នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង​ព្រមាន​ថា លទ្ធភាព​រក​ឃើញ​ជំងឺ​កូវីដ-១៩ នៅ​តែ​អាច​កើត​មាន​នៅ​កម្ពុជា

ដោយ អាស៊ីសេរី
2020-02-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។
អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។
Photo: RFA

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល ឱ្យ​ដឹង​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​ថា កម្ពុជា​មិន​ទាន់​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី បង្ក​ជា​ជំងឺ​កូវីដ-១៩ (CoVid-19) បន្ថែម​ទៀត​ទេ ប៉ុន្តែ​លទ្ធភាព​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​អាច​នឹង​កើត​មាន ដោយសារ​ជំងឺ​នេះ​នៅតែ​រាលដាល​នៅ​ទីក្រុង​វូហាន ប្រទេស​ចិន នៅ​ឡើយ។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ ឱ្យ​ដឹង​តាម​ទំព័រ​ហ្វេសប៊ុក (Facebook)ថា ក្រុម​គ្រូពេទ្យ​ប្រចាំការ​តាម​ព្រំដែន នៅតែ​បន្ត​ឃ្លាំមើល​តាមរយៈ​ម៉ាស៊ីន​ស្ទង់​កម្ដៅ និង​ពិនិត្យ​សុខភាព អ្នកដំណើរ​ចេញចូល គ្រប់​ច្រក​ព្រំដែន ជាប់​ប្រទេស​ថៃ ឡាវ វៀតណាម និង​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ មាននៅ​ភ្នំពេញ សៀមរាប ក្រុង​ព្រះសីហនុ និង​តាម​ផ្លូវ​សមុទ្រ។

លោក​បន្ត​ថា មន្ទីរ​ពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដំណើរការ ២៤​ម៉ោង​លើ ២៤​ម៉ោង ដើម្បី​ធ្វើតេស្ត​វិភាគ​សំណាក ដែល​យក​មកពី​គ្រប់​ខេត្ត​ក្រុង។ លោក​បញ្ជាក់​ថា ក្រសួង​ក៏​ត្រៀម​មន្ទីរ​ពិសោធន៍​ចំនួន​ពីរ​ទៀត នៅ​ក្នុង​ក្រសួង​សុខាភិបាល ដើម្បី​ជួយ​ដល់​ការ​ធ្វើតេស្ត​បន្ថែម​ទៀត។

គិត​មក​ដល់​ពេល​នេះ ក្រសួង​សុខាភិបាល បញ្ជាក់​ថា មិន​ទាន់​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី ឬ​ជំងឺ​កូវីដ-១៩ នៅ​ឡើយ​ទេ។

ប្រសិនបើ​លោកអ្នក​នាង សង្ស័យ​មាន​ករណី​ឆ្លង​ជំងឺ​ខុសប្លែក​ធម្មតា​នៅ​ក្នុង​សហគមន៍​លោកអ្នក​រស់នៅ សូម​រាយការណ៍​ទៅ​ក្រសួងសុខាភិបាល តាម​លេខ​ទូរស័ព្ទ​១១៥។ ការ​ហៅ​ទៅ​លេខ ១១៥ នេះ មិន​មាន​ចំណាយ​ថវិកា​ទេ។

គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​នេះ ចំនួន​អ្នក​ឆ្លង​មេរោគ​បង្ក​ជំងឺ កូវីដ-១៩ (CoVid-19) នៅ​ទូទាំង​ពិភពលោក ឡើង​ដល់​ជាង ៧​ម៉ឺន ៨​ពាន់​នាក់ (៧៨.៧៦៧) គឺ​លើស​តួលេខ​ពី​ម្សិលមិញ (៧៧.៨៩១) ចំនួន​ជាង ៨​រយ​នាក់ (៨៧៦​នាក់)។ ទន្ទឹម​គ្នា​នេះ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ជាង ២​ពាន់ ៤​រយ​នាក់ (.៤៦១) លើស​ពី​ថ្ងៃ​ម្សិលមិញ​ចំនួន​ជាង ១​រយ​នាក់ (១០១​នាក់)។ រីឯ​អ្នក​បាន​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​ជាង ២​ម៉ឺន ៣​ពាន់​នាក់ (២៣.២០១)

ក្រៅ​ពី​ប្រទេស​ចិន នៅ​ឯ​ប្រទេស​កូរ៉េខាងត្បូង ដែល​មាន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ទី​នោះ​ដែរ ការ​ឆ្លង​មេរោគ​បង្ក​ជំងឺ​កូវីដ-១៩ កំពុង​ឈរ​នៅ​លំដាប់​ទី​២ ដែល​មាន​តួលេខ​អ្នក​ឆ្លង​ឡើង​ដល់​ចំនួន ៥៥៦​នាក់។ ក៏ប៉ុន្តែ នៅ​មិន​ទាន់​មាន​សេចក្ដីរាយការណ៍​អំពី​ករណី​ឆ្លង​លើ​ពលករ​ខ្មែរ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល