ក្រុម​​អង្គការ​សង្គម​​ស៊ីវិល​​៣​៩​​ស្ថាប័នស្នើ​ឱ្យ​​លើក​​ក​ម្ពស់​​សិទ្ធិ​ស្ត្រី​នៅ​កន្លែង​​ការងារ​​

ដោយ មាន ឫទ្ធិ
2021-03-11
Share
ក្រុម​​អង្គការ​សង្គម​​ស៊ីវិល​​៣​៩​​ស្ថាប័នស្នើ​ឱ្យ​​លើក​​ក​ម្ពស់​​សិទ្ធិ​ស្ត្រី​នៅ​កន្លែង​​ការងារ​​ អនុសេនីយ៍ទោ ស៊ីថុង សុខា ជា​​ស្ត្រី​នគរបាល ​​នៃ​ស្នងការ​នគរបាល​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ដែល​​ឆ្លៀត​បំបៅ​កូន​​ក្នុង​ពេល​​​ធ្វើ​ការ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចាប់​អារម្មណ៍ និង​បញ្ចេញ​ទស្សនៈ​ប្លែកៗ គ្នា ​តាំង​ពី​ថ្ងៃ​ទី៩ មីនា។
រូប៖ ហ្វេសប៊ុក Sokha Konkatlao

ក្រុម​អង្គការ​ ​សមាគម​និង​សហជីព​ ​ចំនួន​ ៣​៩​ស្ថាប័ន​ ដែល​ភាគច្រើន​ធ្វើការ​ផ្នែក​លើកស្ទួយ​សិទ្ធិ​ស្ត្រី​  ​និង​សិទ្ធិមនុស្ស​ ​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ករណី​មន្ត្រី​នគរបាល​ជា​ស្ត្រី​ម្នាក់​នៅ​ខេត្ត​ស្ទឹង​ត្រែង​ ​ប្រឈម​នឹង​វិធានការវិន័យ​ដោយសារ​ការ​បង្ហោះ​រូបភាព​បំបៅ​ដោះ​កូន​ក្នុង​សំលៀកបំពាក់​ឯកសណ្ឋាន​នគរបាល​ក្នុង​ទំព័រ​ហ្វេសប៊ុក​​របស់​​ខ្លួន​។​

​ក្រុម​​អង្គការសង្គម​ស៊ីវិល​​ទាំងនេះ​ចាត់​ទុក​​ករណី​នេះ​​ជាឧទាហរណ៍​ស្រាប់​​បង្ហាញ​​ថា​​ ​រដ្ឋាភិបាល​​ខកខាន​​ការពារ​​សិទ្ធិ​ស្ត្រី​​នៅ​​កន្លែង​ធ្វើការ​ងារ​ ​បើ​ទោះបីជា​​​ប្រទេស​​កម្ពុជា​​បាន​​ផ្តល់​​សច្ចា​ប័ណ្ណ​លើ​​អនុសញ្ញា​​ស្តីពី​​ការ​លុបបំបាត់​​រាល់​ទម្រង់​​នៃ​ការ​រើសអើង​​ប្រឆាំង​​នឹង​​ស្ត្រីភេទ​​​​និង​​ការពារ​​សិទ្ធិ​ធ្វើការងារ​​ដោយ​​ពុំ​មាន​​ការរើសអើង​ក្តី​។​

​ក្រុម​អង្គការ​​ដែលចេញសេចក្តីថ្លែងការណ៍​រួមមាន ​​អង្គការ​សីល​កា​ ​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​​ (CCHR)  ​អង្គការ​ក្លាហាន​​ ​អង្គការ​​លី​កា​ដូ​ ​និង​​សមាគម​​អា​ដ​ហុ​ក​​​ជាដើម​​។​

ក្រុម​អង្គការ​ទាំងនេះ​លើកឡើង​ថា​   ​ស្ថាប័ន​ការងារ​ជាច្រើន​​ពុំបាន​​ផ្តល់​​ហេ​ដ្ឋារចនា​ស​ម្ព័ន្ធ ​​និង​បរិក្ខារ​​មើល​ថែទាំ​ទារក​​ឱ្យ​បាន​​គ្រប់គ្រាន់​​សម្រាប់​​បុគ្គលិក​​ ​ឬ​​កម្មករ​​និយោជិត​​ជា​ម្តាយ​​នៅឡើយ​ទេ​ ​​ហើយ​ប្រការ​នេះ​​គឺជា​​ឧបសគ្គ​ដ៏​ធំ​​ ​រារាំង​​ស្ត្រី​​ក្នុង​ការ​​ឡើង​ដំណែង​​ជា​​ថ្នាក់​ដឹកនាំ​​។​​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​​បន្ថែម​ថា​​ ​ដើម្បី​​ឱ្យ​ស្ត្រី​​ទទួល​បាន​​សិទ្ធិ​​នៅ​កន្លែ​ង​ធ្វើការ​​ ​អង្គភាព​​ត្រូវ​​ផ្តល់​​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​​និង​​បរិក្ខារ​​មើល​ថែ​ទារក​​ ​និង​​ពេលវេលា​​សម្រាក​​​បំបៅ​ដោះ​កូន​​ ​ដោយ​​ទទួល​​បាន​​ប្រាក់​​ឈ្នូ​ល​ ​​ព្រមទាំង​​បង្ក​​ភាព​​ងាយស្រួល​​​ដល់​អាជីព​​ការងារ​​របស់​ពួកគេ​។ ​ការ​ចេញ​​សេចក្តីថ្លែង​ការណ៍​​រួមគ្នា​​របស់​​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ​​ ​ធ្វើឡើង​​បន្ទាប់​ពី​​អធិការ​​ស្រុក​​សៀម​ប៉ាង​​ ​ខេត្ត​ស្ទឹង​ត្រែង​​លោក​ ​ជី​ម​ ​អេង​ ​​បាន​​បង្ខំ​​​ឱ្យ​ស្ត្រី​​ជា​នគរបាល​​ម្នាក់​ឈ្មោះ​​ ​ស៊ី​ថុ​ង​ ​សុខា​​  ឱ្យ​ធ្វើ​កិច្ចសន្យា​​ឈប់​​បង្ហោះ​​រូបភាព​​​បំបៅ​ដោះ​កូន​​ពេល​ធ្វើការ​​​ក្រោម​ហេតុផល​​​ប៉ះពាល់​​កិត្តិយស​​នគរបាល​​​និង​​ស្ត្រី​ខ្មែរ​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​​គូស​បញ្ជាក់​​ថា​ ​ជា​​រឿង​គួរ​​ឱ្យ​អាម៉ាស់​​​ចំពោះ​ការ​​តម្រូវ​​ឱ្យ​ស្ត្រី​​ជា​នគរបាល​​នោះ​សូមទោស​​​ក្រោម​ហេតុផល​​ធ្វើ​ឱ្យ​ប៉ះពាល់​​កិត្តិយស​​​របស់​​អង្គភាព​​និង​​ស្ត្រី​ខ្មែរ​ ​ហើយ​​តម្រូវ​​ឱ្យ​ចុះ​កិច្ចសន្យា​​បញ្ឈប់​។

​​នាយិកា​អង្គការ​​សីល​កា​ (S​I​L​A​K​A​) ​អ្នកស្រី​ ​​សេង​ ​រាសី​ ​​មាន​ប្រសាសន៍ថា​ ​ទង្វើ​​របស់​​អធិការ​​ស្រុក​សៀម​ប៉ាង​​​ជះ​ឥទ្ធិពល​​មិន​ល្អ​​ដល់​​អារម្មណ៍​របស់​​ស្ត្រី​​ផ្សេងទៀត​​ ​ដោយ​​ពួកគេ​​នឹង​​ខ្លាច​​ញញើត​​ក្នុង​ការ​​សម្តែង​​មតិ​​តាម​​បណ្តាញ​សង្គម​​ ​និង​​បង្ហោះ​រូបភាព​​បំបៅ​​ដោះ​កូន​​នៅកន្លែង​​ការងារ​​​។​​ ​អ្នកស្រី​​ជឿ​ថា​​ ​សេចក្តីថ្លែង​ការណ៍​​នេះ​​ ​ភ្ជាប់​ជាមួយ​​ការរិះគន់​​របស់​​មហាជន​​ ​នឹង​​ធ្វើ​ឱ្យ​កន្លែង​ការងារ​​របស់​​នគរបាល​​​ស្រុក​សៀម​ប៉ាង​​ត្រូវ​បាន​​កែប្រែ​​ឱ្យ​ល្អ​ប្រសើរ​វិញ​​៖​ ​«​​ការលើកឡើងរបស់ភាគីពាក់ព័ន្ធទាំងអស់នឹងអាចធ្វើឱ្យកន្លែងការងាររបស់បងស្រី​ ​សុខា​ ​មានការកែប្រែឥរិយាបថ​ និងគំនិត​ ​យើងសង្ឃឹមថា​ ​ការចេញសេចក្តីថ្លែងការណ៍ហ្នឹងជាការក្រើរំឭកឱ្យគ្នាទៅវិញទៅមកហើយកែប្រែស្ថានភាពឱ្យកាន់តែប្រសើរឡើង​ »

​ក្រុម​អង្គការសង្គម​ស៊ីវិល​​បាន​ជំរុញ​ឱ្យ​អគ្គស្នងការ​​នគរបាល​ជាតិ​​​គួរ​មាន​​វិធានការ​​កែតម្រូវ​​ដើម្បី​​ធានា​ថា​​ ​ករណី​បែប​នេះ​​នឹង​​ពុំ​កើតឡើងជា​ថ្មីទៀត​​ឡើយ​​​។​​

​អាស៊ី​សេរី​​មិន​អាច​ទាក់ទង​​ប្រធាន​​អង្គភាព​​អ្នកនាំពាក្យ​​រដ្ឋាភិបាល​​​លោក​ ​ផៃ​ ​ស៊ី​ផា​ន ​និង​​អ្នកនាំពាក្យ​​អគ្គ​ស្នងការដ្ឋាន​​នគរបាល​ជាតិ​​​លោក​​ ​ឆាយ​ ​គឹម​ខឿន​​ ​ដើម្បី​​សុំ​ការ​​ឆ្លើយតប​​ចំពោះ​​សេចក្តីថ្លែង​ការណ៍​​របស់​​ក្រុម​អង្គការសង្គម​ស៊ីវិល​​នេះ​ទេ​​​នៅ​ថ្ងៃ​ទី​១​១​ ខែ​មីនា​។​ ​​រីឯ​ស្ត្រី​​ជា​នគរបាល​​អ្នកស្រី​  ​ស៊ី​ថុ​ង​ ​សុខា​ ​វិញ​​​ក៏​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​​បាន​​ដែរ​​។​ 

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​​នៅតែ​​ទាមទារ​​ឱ្យ​អធិការ​​ស្រុក​សៀម​ប៉ាង​​ចេញមុខ​​សុំទោស​ជា​​សាធារណៈ​ចំពោះ​​ទង្វើ​ឆ្គាំឆ្គង​​របស់​ខ្លួន​​ ​ដែល​​ពួកគេ​​ហៅថា​ ជា​​ការ​​ធ្វើ​ឱ្យ​​ប៉ះពាល់​​ដល់​​កិត្តិយស​​​និង​សេចក្តីថ្លៃថ្នូរ​​របស់​​មន្ត្រី​ក្រោ​ម​បង្គាប់​។​

​ប៉ុន្តែ​អធិការ​​ស្រុក​សៀម​ប៉ាង​​​លោក​ ​ជឹម​  ​អេង​​ ​បាន​​ប្រាប់​​អាស៊ី​សេរី​ថា​​ ​លោក​នឹង​មិន​​សុំទោស​​ជា​​សាធារណៈ​ឡើយ​៖​ ​«​​ខ្លួនគាត់​​បង្ហោះខ្លួន​ឯង​​ ​ហើយ​​កិច្ចសន្យា​​គាត់ធ្វើខ្លួនឯង​បង្ហោះខ្លួន​ឯង​​ ​អ៊ីចឹង​​មិនពាក់ព័ន្ធ​​ខាងខ្ញុំ​​ទៅសូមទោស​អីទេ​​បានន័យថា​​មិនមែន​​ខាងខ្ញុំ​​តម្រូវឱ្យគាត់​​បង្ហោះទេ​​​ខ្ញុំមាន​តែហាមឃាត់​​កុំឱ្យគាត់​​បង្ហោះ»

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ទាំង​ ៣​៩​ស្ថាប័ន​​​ស្នើ​ឱ្យ​រដ្ឋាភិបាល​​ចាត់វិធានការ​​សមស្រប​​ដើម្បី​ធានា​​ថា​​ ​ឪពុក​ម្តាយ​​គ្រប់រូប​​បំ​ពេញការ​ងារ​​​ដោយ​​ទទួល​​បានការ​គាំទ្រ​​នៅក​ន្លែង​​ការងារ​​ ​និង​​ចាត់វិធានការ​​ជាក់លាក់​​ដើម្បី​​ធានា​​ថា​​ ​សិទ្ធិ​របស់​ស្ត្រី​​ត្រូវ​បាន​​គោរព​​​និង​​លើក​ក​ម្ពស់​​។​​ ​ជាពិសេស​​​ពួកគេ​​ទទូច​​ដល់​​រដ្ឋាភិបាល​អ​​នុវត្ត​អនុសាសន៍​​ទាំងឡាយ​​ទាក់ទង​​នឹង​​ការ​​បង្កើន​​កិច្ចប្រឹងប្រែង​​លុបបំបាត់​​ការរើសអើង​​ស្ត្រីភេទ​​​និង​​បញ្ឈប់​ការ​​រឹតត្បិត​​លើ​សេរីភាព​​បញ្ចេញមតិ​​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល