កម្មករ​រោងចក្រ​ដេរ​ស្បែកជើង​ជិត​៥០​នាក់​នៅ​ខេត្ត​កំពង់ចាម​ដួល​សន្លប់

អាស៊ីសេរី
2018-07-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អភិបាល​​ខេត្ត​កំពង់ចាម ថ្មី លោក គួច ចំរើន ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​និស្សិត​សាកលវិទ្យាល័យ​ន័រតុន នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
អភិបាល​​ខេត្ត​កំពង់ចាម ថ្មី លោក គួច ចំរើន ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​និស្សិត​សាកលវិទ្យាល័យ​ន័រតុន នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
RFA

កម្មករ​កម្មការិនី​ចំនួន ៤៦​នាក់ ក្នុង​នោះ ៥​នាក់​ជា​ស្ត្រី​មាន​ផ្ទៃពោះ បាន​ដួល​សន្លប់ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១២ ខែ​កក្កដា​នេះ នៅ​ក្នុង​រោងចក្រ ដេរ​ស្បែកជើង ជូហួយ ក្នុង​ខេត្ត​កំពង់ចាម។

អ្នក​សម្របសម្រួល​អង្គការ​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់ ថា​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ បាន​ប្រាប់​អាស៊ីសេរី មុន​ការផ្សាយ​នេះ​បន្តិច​ថា ក្រុម​ការងារ​លោក នឹង​ចុះទៅ​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​ករណី​ដួល​សន្លប់​នេះ នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។ លោក​ថា នេះ​ជា​ករណី​ដួល​សន្លប់​លើក​ទី​២​ហើយ​ក្នុង​រោងចក្រ​នេះ។

អភិបាលខេត្ត​កំពង់ចាម លោក គួច ចំរើន ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ដកស្រង់​សម្ដី​ថា លោក​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កម្មករ​ទាំងនោះ ដួល​សន្លប់​នៅឡើយ​ទេ ប៉ុន្តែ​លោក​បាន​ចាត់​ឲ្យ កម្លាំង​សមត្ថកិច្ច មន្ត្រី​មន្ទីរ​សុខាភិបាល មន្ទីរ​ការងារ និង​បរិស្ថាន ចុះទៅ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ដួល​សន្លប់​កម្មករ​ទាំងនោះ។ លោក គួច ចំរើន បន្ត​ថា ជនរងគ្រោះ​ទាំងនោះ ត្រូវ​បាន​បញ្ជូន​ទៅ សង្គ្រោះ​ជាបន្ទាន់ នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ខេត្ត។

កាលពី​ថ្ងៃ​ទី ៩ និង​ទី​១០ ខែ​កក្កដា កម្មករ​កម្មការិនី ជាង ៧០០​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ នៅ​រោងចក្រ​ផលិត​ស្បែកជើង ឈ្មោះ​ប៉ុនតឺស ហ៊្វូតវែរ (PONTUS FOOTWEAR) ក្នុង​ខេត្ត​តាកែវ។សមត្ថកិច្ច​នៅ​មិនទាន់​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​ការ​ដួល​សន្លប់​កម្មករ​រាប់​រយ​នាក់​ទាំងនោះ នៅឡើយ​ទេ។ ប៉ុន្តែ​មន្ត្រី​សហជីព​ថា បើ​តាម​ការ​សាកសួរ​ផ្ទាល់​របស់​កម្មការិនី ដែល​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឲ្យ​ដឹង​ថា ពួកគាត់​មិន​ដឹង​មូលហេតុ​អ្វី​ទេ ប៉ុន្តែ​នៅ​ពេល​កំពុង​ធ្វើការ គឺ​ម្នាក់ៗ ធំ​ក្លិន​យ៉ាង​ខ្លាំង និង​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ក្នុង​រោងចក្រ បណ្ដាល​ឲ្យ​ពួកគាត់ អស់​កម្លាំង វិលមុខ ស្លេកស្លាំង ហើយ​ដួល សន្លប់​តែម្ដង។

អង្គការ​សង់ត្រាល់ (Central ) កាលពី​ថ្ងៃ​ពុធ ទី១១​ខែ​កក្កដា ក៏​បាន​អំពាវនាវ​ឲ្យ​ក្រសួង​ការងារ ស្ថាប័ន​ពាក់ព័ន្ធ រួមមាន​ម្ចាស់​រោងចក្រ និង​ក្រុមហ៊ុន​បញ្ជា​ទិញ​ឥវ៉ាន់ ស៊ើបអង្កេត ករណី​កម្មករ​រោងចក្រ ផលិត​ស្បែកជើង​ប៉ុនតឺស ហ៊្វូតវែរ (PONTUS FOOTWEAR) នេះ​ជាបន្ទាន់ ដើម្បី​ឲ្យ​ការពារ​សុខុមាលភាព​របស់​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល