សមត្ថកិច្ចឃាត់ខ្លួនយុវជនសង្គមចំនួន១៩នាក់ទៀតនៅថ្ងៃទី១៩ ខែសីហា ដើម្បីយកទៅសាកសួរនៅទីតាំងផ្សេងគ្នាដោយមិនដឹងមូលហេតុច្បាស់លាស់។ យុវជនចំនួន១៩នាក់នោះ មានយុវជនចំនួន១៧នាក់ ជាសិក្ខាកាម និងបុគ្គលិករបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនហៅកាត់ថាYRDP។ ដោយឡែកយុវជនចំនួន២នាក់ផ្សេងទៀត ជាយុវជនសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ គឺ កញ្ញា សើន ស្រីម៉ៃ និង កញ្ញា ឡាច ធីណា។
កាលពីម្សិលមិញ សមត្ថកិច្ច ក៏បានចាប់ខ្លួនយុវជនសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន៤នាក់ដែរ។
រដ្ឋាភិបាលដាក់ពង្រាយកងកម្លាំងនៅទូទាំងប្រទេសត្រៀមបង្ក្រាបអ្នកដែលហ៊ានចេញធ្វើបាតុកម្មប្រឆាំងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV រួមទាំងបានចាប់ខ្លួនពលរដ្ឋជាបន្តបន្ទាប់ ដែលរិះគន់លើបណ្ដាញសង្គម ថារដ្ឋាភិបាលអាចធ្វើឱ្យបាត់ទឹកដីទៅប្រទេសវៀតណាម ជុំវិញការបង្កើតកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា ការឃាត់ខ្លួនក្រុមយុវជនជាបន្តបន្ទាប់នេះគឺជាអំពើខុសច្បាប់ និងជារូបភាពគំរាមកំហែងដល់សិទ្ធិសេរីភាពបញ្ចេញមតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
