WHO ​ព្រមាន​ពីគ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​នៃ​កូវីដ​-​១៩​​និង​សុំឱ្យ​ពលរដ្ឋខ្មែរ​ចូល​ឆ្នាំ​នៅ​ផ្ទះ​រៀងៗ​ខ្លួន​

0:00 / 0:00

អង្គការ​សុខភាព​ពិភពលោក​ (WHO) ព្រមាន​ពី​គ្រោះមហន្តរាយ​ដ៏​ធំ​ដែល​អាច​នឹង​កើត​មាន​ឡើង និង​ទទូច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវ​នៅ​ផ្ទះ​រៀងៗខ្លួន​អំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ ដើម្បីការពារ​គ្រួសារ សហគមន៍​ និង​ប្រទេស​ជាតិ​ទាំងមូល។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំកម្ពុជា​ វេជ្ជបណ្ឌិត លី អៃឡាន(Li Ailan) មាន​ប្រសាសន៍​ក្នុង​សេចក្តីថ្លែងការណ៍​បន្ទាន់​មួយ​នៅថ្ងៃទី១០ មេសាថា កម្ពុជា​ឈរ​នៅមាត់​ជ្រោះនៃសោកនាដកម្ម​ ដែល​បង្ក​ឡើង​ដោយ​ការ​រាតត្បាត​ជំងឺកូវីដ-១៩។ អ្នកស្រី​បន្ត​ថា ទោះជាភាគីពាក់ព័ន្ធ​បាន​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​យ៉ាងណា​ក៏ដោយ ក៏​ការ​គ្រប់​គ្រង​វីរុស​នេះ​នៅ​តែ​ប្រឈម​នឹង​ការ​លំបាក។ អ្នកស្រី​បន្ថែម​ថា បើ​មិន​បញ្ឈប់​ការ​ផ្ទុះរាតត្បាត​ឥលូវ​នេះ​ទេ ប្រព័ន្ធ​សុខាភិបាល​កម្ពុជានឹង​ប្រឈម​​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​អាច​នឹង​មាន​ផល​វិបាក​ជា​មហន្តរាយដ៏ធំ។

​អង្គការ​សុខភាព​ពិភពលោក​ចេញសារ​ព្រមាន​ធ្ងន់ៗបែបនេះ ក្រោយពីកម្ពុជា​បាន​ផ្ទុះ​រាល​ដាល​ជំងឺកូវីដ-១៩ ទ្រង់ទ្រាយ​ធំ​ ចេញ​ពីព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ។ ចំនួន​អ្ន​កឆ្លង​ក្នុង​សហគមន៍​បាន​កើន​ដល់​ជាង ៣ពាន់​ ៥ រយនាក់ (៣.៥៤៩) ក្នុងនោះគ្រាន់​តែ​រយៈពេល​ពីរថ្ងៃចុងក្រោយ​នេះ ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លងថ្មី​ជាង ១ពាន់​នាក់។ ចំណែក​អ្នក​ស្លាប់ដោយសារ​កូវីដ-១៩ វិញ តួលេខ​បាន​កើន​ដល់២៦ នាក់ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃទី១០ មេសា។

ជាមួយ​គ្នានេះ អង្គការ​សុខភាព​ពិភពលោក​បាន​កោត​សរសើរ​ចំពោះការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​អន្តរាគមន៍​ជាគោល​ដៅ និង​រួមបញ្ចូល​គ្នា​នូវ​វិធាន​ការ​សុខភាព​សាធារណៈមិនមែន​ឱសថ​ ដូច​ជា​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ជាដើម។ ក៏​ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោកស្នើពលរដ្ឋ​ម្នាក់ៗ​ក៏​ត្រូវ​រួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃជំងឺ​នេះដែរ។ ក្នុង​បរិបទនេះ អង្គការ​សុខភាព​ពិភពលោក​ទទូច​ដល់​ពលរដ្ឋ​ខ្មែ​រ​ឱ្យ​ប្រារព្ធពិធីបុណ្យ​ចូល​ឆ្នាំនៅ​ផ្ទះរៀងៗខ្លួន។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំកម្ពុជា​ អ្នកស្រី លី អៃឡាន មាន​ប្រសាសន៍ថា ការ​ប្រារព្ធពិធីបុណ្យ​ចូល​ឆ្នាំ​នៅ​ផ្ទះជាមួយ​សមាជិក​គ្រួសារដោយ​កុំ​ទៅទីណាផ្សេង​ នឹង​ជួយ​ឱ្យ​គ្រប់​គ្នា​មាន​សុវត្ថិភាព។ អ្នកស្រី​សង្កត់ធ្ងន់ថា ការលះបង់​ដ៏​សំខាន់​នៅពេល​នេះ នឹង​ជួយ​ឱ្យ​យើង​ចៀសផុត​ពីគ្រោះមហន្តរាយ​ក្នុង​ប្រទេស​ទាំងមូល​នៅពេល​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។