សមត្ថកិច្ច​បញ្ជូន​មនុស្ស ១៩នាក់​ទៅ​តុលាការ និង​ដោះលែង ២២នាក់​ ជាប់​ចោទ​បទ​​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​តាម​​អ៊ីនធើណិត

ដោយ មួង ណារ៉េត
2020.04.20
លេខ សៀងលី កំពង់ធំ យុវជន លេខ សៀងលី (រូប​អាវ​ខៀវ) ដែល​ត្រូវ​នគរបាល​ខេត្ត​កំពង់ធំ​ចាប់​ខ្លួន បញ្ជូន​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ២០២០ ក្រោយ​ពី​បង្ហោះ​មតិ​ផ្ទាល់​ខ្លួន​ទាក់ទង​នឹង​ជំងឺ​កូវីដ-១៩។
រូប៖ ពី​វីឌីអូ​របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ

សមត្ថកិច្ចបានសម្រេចបញ្ជូនមនុស្ស១៩នាក់ទៅតុលាការ ពាក់ព័ន្ធ​នឹង​បទ​ចោទ​បង្ហោះ​ព័ត៌មាន​ក្លែង​ក្លាយ​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ក្នុង​ពេល​ការ​រាតត្បាត នៃ​ជំងឺ​កូវីដ-១៩។ ដោយ​ឡែក មនុស្ស​ចំនួន ២២នាក់ ត្រូវ​បានដោះលែងក្រោយធ្វើកិច្ចសន្យា។ មន្ត្រី​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា ជន​សង្ស័យ​ដែល​មាន​អតីតភាព​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ច្រើន​តែ​ត្រូវ​បញ្ជូន​សំណុំរឿង​តុលាការ។

ការ​បង្ហោះ​ព័ត៌មាន​ដែល​អាជ្ញាធរ​ចោទ​ថា ក្លែង​ក្លាយ​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ក្នុង​ពេល​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ត្រូវ​បាន​សមត្ថកិច្ច​ចែក​ចេញ​ពីរ​ផ្នែក គឺ​កម្រិត​ស្រាល និង​កម្រិត​ធ្ងន់​ដែល​មាន​ចរិត​ញុះញង់ និង​មាន​ការ​បង្គាប់​បញ្ជា។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​របស់​សមត្ថកិច្ច​ចាប់​ពី​ពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ គិត​ត្រឹម​ថ្ងៃ​ទី១៣ ខែ​មេសា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស ១៩នាក់​បញ្ជូន​ទៅ​តុលាការ​ក្រោយ​រក​ឃើញ​ថា អ្នក​ទាំង​នោះ​ញុះញង់​ធ្វើ​ឲ្យ​មាន​បទ​ល្មើស​ព្រហ្មទណ្ឌ និង​មាន​ចេតនា​ប្រឆាំង​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩។ ដោយ​ឡែក​លោក​ថា មនុស្ស ២២នាក់​ផ្សេង​ទៀត​សមត្ថកិច្ច​រក​ឃើញ​ថា ពួក​គេ​គ្រាន់​បង្ហោះ​ព័ត៌មាន​តាម​គេ​ឯង និង​ឮ​គេ​និយាយ​ធ្វើ​តាម​គេ ហើយ​ក្រោយ​ធ្វើ​ការ​សាកសួរ​សមត្ថកិច្ច​ធ្វើ​កំណត់​ហេតុ និង​ធ្វើ​កិច្ច​សន្យា​រួច​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​វិញ៖ «អ៊ីចឹង​ប្រតិបត្តិការ​យើង យើង​ចែក​ចេញ​ជា​ពីរ។ ទី​មួយ ប្រតិបត្តិការ​សុំ​ដីកា​ពី​តុលាការ​សុំ​ទាំង​អស់ មិន​មែន​យើង​មិន​សុំ។ យើង​សុំ​ដីកា​ទាំង​អស់​មិន​មែន​យើង​មិន​សុំ​ទេ គ្រាន់​តែ​ទី១ មាន​អ្នក​ចាប់​បញ្ជូន​ទៅ​តុលាការ។ ទី២ គឺ​មាន​អ្នក​អប់រំ​ធ្វើ​កំណត់​ហេតុ​អប់រំ​ឲ្យ​ត្រឡប់​ទៅ​វិញ»

ទាក់ទង​ករណី​នេះ អង្គការ​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា​ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​អស់​នោះ មាន​មួយ​ចំនួន​ធំ គឺ​ជា​អ្នក​គាំទ្រ ឬ​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​របប​លោក ហ៊ុន សែន រំលាយ​ចោល។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា យល់ថា ក្នុង​ស្ថានភាព​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ដូច្នេះ​នៅ​ពេល​ពួក​គេ​ឃើញ​ព័ត៌មាន​ទាក់ទង​បញ្ហា​នេះ ពួក​គេ​បង្ហោះ​ចែក​រំលែក​បន្ត​តាម​បណ្ដាញ​សង្គម​ដោយ​មិន​បាន​ពិចារណា​វែង​ឆ្ងាយ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ចង់​ឲ្យ​អាជ្ញាធរ​អប់រំ​ពលរដ្ឋ និង​ត្រឹម​ធ្វើ​កិច្ច​សន្យា មិន​គួរ​ឈាន​ដល់​ចាត់​វិធានការ​ផ្លូវ​ច្បាប់​នោះ​ទេ៖

«អប់រំ​ធ្វើ​កិច្ច​សន្យា គឺ​ជា​រឿង​ល្អ​បំផុត​ហើយ ហើយ​ឲ្យ​គាត់​បញ្ឈប់​អំពើ​បែប​ហ្នឹង​ទៅ ព្រោះ​បើ​យើង​ពិនិត្យ​មើល​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង បណ្ដាញ​សង្គម គឺ​ពលរដ្ឋ​នៅ​តាម​ទី​ជន​បទ ឬ​អ្នក​មិន​ធ្លាប់​លេង​គាត់​មិន​លេង​គាត់​មិន​សូវ​យល់​ពី​របៀប​ការ​ស៊ែរ (Share) ឡៃខ៍ (Like) ឬ​ការ​សរសេរ​ហ្នឹង​ខុស​ត្រូវ​ផ្លូវ​ច្បាប់​យ៉ាង​ម៉េច​ទេ»

លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា ការ​អនុវត្ត​វិធានការ​លើ​ការ​បង្ហោះ​ព័ត៌មាន​ក្លែង​ក្លាយ​នេះ ប្រសិន​បើ​ពលរដ្ឋ​ធម្មតា​គ្មាន​អតីត​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទេ គឺ​សមត្ថកិច្ច​ច្រើន​តែ​ដោះ​លែង​អ្នក​ទាំង​នោះ​វិញ។ ប៉ុន្តែ​លោក​ថា បើ​ជន​សង្ស័យ​នោះ​ជា​អតីត​សកម្មជន ឬ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​នឹង​ត្រូវ​សមត្ថកិច្ច​បញ្ជូន​សំណុំ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ និង​បន្ត​នីតិវិធី​ទៅ​តុលាការ៖ «ករណី​ហ្នឹង​ប្រហាក់ប្រហែល​គ្នា​ទេ។ អ្នក​ខ្លះ​គាត់​អប់រំ​ធ្វើ​កិច្ច​សន្យា​ទៅ​ក៏​មាន​ការ​ដោះ​លែង​អ៊ីចឹង​ទៅ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​អត់​ទេ មាន​ការ​ចោទ​ប្រកាន់​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ទៅ​តុលាការ​អ៊ីចឹង​ទៅ។ អ៊ីចឹង​យើង​ឃើញ​ថា ក្នុង​ច្បាប់​នៃ​ការ​គ្រប់គ្រង​ក្នុង​រដ្ឋ​តែ​មួយ បែរ​ជា​មាន​ការ​អនុវត្ត​ច្បាប់​ផ្សេងៗ ពី​គ្នា​អត់​បាន​ត្រឹម​ត្រូវ​អ៊ីចឹង​ទៅ»

ទាក់ទង​ករណី​នេះ​ដែរ មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡោ ជុនធី ឲ្យ​ដឹង​ថា កូន​ក្តី​ពួក​គេ​ចំនួន ៧នាក់ ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​ជំងឺ​កូវីដ-១៩ មិន​ត្រូវ​បានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំតាមការស្នើសុំនោះទេ។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​រិះគន់​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច​លើ​ករណី​នេះ ថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​មាន​ចេតនា​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។