អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩ កើន​ដល់​ជិត ៥ រយ​នាក់ និង​ឆ្លង​ថ្មី​ជាង ៦រយនាក់

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​ដល់ ៤៩៣នាក់​ហើយ បន្ទាប់​ពី​អ្នក​ជំងឺ ១៨នាក់​ទៀត​បាន​ស្លាប់។

ចំណែក​ករណី​ឆ្លង​ថ្មីវិញ មាន​ ៦៥៥នាក់បន្ថែម​ទៀត ក្នុង​នោះ​ ៧២នាក់ ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស ហើយ​ក្រៅ​ពី​នេះ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។ រី​ឯ​ករណី​ជា​សះស្បើយវិញ មាន​ ៦៩៦នាក់ នៅ​ថ្ងៃ​ដដែល​នេះ។

គិត​ត្រឹម​ព្រឹក​​​ថ្ងៃ​ទី២៤ មិថុនា កម្ពុជា​មាន​អ្នក​កើត​ជំងឺកូវីដ-១៩ ជាង ៤ម៉ឺន ៥ពាន់​នាក់(៤៥.៣៦៦)ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន​ប្រមាណ ៤ម៉ឺននាក់ (៤០.០១០)។

ទាក់ទង​រឿង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ វិញ គិត​ត្រឹម​ថ្ងៃទី​២៣ មិថុនា រដ្ឋាភិបាល​​ចាក់​វ៉ាក់សាំងជូន​ពលរដ្ឋ​បាន​ជាង ៣លាន ៦សែននាក់ ឬ​ស្មើនឹង​ជាង ៣៦% ហើយ ក្នុង​ចំណោម​​ប្រជាជន​​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០​លាន​នាក់។

ទោះជាយ៉ាងនេះក្តី ក្នុង​រយៈពេល​ជាង​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ តួលេខ​អ្នក​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​បាន​ហក់​ឡើង​ខ្ពស់។ អ្នក​ឆ្លង​ថ្មី​មាន​ចន្លោះ​ពី​ជិត ៥រយនាក់ រហូត​ដល់​ជិត៨រយ​នាក់​ក្នុង​មួយ​ថ្ងៃខណៈ​អ្នក​ស្លាប់​វិញ មាន​តិច​បំផុត១០​នាក់ហើយ​ថ្ងៃ​ខ្លះ​ឈាន​ដល់ ២០នាក់​ផង​ក៏​មាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។