ​រៀបចំ​នូវ​ស្តង់​ដារ​មួយ​សម្រាប់​ការ​គ្រប់គ្រង​ហ្នឹង​ឲ្យ​បាន​កាន់​តែ​ហ្មត់​ចត់​ជាង​នេះ​តទៅ​ទៀត កុំឲ្យ​មាន​ការ​រត់​ចេញ​ដែល​ជាការ​បង្ក​ហានិភ័យ​ទៅដល់​សហគមន៍​នៅ​ក្នុង​ខេត្ត​សៀមរាប​ក៏​ដូចជា​ប្រទេស​កម្ពុជា​ទាំង​មួល ហើយ​នឹង​មួយ​ទៀត​គឺ​ត្រូវតែ​ធ្វើ​យ៉ាង​ណា​គ្រប់​គ្រង​មណ្ឌល​ចត្តាឡីស័ក​ហ្នឹង​ឲ្យ​បាន​ល្អ​ប្រសើរ »

គិត​ត្រឹម​ថ្ងៃ​ទី២៧ កញ្ញា ចំនួន​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ សរុប​ទូទាំង​ប្រទេស​កើន​ដល់​ចំនួន ២៧៦​នាក់ ក្នុង​នោះ​អ្នក​ជា​សះ​ស្បើយ ២៧៤នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មាន​ចំនួន ២នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។