ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​មក​ជួបជុំ​គ្រួសារ​វិញ ក្រោយ​រង​ការ​រំលោភ​បំពាន​ពី​ប្ដី​ជនជាតិ​ចិន

0:00 / 0:00

ជនរងគ្រោះ​នៃ​ការ​ជួញដូរ​ផ្លូវ​ភេទ នៅ​ប្រទេស​ចិន​បាន​វិលត្រឡប់​មក​ជួបជុំ​គ្រួសារ​របស់​នាង​វិញ​ហើយ បន្ទាប់ពី​នាង​បាន​ស៊ូទ្រាំ​នឹង​ការ​រំលោភបំពាន​ពី​សំណាក់​ជនជាតិ​ចិន​ពីរ​នាក់។ សង្គម​ស៊ីវិល​បញ្ជាក់​ថា សព្វថ្ងៃ​មាន​ស្ត្រី​ខ្មែរ​ច្រើន​នាក់​បាន​ចាញ់បោក​មេខ្យល់​យក​ទៅ​ប្រទេស​ចិន ក្រោម​រូបភាព​អាពាហ៍ពិពាហ៍ ប៉ុន្តែ​រដ្ឋាភិបាល​យឺត​យ៉ាង​ក្នុង​ការ​សង្គ្រោះ​ពួកគេ។

ក្មេង​ស្រី​ជំទង់​ជនជាតិ​ខ្មែរ​អាយុ ១៣​ឆ្នាំ បាន​វិលត្រឡប់​មក​ជួបជុំ​គ្រួសារ​របស់​នាង​វិញ​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​នាង​ត្រូវ​បាន​រំលោភបំពាន និង​ធ្វើ​ទុក្ខទោស​ពី​សំណាក់​ប្ដី​ពីរ​នាក់​របស់​នាង​អស់​រយ​:​ពេល​៨​ខែ។

សារព័ត៌មាន​ប្រចាំថ្ងៃ​របស់​ចិន South Morning Post បាន​ដកស្រង់​ព័ត៌មាន​ចិន​ក្នុងស្រុក បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា​ថា ក្មេង​ស្រី ជា​ជនរងគ្រោះ​រូបនេះ បាន​ភៀសខ្លួន​ចេញ​ពី​ផ្ទះ​របស់​បុរស​ទី២ នៅ​ក្នុង​ស្រុក យ៉ាងស៊ីន ខេត្ត​ហ៊ូប៉ី កាលពីដើម​ខែ​តុលា​ឆ្នាំនេះ ហើយ​បាន​អំពាវនាវ​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ឱ្យ​ជួយសង្គ្រោះ​នាង។

កាសែត​បន្ត​ថា បន្ទាប់​មក​នាង​ត្រូវ​បាន​ប៉ូលិស​ក្នុងស្រុក និង​មន្ត្រី​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​ប៉េកាំង បាន​ជួយ​នាង​ឱ្យ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ហើយ​បាន​ជួបជុំ​គ្រួសារ​របស់​នាង​កាលពី​សប្ដាហ៍​មុន។

ក្មេង​ស្រី​បាន​ប្រាប់​ប៉ូលិស​តាមរយៈ​អ្នកបកប្រែ​ថា មេខ្យល់​ម្នាក់​បាន​នាំ​នាង​ទៅ​ប្រទេស​ចិន​នៅ​ខែ​កុម្ភៈ ដោយ​សន្យា​ថា នាង​អាច​រៀបការ​ជាមួយ​បុរស​ល្អ​ម្នាក់ និង​បង្រៀន​ភាសា​ចិន​ដល់​នាង និង​ជួយ​នាង​រក​ការងារ​ធ្វើ ប៉ុន្តែ​នាង​ត្រូវ​ប្តី​នាង​ធ្វើបាប​វិញ។

ក្មេង​ស្រី​បាន​ឆ្លងកាត់​ព្រំដែន​ក្នុង​ប្រទេស​ចិន​ហើយ បាន​ទៅ​ដល់​ផ្ទះ​បុរស​ម្នាក់​នៅ​ក្នុង​ស្រុក​យ៉ាង​ស៊ីន ជា​កន្លែង​ដែល​នាង​បាន​ទទួល​រង​នូវ​ការ​រំលោភបំពាន​លើ​រាងកាយ និង​ពាក្យសំដី​រយៈពេល ៦​ខែ ពី​បុរស​នោះ និង​ក្រុម​គ្រួសារ​របស់​គាត់។

នាង​បាន​និយាយ​ថា នាង​បាន​ចាក​ចេញពី​បុរស​ទី​មួយ​នោះ ហើយ​បាន​ជួប​បុរស​ម្នាក់ទៀត​ជា​ប្តី​ទី​២​នៅ​ក្នុង​ស្រុក​តែមួយ តាមរយៈ​អ្នក​ដែល​នាង​បាន​ជួប​តាម​អ៊ីនធឺណិត ប៉ុន្តែ​នាង​ត្រូវ​បាន​គេ​រំលោភបំពាន​ម្ដង​ទៀត។

អនុប្រធាន​ផ្នែក​ស្ត្រី និង​កុមារ​នៃ​សមាគម​អាដហុក (Adhoc) អ្នកស្រី មាស សាអ៊ីម ធ្លាប់​បាន​ប្រាប់​អាស៊ីសេរី​ថា មាន​ស្ត្រី​ខ្មែរ​ជាច្រើន​នាក់​ត្រូវ​បាន​ចាញ់បោក​មេខ្យល់​ទៅ​រៀបការ​នៅ​ប្រទេស​ចិន ប៉ុន្តែ​រដ្ឋាភិបាល​មិន​មាន​ចំណាត់ការ​ក្នុង​ការ​សង្គ្រោះ​ស្ត្រី​ដែល​កំពុង​រងគ្រោះ​នៅ​ឡើយ​ទេ។

អ្នកស្រី​ថា ស្ត្រី​រងគ្រោះ​មួយ​ចំនួន​ត្រូវ​បាន​បាត់បង់​ព័ត៌មាន​ក្នុង​ការ​ទាក់ទង​នៅ​ក្នុង​ប្រទេស​ចិន បើ​ទោះ​បី​ដឹង​ទីតាំង​ស្នាក់នៅ​របស់​ជនរងគ្រោះ​ក៏ដោយ គឺ​មិន​អាច​សង្គ្រោះ​បាន​ទាន់​ពេល​នៅឡើយ​។​

​អ្នកស្រី​បញ្ជាក់​ថា មេខ្យល់​បាន​ប្រើ​ល្បិចកល​ច្រើន​នៅ​ក្នុង​ការ​នាំ​ស្រី្ត​ខ្មែរ​ទៅ​ប្រទេស​ចិន ដូចជា​តាម​ផ្លូវ​គោក​ជាដើម ហើយ​ច្រក​របៀង​មួយ​ចំនួន​មាន​អំពើពុករលួយ​កើតឡើង​ផង​ដែរ ទើប​ធ្វើ​ឱ្យ​មេខ្យល់​អាច​នាំ​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ចិន​បាន៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​មិនមែន​មិន​ដឹង​ទេ លោក​ដឹង ប៉ុន្តែ​បញ្ហា​ត្រង់​ថា ច្បាប់​នៅ​ស្រុក​ចិន និង​ច្បាប់​នៅ​ស្រុក​ខ្មែរ ការ​បកស្រាយ​របស់​គាត់​ផ្សេងគ្នា ហើយ​យន្តការ​ពិតប្រាកដ​នៅ​ក្នុង​ការ​ការពារ​ស្ត្រី​រងគ្រោះ​ដែល​ត្រូវ​បាន​គេ​ជួញដូរ​ពិតប្រាកដ​នៅ​ស្រុក​ចិន​នោះ គឺ​អត់​ត្រូវ​បាន​ដោះស្រាយ​ពេញលេញ​នៅឡើយ»។

អ្នកស្រី​បន្ត​ថា យន្តការ​របស់​កម្ពុជា​នៅ​មាន​កំរិត​ក្រោម​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ាន ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​មាន​កម្ពុជា ឡាវ និង​ភូមា គឺជា​ប្រទេស​ដែល​ងាយ​រងគ្រោះ​ជាងគេ​នៅ​ក្នុង​ការ​បញ្ជូន​ពលករ​ទៅ​ខាង​ក្រៅ​ប្រទេស៖ «រូបភាព​ពី​ខ្មែរ​ទៅ​គឺ​ឆបោក និង​ជួញដូរ ប៉ុន្តែ​ច្បាប់​មិន​គិត​ថា ជា​ការ​រៀប​អាពាហ៍ពិពាហ៍ នៅ​មាន​ស្ត្រី​ច្រើន​ដែល​កំពុង​រងគ្រោះ​ហើយ​កំពុង​បាត់​ដំណឹង​ទាក់ទង​អត់​បាន ព្រោះ​យើង​អត់​ដឹង​ច្បាស់ ហើយ​ជនរងគ្រោះ​មួយ​ភាគ​តូច​ដែល​យើង​នៅ​ទាក់ទង​បាន​នោះ ក៏​មិន​ទាន់​បាន​សង្គ្រោះ​ទាន់​ពេល​នៅ​ឡើយ»។

អ្នកស្រី មាស សាអ៊ីម បន្ត​ថា សព្វថ្ងៃ​មាន​ស្ត្រី​ខ្មែរ​ប្រមាណ ១០​នាក់ ជា​ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​ដែល​កំពុង​រងគ្រោះ​នៅ​ប្រទេស​ចិន ហើយ​មិន​ទាន់​មាន​ការ​សង្គ្រោះ​នៅ​ឡើយ។

របាយការណ៍​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំនេះ ប៉ូលិស​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ ២៦៣​នាក់ ពី​ការ​រំលោភ​ផ្លូវ​ភេទ ដែល​មាន​ការ​កើន​ឡើង ១៥០​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន។

របាយការណ៍​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ករណី​ទាំងនោះ​មាន​កុមារ​ចំនួន ៧០​នាក់​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ មាន​ជនរងគ្រោះ​ចំនួន ៣១​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ១៥ ទៅ ១៨​ឆ្នាំ៕