សមាគម អាដហុក បារម្ភពីគេហទំព័ររបស់ខ្លួនត្រូវបានក្រុមចោរបច្ចេកវិទ្យាចូលគ្រប់គ្រង
2018.07.19
គេហទំព័រសមាគមការពារសិទ្ធិមនុស្សជអាដហុក (Adhoc) ត្រូវបានក្រុមចោរបច្ចេកវិទ្យា ឬហេកគ័រ (Hacker) ចូលគ្រប់គ្រងនៅថ្ងៃព្រហស្បតិ៍ ទី១៩ កក្កដា។
សេចក្ដីថ្លែងការណ៍របស់សមាគម អាហុក សំដែងការសោកស្ដាយ និងព្រួយបារម្ភយ៉ាងខ្លាំង ដែលគេហទំព័ររបស់ខ្លួន www.adhoccambodia.org ត្រូវបានក្រុមចោរបច្ចេកវិទ្យា ឈ្មោះ “ TurkSiberKarargh” យកទៅគ្រប់គ្រង ដែលធ្វើឲ្យរំខាន និងរាំងស្ទះដល់ដំណើរការផ្សព្វផ្សាយព័ត៌មាននៅលើគេហទំព័ររបស់ខ្លួន។
សមាគមជ អាដហុក ប្រកាសមិនទទួលខុសត្រូវលើអត្ថបទ ឬខ្លឹមសារទាំងឡាយណា ដែលមិនឆ្លុះបញ្ចាំងពីទស្សនៈ និងសកម្មភាពរបស់សមាគម ចាប់ពីថ្ងៃទី១៩ កក្កដា នេះតទៅ។ គេហទំព័ររបស់សមាគម អាដហុក បង្កើតឡើងក្នុងគោលបំណង ដើម្បីធ្វើការអប់រំ ផ្សព្វផ្សាយ អំពីសកម្មភាព និងព័ត៌មាន ដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស ច្បាប់ និងលទ្ធិប្រជាធិបតេយ្យ ពិសេស ដើម្បីបង្ហាញពីសកម្មភាពនានារបស់សមាគម អាដហុក ដែលបានអនុវត្តកន្លងមក។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា សមាគម អាដហុក កំពុងជួសជុលឡើងវិញ ហើយនឹងប្រកាសជាសាធារណៈ នៅពេលដំណើរការជាធម្មតាឡើងវិញ។
ក្រុមហេកគ័រលួចគ្រប់គ្រងគេហទំព័រ អាដហុក នេះ នៅក្រោយពេល ក្រុមហ៊ុនឯកជនមួយនៅសហរដ្ឋអាមេរិកដែលនាំមុខគេក្នុងការងារតាមដានសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត ឈ្មោះ ហ្វាយអឺរ អាយ (FireEye) រកឃើញកាលពីពេលថ្មីៗ នេះថា ក្រុមចោរបច្ចេកវិទ្យា ឬហេកគ័រ អាចមានទំនាក់ទំនងនឹងរដ្ឋាភិបាលចិន បានប្រើបច្ចេកវិទ្យាលុកលុយស្ថាប័នជាច្រើនរបស់កម្ពុជា ដែលធ្វើការងារពាក់ព័ន្ធដំណើរការបោះឆ្នោត។
ក្រុមចោរបច្ចេកវិទ្យាមួយក្រុមឈ្មោះ ថិមផ៍ ភើរីស្កូប (TEMP.Periscope មានគោលដៅវាយប្រហារទៅលើស្ថាប័នរដ្ឋាភិបាល មន្ត្រីគណបក្សសង្គ្រោះជាតិ មន្ត្រីការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានដើម្បីស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលចិន៕