អត្រាបំបៅកូនដោយទឹកដោះម្តាយធ្លាក់ចុះនៅកម្ពុជា
2023.08.26
អង្គការយូនីសេហ្វ (UNICEF) និងអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision International) ជំរុញឱ្យមានការអនុវត្តវិធានការជាបន្ទាន់ ដើម្បីកាត់បន្ថយអត្រាធ្លាក់ចុះនៃការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា។
សេចក្តីប្រកាសពត៌មានរួមរបស់អង្គការអន្តរជាតិទាំងពីរ កាលពីថ្ងៃទី២៥ ខែសីហាឲ្យដឹងថា ស្ថិតិស្រាវជ្រាវកាលពីអំឡុងឆ្នាំ ២០២១-២០២២ បង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយ ក្រោយទារកសម្រាលភ្លាម បានថយចុះពី ៦៦% មក ៥៤% ខណៈការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ រយៈពេល ៦ ខែដំបូងរបស់ទារក ក៏បានថយចុះពី ៧៤% មក ៥០% ផងដែរ។
មូលហេតុដែលបណ្តាលឲ្យមានការធ្លាក់ចុះការបំបៅកូនដោយទឹកដោះម្តាយនេះ ដោយសារការបន្តផ្សព្វផ្សាយយ៉ាងគំហុកនៃផលិតផលម្សៅទឹកដោះគោ កង្វះការយល់ដឹងអំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ និងការគាំទ្រតិចតួចដល់ម្តាយដែលកំពុងបំបៅដោះកូន ពេលដែលពួកគេវិលចូលធ្វើការវិញ។
នាយកអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា លោកបណ្ឌិត វីល ផាកស៍ (Dr. Will Parks) ឲ្យដឹងថា ទឹកដោះម្តាយ មានសារសំខាន់ណាស់ ដើម្បីការពារកុមារពីជំងឺតម្កាត់នានា និងជួយឲ្យកុមារគ្រប់រូប អាចលូតលាស់បានយ៉ាងល្អ ក្លាយជាមនុស្សពេញវ័យមានសុខភាពល្អមាំមួន និងសំរាប់កសាងគ្រឹះសម្រាប់មនុស្សជំនាន់ក្រោយរបស់កម្ពុជាឱ្យមានភាពរីកចម្រើន។
យូនីសេហ្វ និងដៃគូ សូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ចាត់វិធានការជាក់លាក់ ដើម្បីស្រោចស្រង់ការថយចុះនៃការបំបៅកូនដោយទឹកដោះម្តាយ តាមរយៈការបង្កើតនូវបរិយាកាសកាន់តែប្រសើរ ដើម្បីឱ្យសហគមន៍ គ្រួសារ និងឪពុកម្តាយ ជួយសម្រួលដល់ការបំបៅកូនដោយទឹកដោះម្តាយ និងដើម្បីឱ្យម្តាយអាចបំបៅកូនរបស់ខ្លួននៅកន្លែងធ្វើការរបស់ម្តាយជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។