អ្នកជំងឺកូវីដ-១៩ ចំនួន២ នាក់ទៀតហើយ បានជាសះស្បើយ និងត្រូវបានក្រុមវេជ្ជបណ្ឌិតអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួន។
ក្រសួងសុខាភិបាលឱ្យដឹងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១១ កក្កដាថា អ្នកជំងឺដែលទើបជាសះស្បើយទាំងពីរនាក់នេះ មានម្នាក់នៅខេត្តត្បូងឃ្មុំ និងម្នាក់ទៀតនៅខេត្តកណ្តាល ហើយពួកគាត់ទាំងពីរ គឺជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី។
គិតត្រឹមព្រឹកថ្ងៃទី១១ កក្កដា កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន១៤១ នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន១៣៣ នាក់ និងកំពុងសម្រាកព្យាបាលចំនួន៨ នាក់ ដោយមិនមានករណីស្លាប់នោះទេ។
ទោះជាយ៉ាងណា ក្រសួងសុខាភិបាលបន្តអំពាវនាវដល់ពលរដ្ឋទាំងអស់ ឱ្យប្រុងប្រយ័ត្ន និងអនុវត្តអនាម័យជាប់ជានិច្ច ដោយសារជំងឺកូវីដ-១៩ នៅតែគំរាមកំហែងដល់សុខភាពសាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។