ក្រសួងសុខាភិបាលបានរកឃើញស្ត្រីជនជាតិបារាំងម្នាក់អាយុ៣៣ឆ្នាំ មានវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីបានស្នាក់នៅក្នុងសណ្ឋាគារមួយនៅក្នុងខេត្តព្រះសីហនុ។
ស្ត្រីជនជាតិបារាំងរូបនេះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាពីប្រទេសបារាំង កាលពីថ្ងៃទី៨ ខែតុលា ដោយបន្តជើងហោះហើរ ពីប្រទេសកូរ៉េខាងត្បូង។
លទ្ធផលធ្វើវត្ថុសំណាករបស់អ្នកស្រី បានរកឃើញថា មានជំងឺកូវីដ១៩ ដែលបានផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អ្នកដំណើរដែលបានធ្វើដំណើរជាមួយអ្នកជំងឺសរុបមានចំនួន ៥៩នាក់ ក្នុងនោះមានស្រ្តី ១៨ នាក់។ ចំណែកអ្នកដំណើរ ផ្សេងទៀតដែលធ្វើតេស្តមិនមានវិជ្ជមានជំងឺកូវីដ១៩ ត្រូវក្រសួងសុខាភិបាលដាក់ឲ្យធ្វើចត្តាឡឺស័ក ចំនួន ១៤ថ្ងៃនៅវិទ្យាល័យបូរី ១០០ខ្នង ចំនួន៦ នាក់ ក្រៅពីនោះស្នាក់នៅក្នុងសណ្ឋាគារក្នុងទីក្រុងភ្នំពេញ។
គិតត្រឹមថ្ងៃទី១០ តុលា កម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ សរុបមានចំនួន ២៧៧នាក់ គឺស្មើជិត ៩៨%(៩៧,៨៨%) បើធៀបអ្នកកើតជំងឺកូវីដ១៩ នៅទូទាំងប្រទេស។ក្នុងចំណោមអ្នកជំងឺដែលបានជាសះស្បើយមានស្ត្រី ៥៧នាក់ និងបុរស ២២៦នាក់។
មកដល់ពេលនេះកម្ពុជាដែលមានប្រព័ន្ធសុខាភិបាលនៅទន់ខ្សោយមិនទាន់មានរបាយការណ៍ណាមួយ មកអះអាងថា មានអ្នកជំងឺណាម្នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ នៅឡើយទេ ខណៈនៅទូទាំងពិភពលោក មានអ្នកជំងឺស្លាប់ ចំនួនជាង ១លាននាក់ និងអ្នកឆ្លង មានចំនួនជាង ៣៧លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។