អ្នក​ជំងឺកូវីដ​១៩​​ស្លាប់​កើន​ដល់​​ ១០៣ នាក់ ​និង​រក​ឃើញ​​អ្នក​ឆ្លង​ថ្មីជាង​៧រយ​នាក់​

អ្នក​ស្លាប់​​ដោយ​សារ​ជំងឺកូវីដ​១៩​​កើនឡើង​​​ដល់​ជាង​​មួយរយ (១០៣) នាក់ និង​រកឃើញ​​អ្នកឆ្លង​ថ្មីជាង​ប្រាំពីររយ (៧៣០)នាក់។ ភាគច្រើននៃអ្នកឆ្លងថ្មី គឺនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។

ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃ២ ខែឧសភាថា ​អ្នកជំងឺកូវីដ-១៩ ​ចំនួន ៦ នាក់ បន្ថែម​ទៀត បាន​ស្លាប់​ ​ដែលនាំ​​ឲ្យតួលេខ​​អ្នក​ស្លាប់​​កើន​ដល់​ជាង​មួយរយនាក់ (១០៣)។ ក្រសួង ​បញ្ជាក់ថា ​អ្នកស្លាប់ទី១​ គឺបុរសជនជាតិខ្មែរអាយុ ៧១ ឆ្នាំ ​រស់នៅក្រុង​តាខ្មៅ ​ខេត្តកណ្តាល​។ អ្នកស្លាប់ទី២ ​ជាស្ត្រីជនជាតិខ្មែរអាយុ​ ៧១ ឆ្នាំ រស់នៅ​សង្កាត់​ទួល​សង្កែ ​ខណ្ឌឫស្សីកែវ ​រាជធានីភ្នំពេញ។ អ្នកស្លាប់ទី៣ ​ស្ត្រីជនជាតិខ្មែរអាយុ ៧៦ ឆ្នាំ ​រស់នៅខេត្តព្រះសីហនុ ។ ​អ្នកស្លាប់ទី៤ ​បុរសជនជាតិខ្មែរអាយុ​៦១ ឆ្នាំ​ រស់នៅសង្កាត់​ស្ទឹង​មានជ័យ​ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ។ អ្នកស្លាប់​ទី៥ ជា​បុរស​ជនជាតិខ្មែរ​អាយុ ៥៩ ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្តាល។​ អ្នកស្លាប់ទី៦​ បុរសជនជាតិខ្មែរអាយុ​ ៤៥ ឆ្នាំ ​រស់នៅសង្កាត់ទន្លេបាសាក់ ​ខណ្ឌចំការ​មន រាជធានីភ្នំពេញ។ អ្នកជំងឺទាំង៦​នាក់នេះ មាន ៥ នាក់ ស្លាប់កាលពីថ្ងៃទី១ ខែឧសភា និង​មាន​ម្នាក់ស្លាប់ថ្ងៃទី៣០ ខែមេសា។

នៅថ្ងៃដដែលនេះ​ ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មីជាង៧រយ៣០ នាក់ (៧៣០) នាក់ ភាគច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។ ​ចំណែកអ្នកជាសះ ស្បើយវិញ ក្រសួង​ អះអាងថា មានជាងមួយរយ (១៦៩)នាក់។

គិតត្រឹមថ្ងៃទី២ ​ខែឧសភា​ កម្ពុជា​ បានរកឃើញអ្នកឆ្លងសរុប​ជាង១ម៉ឺន៤ពាន់ (១៤. ៥២០) នាក់​ ក្នុងនោះ​អ្នកជាសះស្បើង​ជាង ៥ពាន់ ​(៥.៣៦៩) នាក់ ​និងអ្នកកំពុងសម្រាកព្យាបាលជិត ១ម៉ឺន (៩.០៤០)​ នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។