មន្ត្រីរបបក្រុងភ្នំពេញ នាំគ្នាហូបជ្រូកខ្វៃ តាមទីសាធារណៈ ឱ្យពលរដ្ឋមើល ដើម្បីបំផុសឱ្យមានការជឿជាក់ និងទទួលទានសាច់ជ្រូកឡើងវិញ។ អាជីវករ និងអ្នកជំនាញផ្នែកកសិកម្ម ថា ការធ្វើបែបនេះ មិនបានទទួលផល ឬឱ្យពលរដ្ឋមិនជឿជាក់ទេ។ ពួកគេផ្ដល់យោបល់ឱ្យរបបក្រុងភ្នំពេញ ធានាការទប់ស្កាត់នាំចូលជ្រូកឈឺ ពីប្រទេសវៀតណាមចូលឱ្យបាន១០០ភាគរយ ទើបពលរដ្ឋងាកមកទទួលទានសាច់ជ្រូកឡើងវិញ។
អាជីវករនៅផ្សារដើមគ អ្នកស្រី ម៉ៅ លក្ខិណា ប្រាប់ថា ប្រធានផ្សារដើមគ បានយកជ្រូកខ្វៃ មកកាប់ចែកអ្នកលក់ក្នុងផ្សារហូប ដើម្បីបង្ហាញថា ការសាច់ជ្រូក មិនប៉ះពាល់ដល់សុខភាព។ ប៉ុន្តែអ្នកស្រី ថា អាជីវករខ្លះហូប អាជីវករខ្លះមិនហូបទេ។ ឯអ្នកលក់សាច់ជ្រូកក៏កាន់តែស្បើយទៅ អ្នកខ្លះបន្ថយសាច់ជ្រូក ហើយយកសាច់គោ សាច់មាន់ សាច់ទា និងត្រី មកលក់ជំនួស។ អ្នកខ្លះបិទតូបលក់សាច់ជ្រូកចោលក៏មាន។ អ្នកស្រី ម៉ៅ លក្ខិណា ប្រាប់ថា អ្នកទិញនៅតែមិនជឿជាក់ ហើយពួកគេប្រាប់ថា សុខចិត្តប្ដូរមកហូបត្រី ឬមាន់ មួយរយៈសិន ចាំរដ្ឋាភិបាលទប់ស្កាត់ការនាំចូលជ្រូកបាន១០០ភាគរយ ទើបប្ដូរមកទទួលទានសាច់ជ្រូកវិញ។ «»
ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានរីករាលដាលខ្លាំង តាមបណ្ដាខេត្តមួយចំនួនរបស់កម្ពុជា នៅកំឡុងខែកក្កដា។ រយៈពេល១ខែមកនេះ ទាំងអ្នកលក់ និងអ្នកចិញ្ចឹមជ្រូករអ៊ូថា លក់ជ្រូកមិនដាច់ ដោយសារពលរដ្ឋឈប់ទទួលទានសាច់ជ្រូក ហើយងាកមករកម្ហូបផ្សេងជំនួស។
ជាញឹកញយមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន និងក្រសួងកសិកម្ម បានអំពាវនាវ និងចេញសេចក្ដីប្រកាស ធានាថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លងមកមនុស្សទេ តែពលរដ្ឋមិនជឿ។ លោក ហ៊ុន សែន កាលពីថ្ងៃទី៣០ កក្កដា បានអំពាវនាវជាថ្មី ឱ្យពលរដ្ឋហូបសាច់ជ្រូកឡើងវិញ ហើយលោកក៏អះអាងថា លោកខ្លួនឯង ក៏ហូបសាច់ជ្រូក រាល់ថ្ងៃដែរ គឺមិនខ្លាចឆ្លងជំងឺប៉េស្តជ្រូកទេ ដោយសារ ជំងឺនោះ មិនឆ្លងដល់មនុស្ស និងសាច់ជ្រូក ដែលមានជំងឺមិនត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យយកមកលក់ឡើយ។
ទន្ទឹមនឹងការអំពាវនាវរបស់លោក ហ៊ុន សែន មន្ត្រីរបបក្រុងភ្នំពេញ នៅតាមខេត្តមួយចំនួនក៏បាននាំគ្នារៀបចំជ្រូកខ្វៃ ហូបនៅតាមទីសាធារណៈ ដើម្បីបង្ហាញប្រាប់ពលរដ្ឋដែរ ដូចជា នៅខេត្តព្រៃវែង អភិបាលខេត្ត ដឹកនាំមន្ត្រីហូបជ្រូកខ្វៃក្នុងទីធ្លាសាលាខេត្តរួចថតបង្ហោះតាមហ្វេសប៊ុក (Facebook) នៅខេត្តសៀមរាប ក្រុមមន្ត្រីនាំគ្នាបរិភោគជ្រូកខ្វៃនៅមុខផ្សារលើ និងអភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីហូបជ្រូកខ្វៃមុខផ្សារតាកែវ នៅព្រឹកថ្ងៃទី២ សីហា ជាដើម។
អភិបាលខេត្តព្រៃវែង លោក ជា សុមេធី ប្រាប់អាស៊ីសេរី នៅថ្ងៃទី២ សីហា ថា បន្ទាប់ពីលោកបានដឹកនាំមន្ត្រីបរិភោគជ្រូកខ្វៃមក ឥឡូវនេះ ពលរដ្ឋច្រើនណាស់ កំពុងបរិភោគសាច់ជ្រូកឡើងវិញ។ផ្ទុយពីការអះអាងរបស់អភិបាលខេត្តព្រៃវែង អ្នកលក់មីឆា នៅម្ដុំផ្សារអ្នកលឿង ស្រុកពាមរក៏ម្នាក់ ឱ្យដឹងថា ពលរដ្ឋនៅតែមិននិយមហូបសាច់ជ្រូកដដែល។ អ្នកស្រី ថា សាច់ជ្រូកនៅផ្សារអ្នកលឿងបានចាប់ផ្ដើមចុះថោកតាំងពីខែកក្កដាមក មួយគីឡូ តម្លៃ៥ពាន់រៀល សឹងតែគ្មានអ្នកទិញហូប។ អ្នកស្រី ថា អ្នកលក់សាច់ជ្រូក នៅផ្សារអ្នកលឿង ក៏មិនខុសពីផ្សារផ្សេងទៀតដែរ គឺត្រូវបន្ថយយកសាច់ជ្រូកមកលក់ ហើយយកសាច់គោ សាច់មាន់ យកមកលក់ជំនួសវិញ។ ចំណែកម៉ូយអ្នកលក់បាយស្រូបសាច់ជ្រូក ឬមីឆា បាយឆា បាននាំគ្នាប្ដូរពីសាច់ជ្រូក មកសាច់គោវិញ តាមតម្រូវចិត្តអ្នកកុម្ម៉ង់។ប្រធានសហព័ន្ធសហជីពកម្មករកសិកម្មកម្ពុជា លោក ហេង ជឿន យល់ថា ការបរិភោគសាច់ជ្រូកឱ្យពលរដ្ឋមើល មិនអាចធ្វើឱ្យពលរដ្ឋជឿជាក់បានទេ។ លោកបន្ទោសថា ដើមចមមកពីការទប់ស្កាត់នាំចូលជ្រូកឈឺ គ្មានប្រសិទ្ធភាព ទើបបង្កឱ្យអស់ជំនឿក្នុងការបរិភោគសាច់ជ្រូកបែបនេះ។
លោក ហេង ជឿន ផ្ដល់យោបល់ថា វិធីដែលធ្វើឱ្យពលរដ្ឋមានទំនុកចិត្តបរិភោគសាច់ជ្រូកឡើងវិញ គឺរដ្ឋាភិបាលត្រូវធានាថា លែងមានការនាំចូលជ្រូកឈឺពីប្រទេសវៀតណាម ចូលមកកម្ពុជាទៀត។ បើធ្វើបែបនេះបាន ពលរដ្ឋ នឹងងាកមកបរិភោគសាច់ជ្រូកឡើងវិញ ដោយខ្លួនឯង។
មកដល់ពេលនេះ ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានកើតឡើងនៅតំបន់ខ្លះ នៃខេត្តចំនួន៥ហើយ គឺខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងខេត្តកណ្ដាល។ ខេត្តទាំងនោះ សុទ្ធសឹងតែជាប់ព្រំដែនប្រទេសវៀតណាម។ ចំណែកជ្រូកជាង ២ពាន់ក្បាល ត្រូវបានអាជ្ញាធរយកទៅកប់ចោល និងងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។