អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ៧៤៨នាក់ហើយ គិតត្រឹមថ្ងៃទី៥ ខែកក្កដា បន្ទាប់ពីអ្នកជំងឺ ២៨នាក់បន្ថែមទៀតបានស្លាប់។ ចំណែកករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាល រកឃើញមានជិត ៩រយ(៨៩៦) នាក់ក្នុងនោះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ និងមានករណីនាំចូលពីក្រៅប្រទេសជាង២រយ(២១0)នាក់។ នៅថ្ងៃដដែលនេះ ក្រសួង អះអាងថា មានអ្នកជាសះស្បើយជាង ៦រយ(៦៤៦)នាក់។
គិតត្រឹមព្រឹកថ្ងៃទី៥ ខែកក្កដា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង៥ម៉ឺន៥ពាន់(៥៥.១៨៧) នាក់ក្នុងនោះ អ្នកជាសះស្បើយមានជាង៤ម៉ឺន ៧ពាន់(៤៧.៣៨៦)នាក់ ។ ចំពោះចំនួនអ្នកដែលបានចាក់វ៉ាក់សាំងវិញ ក្រសួងសុខាភិបាល អះអាងថា គិតត្រឹមថ្ងៃទី៤ កក្កដា មានចំនួនជាង ៤លាន ៥សែននាក់ ឬស្មើនឹងជាង ៤៥ភាគរយក្នុងចំណោម ប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន ១០លាននាក់។
ទោះជាយ៉ាងនេះក្តី រយៈពេលមួយសប្តាហ៍ចុងក្រោយនេះ តួលេខអ្នកឆ្លងថ្មី និងអ្នកស្លាប់បានហក់ឡើងខ្ពស់ជាលំដាប់។ អ្នកឆ្លងថ្មីមានចន្លោះពីជាង ៨រយនាក់ ដល់ជាង ១ពាន់នាក់ ខណៈអ្នកស្លាប់វិញ មានចន្លោះពីជាង ២០នាក់ រហូតដល់ជិត ៤០នាក់ក្នុងមួយថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។