អាជ្ញាធរ​ថៃ​បង្កើន​រឹត​បន្តឹង​តំបន់​ព្រំដែន​ជាប់​កម្ពុជា ទប់​ស្កាត់​ការ​រាតត្បាត​កូវីដ១៩

ដោយ ម៉ៅ សុធានី
2021-05-13
Share
អាជ្ញាធរ​ថៃ​បង្កើន​រឹត​បន្តឹង​តំបន់​ព្រំដែន​ជាប់​កម្ពុជា ទប់​ស្កាត់​ការ​រាតត្បាត​កូវីដ១៩ ពលករខ្មែរ ១៧នាក់ ដែល​ទាហាន​ថៃ​នៅ​ខេត្ត​ស្រះកែវ​ចាប់​បាន​ ពេលឆ្លង​ដែនចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់។
រូប៖ ហ្វេសប៊ុកសារ​ព័ត៌មានអនឡាញថៃ 77kaoded ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ២០២១

អាជ្ញាធរ​ថៃ​បង្កើន​ការ​រឹត​បន្តឹង​កាន់​តែ​ខ្លាំង​នៅ​តាម​ព្រំដែន​ជាប់​កម្ពុជា​ហាម​ឃាត់​មិន​ឱ្យ​ពលករ​ខ្មែរ​ឆ្លង ដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់​ ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ មន្ត្រី​សង្គម​ស៊ីវិល​ យល់​ថា ពលករ​ខ្មែរ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​អំឡុង​ពេល​នេះ​ប្រឈម​នឹង​គ្រោះ​ច្រើន​ជាង​ពេល​មុនៗ។

ក្រសួង​មហាផ្ទៃ​របស់​ថៃ​បាន​បញ្ជា​ទៅ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ឱ្យ​បង្កើន​ការ​រឹត​បន្តឹង​នៅ​តំបន់​ព្រំដែន​​​ដោយ​ហាម​ដាច់​ខាត​មិន​ឱ្យ​ពលករ​ខ្មែរ​ឆ្លង​ដែល​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​អំឡុង​ពេល​នេះ។

ក្រសួង​មហាផ្ទៃ​ថៃ​បាន​ជំរុញ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​ព្រំដែន​ទាំង​អស់​ឱ្យ​សហការ ជា​មួយ​ពលរដ្ឋ​ថៃ​ទប់​ស្កាត់​មិន​ឱ្យ​ពលករ​បរទេស​លួច​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ​ជា​ដាច់​ខាត។ បន្ថែម​ពី​នេះ​សមត្ថកិច្ច​ថៃ ឲ្យ​ស្នើ​ឲ្យ​ពលរដ្ឋ​ថៃ ប្រសិន​បើ​ពួក​គេ ប្រទះ​ឃើញ​ពលករ​បរទេស​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ឱ្យ​រាយការណ៍​ទៅ​អាជ្ញាធរ​ថៃ​ភ្លាមៗ។ គិត​ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី១០ ឧសភា អាជ្ញាធរ​ថៃ​ចាប់​ពលករ​បរទេស​ រួម​មាន ខ្មែរ ឡាវ (Lao) និង មីយ៉ាន់ម៉ា ឬ​ភូមា (Myanmar) បាន ១.១២៦នាក់ ដែល​បាន​លួច​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ ក្នុង​នោះ​ពលករ​ភូមា (Myanmar) និង​កម្ពុជា​ច្រើន​ជាង​គេ៖ «នៅ​ទី​ប្រជុំ​គណៈកម្មការ​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ថ្ងៃ​នេះ ក៏​មាន​ការ​ពិភាក្សា​គ្នា ដោយ​​ជំរុញ​ឱ្យ​អាជ្ញាធរ​តាម​ដាន​ ការ​លប​ឆ្លងដែន​ចូល​ក្នុង​ប្រទេស​តាម​ព្រំដែន ដោយ​សង្កត់​ធ្ងន់​លើ​ការ​ធ្វើ​ការងារ​របស់​អាជ្ញាធរ​រដ្ឋ​ យើង​ជ្រាប​ច្បាប់​ថា ពួកគាត់​ធ្វើ​ការងារ​ធ្ងន់​រួច​មក​ហើយ​ តែ​នៅ​ពេល​នេះ​​សុំ​បង្កើន​ការពារ​តឹងតែង​ជាង​មុន។ អ្វី​ដែល​សំខាន់​នោះ​សុំ​ឱ្យ​ការ​ចូល​រួម​សហការ​ពី​ពលរដ្ឋ​ថៃ ដែល​ត្រូវ​ការ​វិល​ត្រឡប់​ប្រទេស ​សុំ​ឱ្យ​ចេញ​ចូល​ប្រព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋ​ ដែល​មាន​ស្តង់ដារ»

នៅ​ថ្ងៃ​ទី១២ ឧសភា អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ចំនួន ១៧នាក់​ទៀត នៅ​តំបន់​ព្រំដែន​ខេត្ត​ស្រះ​កែវ (Sra Kaeo) ជាប់​កម្ពុជា ដោយសារ​ពួកគេ​លួច​ឆ្លងដែន​ដោយ​ខុស​ច្បាប់។ ពលករ​ខ្មែរ​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅ​ត្រួតពិនិត្យ​ជំងឺ​កូវីដ១៩ នៅ​ខេត្ត​ស្រះ​កែវ មុន​នឹង​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​កម្ពុជា​វិញ។ សារព័ត៌មាន​របស់​ថៃ (77kaoded) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី១៣ ឧសភា​ថា អាជ្ញាធរ​ថៃ​នឹង​ចាត់​វិធាន​ការ​តាម​ច្បាប់ ចំពោះ​ពលករ​បរទេស​ណា​ដែល​ឆ្លង​ដែន​​ចូល​ទឹក​ដី​ថៃ​ចម្ងាយ​លើស​ពី​​១០គីឡូម៉ែត្រ​ពី​ព្រំដែន ហើយ​ប្រសិន​បើ​ក្រោម ១០គីឡូម៉ែត្រ​នឹង​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធ ឡោះ ប្រាប់​អាស៊ី​សេរី​ថា ​លោក​មិន​ទាន់​ទទួល​ព័ត៌មាន​អំពី​ពលករ​ខ្មែរ​ដែល​ថៃ​ចាប់​ខ្លួន​ទាំង​នោះ​នៅ​ឡើយ​ទេ។ លោក​ថា អាជ្ញាធរ​កម្ពុជា ក៏​រឹត​បន្តឹង​នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​ថៃ​ដែរ ដើម្បី​ទប់​ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ១៩។ លោក​បញ្ជាក់​ថា កង​កម្លាំង​ការពារ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​ឃាត់​ខ្លួន​ពលករ​ខ្មែរ​​ចំនួន​២៦នាក់ ដោយសារ​ពួក​គេ​លប​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​នៅ​ថ្ងៃ​ទី១២ ឧសភា៖ «យើង​នៅ​តែ​បន្ត​ការ​រឹត​បន្តឹង​មិន​ឱ្យ​ឆ្លងដែន​ខុស​ច្បាប់​ ហើយ​ទី​២​យើង​បង្ការ​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​ទាំង​ចេញ​ទាំង​ចូល ព្រោះ​ស្ថានភាព​បច្ចុប្បន្ន​នេះ​កម្ពុជា​ក៏​ដូច​ជា​ពិភពលោក​ដែរ​ កំពុង​តែ​ប្រយុទ្ធ ប្រឆាំង​ជំងឺ​កូវីដ១៩។ អីចឹង​យើង​នៅ​តែ​បន្ត​រឹត​បន្តឹង​ទៀត»

ជុំ​វិញ​រឿង​នេះ​មន្ត្រី​អង្គការ​សង់ត្រាល់ (Central) ទទួល​បន្ទុក​ផ្នែក​ពលករ​លោក ឌី ថេហូយ៉ា យល់​ថា មូលហេតុ ដែល​ពលករ​ខ្មែរ​នៅ​តែ​បន្ត​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​អំឡុង​ពេល​នេះ ដោយសារ​ពួក​គាត់​ជីវភាព​ក្រីក្រ និង​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក ហើយ​ពលករ​មួយ​ចំនួន​ចាញ់​បោក​ក្រុម​មេ​ខ្យល់។ លោក​បញ្ជាក់​ថា ការ​ឆ្លង​ដែន​អំឡុង​ពេល​នេះ​ប្រឈម​នឹង​គ្រោះថ្នាក់​ច្រើន​ជា​ពេល​កន្លង​ទៅ ​មាន​ដូច​ជា ​ប្រឈម​នឹង​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ទាហាន​ថៃ​បាញ់​ស្លាប់ និង​ប្រឈម​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ជា​ដើម៖ «ខ្ញុំ​គិត​ថា ទោះ​បី​ជា​ក្នុង​កាលៈទេសៈ​ការ​រឹត បន្តឹង​ការ​ចេញ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​មេ​ខ្យល់​នាំ​ចេញ​នាំ​ចូល​ដដែល។ ប្រសិន​បើ​ថៃ​ក្រពុល​មុខ​ ដោយ​ថ្មីៗ នេះ មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា ​ការ​រីក​រាលដាល​មេរោគ​ហ្នឹង​ ព្យាបាល​ទម្លាក់​កំហុស​ដល់​ពលករ​ឆ្លង​ដែន​ចេញ​ចូល​ខុស​ច្បាប់​ហ្នឹង​ហើយ​ ដែល​អ្នក​នាំ​រោគ ហើយ​អាការ​ឃោសនា​បែប​នេះ​ធ្វើ​ឱ្យ​មាន​ការ​ខឹង​សម្បារ​មាន​ការ​រើសអើង និង​អាច​ឈាន​ទៅ​ដល់​ប្រើប្រាស់​ហិង្សា»

លោក ឌី ថេហូយ៉ា បន្ត​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​ខ្មែរ​គួរតែ​​ផ្ដល់​ស្បៀង​អាហារ​ជូន​ដល់​ពលរដ្ឋ ដែល​រង​គ្រោះ​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ឱ្យ​បាន​ដល់​ដៃ​គ្រប់​គ្នា។ បន្ថែម​ពី​នេះ​លោក​ថា រដ្ឋាភិបាល​ក៏​គួរ​ទប់​ស្កាត់​កុំ​ឱ្យ​​បន្លែ​បរទេស​ហូរ​ចូល​មក​កម្ពុជា​​តាម​អំពើ​ចិត្ត​ដូច​សព្វ​ថ្ងៃ​ទៀត​ ដើម្បី​ជួយ​ដល់​កសិករ​ក្នុង​ស្រុក​ដែល​គ្មាន​ការងារ​ធ្វើ​អាច​ដាំដុះ​​​បន្លែ​​លក់​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ។

ជា​មួយ​គ្នា​នេះ​ក្រសួង​សុខាភិបាល ប្រកាស​នៅ​ថ្ងៃ​ទី១៣ ឧសភា​ថា អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៦នាក់​បន្ថែម​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​ចំនួន ១៤២នាក់។ ចំណែក​ករណី​ឆ្លង​ថ្មី​វិញ ក្រសួង​បញ្ជាក់​ថា មាន​ចំនួន ៤៤១នាក់ ក្នុង​នោះ​មាន ១៥នាក់ ជា​ករណី​នាំ​ចូល ហើយ​ក្រៅ​ពី​នេះ​សុទ្ធតែ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។ នៅ​ថ្ងៃ​ដដែល​នេះ អ្នក​ជំងឺ ៩៨០នាក់​ផ្សេង​ទៀត​បាន​ជា​សះ​ស្បើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល