ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ៩៣ស្ថាប័នបាននាំគ្នា ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យសារព័ត៌មាន វីអូឌី (VOD) នេះ ដំណើរការឡើងវិញ។ ឆ្លើយតបនឹងការទាមទារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុក ការទាមទារទាំងនេះថា ជាការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិសរុបចំនួន ៩៣ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ សម្ដែងការសោកស្ដាយចំពោះការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ជាឱ្យដកហូតអាជ្ញាប័ណ្ណសារព័ត៌មាន វីអូឌី។
ស្ថាប័នទាំងនោះរួមមាន អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) សម្ព័ន្ធអ្នកកាសែតឯករាជ្យ ឥណ្ឌូណេស៊ី (The Alliance of Independent Journalists/AJI Indonesia) សហភាពអ្នកកាសែតជាតិ ហ្វីលីពីន (National Union of Journalists of the Philippines/NUJP Philippines) និងមជ្ឈមណ្ឌលសម្រាប់សារព័ត៌មានស៊ើបអង្កេត ម៉ាឡេស៊ី (The Center for Investigative Journalism Malaysia) ជាដើម។
សេចក្ដីថ្លែងការណ៍លើកឡើងថា ការបិទសារព័ត៌មាន វីអូឌី អាចបង្ហាញពីដំណើរធាក់ថយក្រោយស្ទើរតែទាំងស្រុង ទាំងសេរីភាពសារព័ត៌មាន និងនីតិរដ្ឋនៅកម្ពុជា។ ជាមួយគ្នានេះ ពួកគេស្នើសុំដោយទទូចឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះ ប្រកបដោយការអត់ធ្មត់ និងស្របទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មានកម្ពុជាឡើងវិញ។
ស្រដៀងគ្នានេះ សមាជិកសភាសហព័ន្ធអូស្ត្រាលី ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ជុំវិញការបិទសារព័ត៌មាន វីអូឌី នេះដែរ។ សមាជិកសភាសហព័ន្ធអូស្ត្រាលីលោក ជូលៀន ហ៊ីល ចាត់ទុកការបិទសារព័ត៌មាន VOD គឺជាល្បិចកលដ៏គួរឱ្យអាម៉ាស់របស់លោក ហ៊ុន សែន ក្នុងការកម្ចាត់សារព័ត៌មានឯករាជ្យ នៅមុនការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០២៣ នេះ។ លោកដាក់ជាចម្ងល់ថា ខណៈនាយករដ្ឋមន្ត្រីអាចបញ្ជាឱ្យបិទសារព័ត៌មានឯករាជ្យ ត្រឹមតែរយៈពេល ២៤ម៉ោង តើគេអាចចាត់ទុកកម្ពុជា មានរបបដឹកនាំតាមបែបប្រជាធិបតេយ្យបានយ៉ាងដូចម្ដេច? លោកបន្ថែមថា រដ្ឋាភិបាលអូស្ត្រាលី (Australia) គួរតែប្រុងប្រយ័ត្នចំពោះការផ្ដល់ទំនុកចិត្តទៅលើការបោះឆ្នោតនៅកម្ពុជា ដែលទំនងជាមិនមានភាពត្រឹមត្រូវ និងយុត្តិធម៌នោះទេ។
ជុំវិញរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានឆ្លើយតបនឹងប្រតិកម្ម និងការរិះគន់គ្រប់មជ្ឈដ្ឋាន ជុំវិញការបិទសារព័ត៌មាន វីអូឌី នេះ។ លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៤ ខែកុម្ភៈ ដោយបានបញ្ជាក់ជាថ្មីថា នឹងគ្មានការផ្លាស់ប្ដូរក្នុងការបិទសារព័ត៌មាន វីអូឌី នេះឡើយ។ លោក ហ៊ុន សែន ចាត់ទុកការស្នើសុំទាំងឡាយរបស់សហគមន៍អន្តរជាតិថា គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយការបិទសារព័ត៌មាន វីអូឌី មិនបានធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាស្លាប់នោះឡើយ។ លោក ហ៊ុន សែន ក៏បានផ្ដល់ឱកាសឱ្យបុគ្គលិកសារព័ត៌មាន វីអូឌី ដាក់ពាក្យទៅក្រសួងមុខងារសាធារណៈ ដើម្បីទទួលបានការងារក្របខ័ណ្ឌរដ្ឋតាមជំនាញរៀងៗ ខ្លួន។
ដោយឡែក ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី១៤ ខែកុម្ភៈ ដោយលើកឡើងថា ការដកហូតអាជ្ញាប័ណ្ណសារព័ត៌មាន វីអូឌី គឺជាការអនុវត្តច្បាប់ស្ដីពីរបបសារព័ត៌មានតែប៉ុណ្ណោះ។ ក្រសួងការបរទេសកម្ពុជាសង្កត់ធ្ងន់ថា «ការអះអាងថា ជាសារព័ត៌មានសេរី និងឯករាជ្យ មិនមែនជាអាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយនិទ្ទណ្ឌភាពនោះទេ»។
ទោះជាយ៉ាងណាក្ដី ការលើកឡើងថា ការដកអាជ្ញាប័ណ្ណសារព័ត៌មាន វីអូឌី គឺជាការអនុវត្តច្បាប់ស្ដីពីរបបសារព័ត៌មាន ត្រូវបានគេមើលឃើញថា គ្រាន់តែជាការបកស្រាយបំភ្លៃច្បាប់តែប៉ុណ្ណោះ ព្រោះមាត្រា១០ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន មិនបានចែងឱ្យដកអាជ្ញាប័ណ្ណសារព័ត៌មាននោះឡើយ ដោយមាត្រានេះ គ្រាន់តែបង្គាប់ឱ្យសារព័ត៌មានកែតម្រូវអត្ថបទដែលនាំឱ្យប៉ះពាល់ដល់បុគ្គលសាធារណៈ ឬសងជាជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋប្បវេណីតែប៉ុណ្ណោះ។
ឆ្លើយតបនឹងការប្រកាសរបស់លោក ហ៊ុន សែន អ្នករាយការណ៍សារព័ត៌មាន វីអូឌី គឺលោក ម៉េង គ្រុយពន្លក ប្រាប់វិទ្យុអាស៊ីសេរីថា លោកនឹងមិនដាក់ពាក្យចូលធ្វើការងារក្របខណ្ឌរដ្ឋឡើយ ព្រោះលោកស្រលាញ់ការងារសារព័ត៌មានឯករាជ្យ ដែលអាចជួយដោះស្រាយបញ្ហាសង្គមជាតិពិតប្រាកដបាន។ លោកប្ដេជ្ញាចិត្តថា លោកនៅតែចង់បន្តអាជីពជាអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ តាមរយៈការងារនេះ លោកអាចជួយដល់ប្រជាពលរដ្ឋដែលរងនូវការរំលោភសិទ្ធិពួកគេ ដោយសារតែការអភិវឌ្ឍ ហើយលោកក៏អាចជួយលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាពដល់រដ្ឋាភិបាល តាមរយៈការពាំនាំនូវសំឡេងប្រជាពលរដ្ឋទាំងនោះ ឱ្យរដ្ឋាភិបាលបានដឹង។
លោក ម៉េង គ្រុយពន្លក៖ «សម្រាប់រដ្ឋាភិបាល គាត់មានអ្នកពូកែៗច្រើនណាស់ ប៉ុន្តែសម្រាប់អ្នកសារព័ត៌មានឯករាជ្យគឺនៅតិច។ ខ្ញុំសង្ឃឹមថាឆាប់ៗនេះ នឹងអាចនៅតែសរសេរព័ត៌មានដល់ពលរដ្ឋទូទៅ អាចទៅយកព័ត៌មាន អាចទៅយកសំឡេងពួកគាត់ឱ្យសាធារណៈជនបានដឹង»។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី មានប្រសាសន៍ថា ការបិទសារព័ត៌មាន វីអូឌី នឹងមិននាំឱ្យរដ្ឋាភិបាលចំណេញអ្វីនោះឡើយ ព្រោះថាសារព័ត៌មានឯករាជ្យ អាចជួយដល់រដ្ឋាភិបាល អាចធ្វើការអភិវឌ្ឍឱ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការពាំនាំសំឡេងសាធារណៈជន និងបញ្ហានៅតាមមូលដ្ឋាន ឱ្យថ្នាក់ដឹកនាំខាងលើបានដឹង។ លោកនៅតែទទូចសុំឱ្យរដ្ឋាភិបាល ផ្ដល់ឱកាសដល់សារព័ត៌មាន វីអូឌី អាចបន្តបេសកកម្មរបស់ខ្លួនឡើងវិញ។
លោក ណុប វី៖ «ការផ្ដល់ឱកាសដល់វីអូឌី វាគឺជារឿងសំខាន់ណាស់នៅក្នុងការជំរុញឱ្យមានលំហពហុភាព នៅក្នុងលំហប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជា នៅក្នុងការធានាឱ្យមានសេរីភាពបញ្ចេញមតិ ឱ្យមានភាពល្អប្រសើរឡើងវិញ អ៊ីចឹងអាហ្នឹងសំខាន់ណាស់ អ៊ីចឹងខ្ញុំនៅតែទទូចថាប្រមុខរដ្ឋាភិបាល លោកគួរតែពិនិត្យពិចារណាឡើងវិញ ហើយគួរតែសម្រេចឱ្យ វីអូឌី អាចបន្តដំណើរការរបស់ខ្លួនឱ្យបានបន្តទៀត»។
បើទោះបីជាមានការបកស្រាយពីសំណាក់រដ្ឋាភិបាល ដែលអះអាងថា ការបិទសារព័ត៌មាន វីអូឌី ធ្វើឡើងដោយស្របតាមច្បាប់យ៉ាងណាក្ដី ក៏សាធារណៈជន ស្ថាប័នជាតិ និងអន្តរជាតិ បានមើលឃើញយ៉ាងច្បាស់ពីចេតនាអាក្រក់ របស់លោក ហ៊ុន សែន។ បណ្ដាប្រទេសនាំមុខខាងលទ្ធិប្រជាធិបតេយ្យ និងអង្គការអន្តរជាតិ លើកឡើងថា ការបិទស្ថាប័នសារព័ត៌មានឯករាជ្យយ៉ាងតក់ក្រហល់បែបនេះ ធ្វើឡើងក្នុងគោលបំណងរឹតត្បិតសេរីភាពសារព័ត៌មាន ដែលតែងតែបង្ហាញពីចំណុចអវិជ្ជមាន និងអំពើពុករលួយ ក្រោមការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន ដែលអាចនឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជារបស់លោក បាត់បង់នូវការគាំទ្រនៅក្នុងការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។