មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ការពារសិទ្ធិមនុស្សខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី១៨ ខែមករា បន្ទាប់ចេញពីអង្គសវនាការថា ដំណើរនៃអង្គសវនាការបានបង្ហាញថា ភាគីក្រុមហ៊ុនពុំមានអង្គហេតុ និងភស្តុតាងគ្រប់គ្រាន់យកមកចោទប្រកាន់លោកនោះទេ ដូច្នេះលោកមានជំនឿថា ចៅក្រមកាត់ក្តីនឹងប្រើឆន្ទានុសិទ្ធិរបស់ខ្លួន ដើម្បីផ្តល់យុត្តិធម៌ចំពោះរូបលោកជាមិនខាន។
លោក សំ ច័ន្ទគា មានប្រសាសន៍បន្ថែម ៖ «ភាគីដើមចោទដែលប្តឹងខ្ញុំពីបទបរិហារកេរ្តិ៍នេះ ក្នុងអង្គសវនាការមិនមានភស្តុតាងណាបង្ហាញតាមអង្គហេតុដែលខ្លួនបាននិយាយក្នុងពាក្យបណ្ដឹងនោះទេ។ ខ្ញុំបានផ្ដល់ភស្តុតាងជាច្រើនដល់លោកចៅក្រម ដើម្បីជាមូលដ្ឋានក្នុងការពិចារណាក្នុងរឿងក្តីនេះ»។
មិនអាចទាក់ទងសុំការពន្យល់ពីលោក ផាត់ ពៅសៀង មេធាវីការពារក្តីឲ្យភាគីក្រុមហ៊ុន ខេ.ឌី.ស៊ី. អន្តរជាតិបានទេ នៅល្ងាចថ្ងៃទី១៨ ខែមករានេះ ដោយលោកឆ្លើយថា លោកជាប់រវល់ប្រជុំ។
គួរបញ្ជាក់ថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋភូមិឡពាង ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី. អន្តរជាតិ បានអូសបន្លាយអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ ជម្លោះនេះបានបណ្តាលឲ្យប្រជាពលរដ្ឋខ្លះរត់ចោលស្រុកដោយការភ័យខ្លាច និងខ្លះទៀតត្រូវជាប់ពន្ធនាគារ តែអ្នកភូមិនៅតែក្រាញននៀលធ្វើការតវ៉ាមិនព្រមឈប់។
ចំណែកលោក សំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមអាដហុក ការពារសិទ្ធិមនុស្ស ខេត្តកំពង់ឆ្នាំង ក៏បានរងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ក្រុមហ៊ុន ដោយសារតែលោកបានបញ្ចេញមតិដល់ជុំវិញករណីជម្លោះដីធ្លីនេះ។
លោក នី ចរិយា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក ការពារសិទ្ធិមនុស្ស មានប្រសាសន៍ថា យោងតាមមាត្រា ៣០៥ និង ៣០៩ នៃក្រមព្រហ្មទណ្ឌ ដើមបណ្ដឹងពីបទបរិហារកេរ្តិ៍លុះត្រាអ្នកនោះជាអ្នករងដោយផ្ទាល់ មិនអាចឲ្យអ្នកផ្សេងប្ដឹងជំនួសបានឡើយ។
លោកបន្តថា លោក ថៃ ហ៊ី មិនមែនជាអ្នករងការបរិហារកេរ្តិ៍នោះទេ ដូច្នេះលោក ថៃ ហី មិនអាចឈរធ្វើជាដើមបណ្តឹងក្នុងរឿងព្រហ្មទណ្ឌនេះបានឡើយ ៖ «អ្វីដែលមេធាវី និងសាក្សីបានបង្ហាញនូវភស្តុតាងក្នុងការចោទប្រកាន់លោក សំ ច័ន្ទគា បើយើងមានការជំនំជម្រះបានត្រឹមត្រូវ យើងធ្វើការសម្រេចសេចក្តីឲ្យបានត្រឹមត្រូវតាមច្បាប់ និងតាមទឡ្ហីករណ៍ដែលយើងមាននោះ យើងឃើញថា លោក សំ ច័ន្ទគា ពុំមានពាក់ព័ន្ធពីបទបរិហារកេរ្តិ៍នោះទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ប្រជាពលរដ្ឋនៅភូមិឡពាង ២រូប គឺលោក ផេង រុំ និងលោក រាជ សីមា ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង បានបើកសវនាការជម្រះក្តីក្នុងរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី. អន្តរជាតិនេះដែរ។ សាលក្រមកាលពីថ្ងៃទី១៧ ខែមករា សម្រេចលើកលែងការចោទប្រកាន់លោក ផេង រុំ និងផ្តន្ទាទោសលោក រាជ សីមា ដោយពិន័យ ២លានរៀល និងបង់ប្រាក់ជំងឺចិត្ត ៨លានរៀល ទៅឲ្យភាគីក្រុមហ៊ុន។ ចំពោះករណីលោក សំ ច័ន្ទគា សាលក្រមសម្រេចនឹងប្រកាសនៅថ្ងៃទី២៥ ខែមករា ខាងមុខនេះ៕